(ភ្នំពេញ)៖ ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (CSX) នៅថ្ងៃទី២១ ខែមិថុនានេះ បានចេញសេចក្តីប្រកាសព័ត៌មានមួយ ដោយបញ្ជាក់ថា ការជួញដូរមូលបត្រ (ភាគហ៊ុន) បានកើនឡើងដល់ចំណុចខ្ពស់បំផុតនៃឆ្នាំនេះ ដោយសារការប្រើប្រាស់បញ្ជាទីផ្សារ។
CSX បានបញ្ជាក់ថា យោងតាមទិន្នន័យជួញដូរក្នុងរយៈពេល៥ថ្ងៃចុងក្រោយនេះ ផ្សារមូលបត្រកម្ពុជា បានសង្កេតឃើញថាទំហំជួញដូរបានកើនឡើង គួរឲ្យកត់សម្គាល់ ដែលមានបរិមាណសរុបជិត ៣០០,០០០ ភាគហ៊ុន។
ចាប់ផ្តើមពីថ្ងៃពុធ ទី១៣ ខែមិថុនា ភាគហ៊ុនដែលត្រូវបានជួញដូរមានចំនួន ២៤,៧១៣ភាគហ៊ុន រួចកើនឡើងដល់ ៤៧,៩៧៦ ភាគហ៊ុន បន្ទាប់មកធ្លាក់ចុះបន្តិចមកត្រឹម ៤៤,៣៤៦ ភាគហ៊ុន នៅថ្ងៃសុក្រ។
សម្រាប់ថ្ងៃជួញដូរដំបូងនៃសប្តាហ៍បន្ទាប់ ការជួញដូរបន្តកើនឡើងដល់ ៦៤,៦៦៦ភាគហ៊ុន មុនពេលលោតឡើងដល់ចំនួន ១៣១,២៧៩ ភាគហ៊ុន នៅថ្ងៃបន្ទាប់ បើប្រៀបធៀបនឹងទំហំជួញដូរ ជាមធ្យមប្រចាំថ្ងៃដែលមានចំនួន ៧,៨៤៥ភាគហ៊ុន គិតចាប់ពីដើមឆ្នាំ២០១៨។
យោងតាមរបាយការណ៍ផ្ទៃក្នុង ការជួញដូរមួយភាគធំកើតឡើង ដោយការប្រើប្រាស់មុខងារបញ្ជាទីផ្សារ ដែលជាប្រភេទបញ្ជា អនុញ្ញាតឲ្យវិនិយោគិនជួញដូរភាគហ៊ុននៅថ្លៃល្អបំផុតដែលមានក្នុងទីផ្សារ។ ទិន្នន័យនេះបានឆ្លុះបញ្ចាំង អំពីសន្ទនីយភាព នៃការជួញដូរភាគហ៊ុននៅ CSX មានន័យថា វិនិយោគិនអាចបម្លែងភាគហ៊ុន ដែលពួកគេកំពុងតែកាន់កាប់ ទៅជាសាច់ប្រាក់បានកាន់តែឆាប់រហ័ស ទៅតាមតម្រូវការ។
សូមរំលឹកផងដែរថាបញ្ជាទីផ្សារ ត្រូវបានដាក់ឲ្យអនុវត្តជាផ្លូវការនៅថ្ងៃទី ០៩ ខែមករា ឆ្នាំ២០១៨ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់វិនិយោគិន ដែលមានបំណងទិញ/លក់ មូលបត្រភ្លាមៗតាមថ្លៃទីផ្សារ។ បញ្ជាទីផ្សារមិនត្រឹមតែមាន អត្ថប្រយោជន៍ចំពោះអ្នកលក់ ដែលចង់លក់ភាគហ៊ុនភ្លាមៗនៅក្នុងទីផ្សារប៉ុណ្ណោះទេ ប៉ុន្តែក៏អាចជួយឲ្យអ្នកទិញអាចទិញភាគហ៊ុនបានភ្លាមៗនៅថ្លៃល្អបំផុតផងដែរ៕