(ភ្នំពេញ)៖ Visa ដែលជាក្រុមហ៊ុន​បច្ចេកវិទ្យាទូទាត់សាច់ប្រាក់ តាមប្រព័ន្ធអេឡិត្រូនិចអន្តរជាតិធំបំផុតមួយ លើ​ពិភពលោក បានប្រកាសថា កាប្រើប្រាស់សេវាកម្មទូទាត់សាច់ប្រាក់ តាមប្រព័ន្ធអេឡិចត្រូនិក (Visa) នៅក្នុងប្រទេសកម្ពុជា កំពុងកើនឡើងយ៉ាងរហ័ស។

អ្នកស្រី ជុំ ម៉ូនីកា នាយិការ គ្រប់គ្រងក្រុមហ៊ុន Visa​ ប្រចាំប្រទេស​កម្ពុជា បានអះអាងថា ​ការប្រើប្រាស់ Visa នៅក្នុង​ប្រទេស​នេះ បានកើនឡើង៦៥ភាគរយ ធៀបនឹង​ឆ្នាំមុន។ Visa ក៏បានមើលឃើញដែរថា ​បរិមាណទូទាត់សរុប និង​តម្លៃសរុប នៃប្រតិបត្តិការនៅលើបណ្តាញ របស់ខ្លួនកើនឡើង៣០ភាគរយ រៀងៗខ្លួន ខណៈដែលក្រុមហ៊ុន បានបង្កើតចំនួនទីតាំង ដែលទទួលការទូទាត់ចំណាយដោយកាតរបស់ខ្លួន បាន២០​ភាគរយ។

អ្នកស្រី ជុំ ម៉ូនីកា បានថ្លែងបែបនេះ នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ នៅក្នុងឱកាសក្រុមហ៊ុន VISA បានរៀបចំសិក្ខាសាលាស្តីពី «មូលដ្ឋានគ្រឹះ នៃការទូទាត់សាច់ប្រាក់តាមរយៈឌីជីថល» នៅសណ្ឋាគារ សូហ្វីតែល ភូគាត្រា រាជធានីភ្នំពេញ។

អ្នកស្រីបានថ្លែងយ៉ាងដូច្នេះថា៖ «វាជាហេតុផលច្រើនណាស់សម្រាប់សុទិដ្ឋិនិយម លើសេដ្ឋកិច្ចកម្ពុជា​។ ជាចម្បងយើងឃើញថា GDP ជាតិបានកើនឡើង៧ភាគរយ កាលពីឆ្នាំមុន ខណៈដែលតួលេខ​ពីបណ្តាញរបស់យើងចង្អុលបង្ហាញយ៉ាងច្បាស់ពីកំណើន នៃសកម្មភាពសេដ្ឋកិច្ច។ ខណៈសេដ្ឋកិច្ច នៃកម្ពុជាបន្តវិវត្តន៍ និង​ធ្វើសមាហរណ៍កម្ម ជាមួយសេដ្ឋកិច្ចពិភពលោកយើងរំពឹងថា និង​មានការកើនឡើង​នៅការទូទាត់សាច់ប្រាក់ តាមរយៈអេឡិចត្រូនិច ខណៈពេលដែលអតិថិជន និងអាជីវកម្មកាន់តែច្រើនកំពុង​ស្វែងរកអត្តប្រយោជន៍ពីភាពឆាប់រហ័ស ភាពងាយស្រួស និង​សុវត្ថិភាពជាងសាច់ប្រាក់»។

ក្នុងរយៈពេល១២ខែចុងក្រោយនេះ វីសា បានអនុវត្តនូវគំនិតផ្តូចផ្តើម ជាច្រើនដើម្បីជួយពង្រីកការប្រើប្រាស់ការទូទាត់សាច់ប្រាក់តាមរយៈ អេឡិចត្រូនិច ក្នុង​ប្រទេស​កម្ពុជា ដែលរួមមានការសហការជាមួយគ្រឹះស្ថានអង្គរ ​ដើម្បីអនុញ្ញាត ឱ្យប្រើប្រាស់វីសាកាត ក្នុ​ងការទិញប័ណ្ណសម្រាប់ចូលទស្សនានៅ រមណីដ្ឋានប្រាសាទអង្គរវត្ត ផងដែរ។

អ្នកស្រី ជុំ ម៉ូនីកា បានលើកឡើងទៀតថា «នៅឆ្នាំ២០១៦ ប្រទេស​កម្ពុជាបាទទួលភ្ញៀវទេសចរជាង៥លាននាក់ ដែលកើនឡើងជិត២ដង នៃចំនួនភ្ញៀវទេសចរ កាលពី៥ឆ្នាំមុន។ ដូច្នេះយើងយល់ថា វាមានសារៈសំខាន់ណាស់ដែលយើង ដើរតួយ៉ាងសំខាន់ក្នុង​ការជួយពង្រឹង ហេដ្ឋារចនាសម្ព័ន្ធការទូទាត់ប្រាក់របស់ប្រទេស​កម្ពុជា ដើម្បី​ឱ្យប្រជាជនមកពីជុំវិញពិភពលោក អាចទូទាត់ប្រាក់ប្រកបដោយប្រសិទ្ធភាព និងមានសុវត្ថិភាព នៅរមណីដ្ឋានប្រសាទអង្គរ ក៏ដូចជានៅតំបន់ទេសចរណ៍សំខាន់ៗ ជាច្រើនទៀតនៅកម្ពុជា»

ជាផ្នែកមួយ នៃផែនការរបស់ខ្លួន ក្នុង​ការបង្កើនល្បឿនផែនទីបង្ហាញផ្លូវ នៃការទូទាត់តាមរយៈឌីជីថល សម្រាប់ប្រទេស​កម្ពុជា វីសា កំពុងកំណត់តាមគោលដៅ​ ដើម្បីធ្វើឱ្យ​ផលិត​ផលរបស់ខ្លួនកាន់តែ មានភាពច្នៃប្រឌិតបន្ថែមទៀត ដូចជាការទូទាត់សាច់ប្រាក់តាមរយៈ ការស្កេនកូដ QR និង​ការបង់ប្រាក់តាមប្រព័ន្ធ Contactles ក្នុង​ឆ្នាំនេះ ដើម្បីបម្រើរ​អតិថិជនឱ្យកាន់តែប្រសើរឡើង។ ការទូទាត់សាច់ប្រាក់តាម QR កូដ អតិថិជន អាចប្រើប្រាស់ស្មាតហ្វូនរបស់ខ្លួន ដើម្បីស្កេនកូដ​ QR ហើយ​ប្រាក់ត្រូវបានផ្ញើពីគណនីធនាគារ របស់អតិថិជនទៅអ្នកលក់ ខណៈដែលការទូទាត់តាមប្រព័ន្ធ Contactless Payment អតិថិជនគ្រាន់តែដាក់កាតប៉ះម៉ាស៊ីនទូទាត់ប្រាក់កន្លែង​លក់ទំនិញប៉ុណ្ណោះ ដើម្បីធ្វើប្រតិបត្តិការទូទាត់ប្រាក់។

អ្នកស្រីបានបន្ថែមថា «​ដោយ​សម្លឹងឆ្ពោះទៅមុខ យើងនឹង​ផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំងលើ ការព្យាយាមពង្រីកបណ្តាពាណិជ្ជករ និង​ពង្រីកបណ្តាការប្រើប្រាស់ ការទូទាត់តាមរយៈអេឡិចត្រូនិច ​ទោះបីវាត្រូវប្រើប្រាស់សម្រាប់ទិញ ទំនិញធំៗ ដូចជាគ្រឿងសង្ហារឹមថ្មី យានជំនិះ ឬសម្រាប់ការចំណាយប្រចាំថ្ងៃ ដូចជាការចាក់ប្រេងឥន្ធនៈ ឬទិញគ្រឿងទេស​។ គោលដៅរបស់យើង ពិតជាការធ្វើឱ្យការទូទាត់មានភាពសាមញ្ញ សុវត្ថិភាព និងងាយស្រួលជាងមុន សម្រាប់អតិថិជននៅទីនេះ ដូច្នេះពួកគាត់អាចទទួលបានអត្ថប្រយោជន៍ ពីការរីកចម្រើនលូតលាស់ នៃសេដ្ឋកិច្ចមួយនេះ»៕