(សៀមរាប)៖ លោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងលោកស្រី នៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨នេះ បានអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់អាគារទីស្នាក់ការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកស្វាយលើ ខេត្តសៀមរាប ដោយមានការចូលរួមពី លោក លោកស្រី អនុប្រធានកិត្តិយស អនុប្រធាន សមាជិក សមាជិកា គណៈកម្មាធិការសាខាផងដែរ។
ថ្លែងក្នុងឱកាសនោះ លោក ឃឹម ប៊ុនសុង បានលើកឡើងថា អគារទីសា្នក់អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកស្វាយលើ ដ៏ថ្មីស្រឡាងនេះ គឺជាសមិទ្ធផលទី៨ហើយ ក្នុងអាណត្តិទី៤ នៃគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ដែលត្រូវបានដំណើរការ សាងសង់ចាប់តាំង ពីខែសីហា ឆ្នាំ២០១៧ និងរួចរាល់ជាស្ថាពរនៅ ខែកុម្ភៈ ឆ្នាំ២០១៨។
លោកបានបន្ដថា ដើម្បីចូលរួមអនុវត្តន៍យុទ្ធសាស្រ្តឆ្នាំ២០១១-២០២០ របស់កាកបាទក្រហមកម្ពុជា ដែលក្នុងនោះ បានកំណត់ទស្សនវិស័យ៖ រួមចំណែកពន្លឿន ការកាត់បន្ថយភាពក្រីក្រ ការពារ សេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ និងការពារតម្លៃមនុស្ស ធម៌របស់ជនរងគ្រោះ។
លោកបន្ថែមថា បច្ចុប្បន្ននេះសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានយកចិត្តទុកដាក់បំពេញបេសកម្មមនុស្សធម៌ ស្របតាមវិស័យ ស្នូលទាំង៤ ការគ្រប់គ្រងគ្រោះមហន្តរាយ -សុខភាព និងការថែទាំសុខភាពក្នុងសហគមន៍-លើកកម្ពស់គោល ការណ៍គ្រឹះ និងតម្លៃមនុស្សធម៌របស់ចលនា-ការអភិវឌ្ឍស្ថាប័ន និងអភិវឌ្ឍន៍ធនធានមនុស្ស។
បើតាមលោក ឃឹម ប៊ុនសុង អគារនេះត្រូវបានសាងសង់លើផ្ទៃដីទំហំ១,២៧៤ម៉ែត្រការ៉េ ដើម្បីប្រតិបត្តិការមនុស្សធម៌ជួយសង្គ្រោះ និងជួយសម្រាលទុក្ខលំបាក របស់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះស្របតាមបាវចនា «ធ្វើឲ្យកាន់ តែច្រើនជាងមុន ធ្វើឲ្យកាន់តែល្អ ជាងមុនធ្វើឲ្យកាន់តែស៊ីជម្រៅជាងមុន និងទៅឲ្យបាន កាន់តែឆ្ងាយជាងមុន»។
ជាមួយគ្នានេះដែរ សប្បុរសជនដែលអញ្ជើញមកចូលរួមក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ អនុសាខាកាកបាទក្រហមកម្ពុជាស្រុកស្វាយលើនេះ សប្បុរសជនបានចូលរួមថវិកា ៥,១០០,០០០រៀល និង៥,៣៣០ដុល្លារ ប្រគល់ជូនអនុសាខាស្រុកស្វាយលើ ដើម្បីចាត់ចែង និងទ្រទ្រង់សកម្មភាពមនុស្សធម៌ ក្នុងភូមិសាស្ត្ររបស់ខ្លួន។ ក្នុងពិធីនេះលោក ឃឹម ប៊ុនសុង បានឧបត្ថម្ភជូនដូនជី តាជី សំពត់ស១ដុំ ថវិកា២ម៉ឺនរៀល ប្រជាពលរដ្ឋ អ្នកស្ម័គ្រចិត្ត ទទួលបានសារុង១ ថវិកា១ម៉ឺនរៀល យុវជនកាកបាទក្រហម និងសិស្សនុសិស្ស ទទួលបានសៀវភៅ២ក្បាល ប៊ិក២ដើម និងថវិកា១ម៉ឺនរៀលផងដែរ៕