(កំពង់ធំ)៖ លោកឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត នៅរសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨នេះ អមដំណើរដោយ លោក អ៊ុត វណ្ណារ៉ា អភិបាលស្រុកប្រាសាទសំបូរ រួមជាមួយអាជ្ញាធរដែនដី ភូមិ-ឃុំ បានទៅប្រគល់ផ្ទះខ្នងទី៧៩ ដែលជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ជូនដល់អតីតយុទ្ធជនពិការអ្នកស្រី ស៊ិន នួន រស់នៅភូមិកូនក្អែក ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។
អ្នកស្រី ស៊ិន នួន អាយុ៥៨ឆ្នាំ ជាគ្រួសារអតីតយុទ្ធជនពលី ឈ្មោះ សេន សំអាត អតីតយោធា ក្នុងអង្គភាពយោធា ស្រុកប្រាសាទសំបូរ នៃយោធាខេត្តកំពង់ធំ កាត់រំសាយជំហានទី១ នៅឆ្នាំ២០០០ បានទទួលមរណភាពនៅឆ្នាំ២០០៣ ដោយរើមុខរបួស។ អ្នកស្រី ស៊ិន នួន មានកូនចំនួន២នាក់ កូន១នាក់ មានគ្រួសារ និងកូន១នាក់ទៀតនៅក្នុងបន្ទុក (មានឈ្មោះក្នុងបញ្ជីបោះឆ្នោតរួចហើយ)។
បច្ចុប្បន្នអ្នក ស៊ិន នួន មានជំងឺប្រចាំកាយ និងបានប្រកបមុខរបរត្បាញកន្ទេលរំចេកលក់ បន្តិចបន្តួចគ្រាន់បានប្រាក់ដោះស្រាយជីវភាពប្រចាំថ្ងៃ ក្រៅពីប្រាក់ដែលកូនបានឧបត្ថម្ភជូនគាត់។ ផ្ទះថ្មីនេះ (ខ្នងផ្ទះទី៧៩) មានទំហំ ៦ម៉ែត្រ គុណ៤ម៉ែត្រ សាងសង់អំពីឈើ ដំបូល និងជញ្ជាំង សង្ក័សី រនាប ក្តារ ដែលបានចំណាយថវិកា ក្នុងការសាងសង់អស់ទឹកប្រាក់ចំនួន៦,៧៥០,០០០រៀល (គិតទាំងថ្លៃឈ្នួលជាងផងដែរ)។
នៅក្នុងពិធីនេះលោកឧត្តមសេនីយ៍ទោ និងក្រុមការងារសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត ព្រមទាំងសហការី បាននាំយកនូវអំណោយសម្តេចតេជោ ប្រគល់ជូនដល់គាត់បន្ថែមទៀតរួមមាន៖ អង្ករ៥០ គីឡូក្រាម, មីយើង២កេស, ទឹកត្រីទឹកស៊ីអ៊ីវ២យួរ, ត្រីខកំប៉ុងមួយយួរ និងថវិកាចំនួន៣០០,០០០ រៀល។
អាជ្ញាធរដែនដី ប្រជាពលរដ្ឋ និងក្រុមគ្រួសារអ្នកស្រី ស៊ិន នួន មានក្តីសោមនស្សរីករាយយ៉ាងក្រៃលែង សូមគោរពជូនពរសម្តេចតេជោ
និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំង បុត្រា-បុត្រី ចៅប្រុស-ចៅស្រី សូមមានសុខភាពល្អ កម្លាំងខ្លាំងក្លា ប្រាជ្ញាវាងវៃ និងប្តេជ្ញាគាំទ្របេក្ខភាព សម្តេចតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្ត្រីគ្រប់ៗ អាណត្តិ៕