(កណ្ដាល)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨នេះ បានអញ្ជើញសម្ពោធសមិទ្ធផលនានា នៅបញ្ជាការដ្ឋានអង្គរក្ស ស្ថិតក្នុងក្រុងតាខ្មៅ ខេត្តកណ្ដាល ដែលមានតម្លៃជាង៤លានដុល្លារ។

សមិទ្ធផលនានា ដែលត្រូវបានសម្ពោធឲ្យប្រើប្រាស់នាពេលនេះ រួមមាន អគារបញ្ជាការដ្ឋានអង្គរក្ស, អគារការិយាល័យទទួលភ្ញៀវ, សម្រាប់​ការស្នាក់នៅ បំពេញការងារ​របស់នាយទាហាន ពលទាហាន និងមធ្យោបាយ សម្ភារផ្សេងៗជាច្រើនទៀត ដែលបានមកពីការ​​ឧបត្ថម្ភរបស់សប្បុរសជននានា​ទាំងក្នុង និងក្រៅប្រទេស សម្រាប់បំពេញបេសកកម្មការពាជាតិ ការពារប្រមុខដឹកនាំ សុខសន្តិភាព នៅក្នុងសង្គម។

ទីតាំងអគារទីបញ្ជាការដ្ឋានអង្គរក្សនេះ អតីតជាតំបន់បឹង​ដែលប្រឈមនឹងការបាក់ស្រុត ដូច្នេះហើយក្នុងឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន ​និងសម្តេចកិត្តិ​ព្រឹទ្ធបណ្ឌិត ​ប៊ុន​​ រ៉ានី ហ៊ុន សែន បានអនុញ្ញាតឲ្យធ្វើការសាងសង់ទីតាំងនេះឡើងវិញ ដើម្បីបំពេញតម្រូវការតាមសំណូមពររបស់​កងកម្លាំង នៅក្នុងបញ្ជាការដ្ឋានអង្គរក្ស​ ដើម្បីទទួលបានអគារស្នាក់នៅ និងការិយាល័យធ្វើការបានល្អប្រសើរ​ ព្រមទាំងមានសម្ភារយោធាគ្រប់គ្រាន់ ក្នុងការបំពេញបេសកកម្មការពារជាតិមាតុភូមិ។

ក្រោយពីបានអញ្ជើញកាត់ខ្សែបូរ សម្ពោធដាក់ឲ្យប្រើប្រាស់នូវសមិទ្ធផលនានា នៅបញ្ជាការដ្ឋានអង្គរក្សរួចហើយ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញជួបសំណេះសំណាល សួ​រសុខទុក្ខជាមួយ​ប្រជាពលរដ្ឋដែលជាសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ប្រមាណ៣,១៦៧នាក់ផងដែរ។

ថ្លែងក្នុងឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន ​បានបញ្ជាក់ថា បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា បានខិតខំលើការធ្វើការកំណែទម្រង់នៃបញ្ហាសំខាន់ជាច្រើន ដើម្បីឲ្យការរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា​កាន់តែសុខស្រួល និងមានជីវភាពល្អប្រសើរ ដូចជាថ្មីៗនេះ ដែលរាជរដ្ឋាភិបាលបានធ្វើការដំឡើងប្រាក់ខែ ដល់មន្ត្រីរាជការជាបន្តបន្ទាប់។ ចាប់ពីឆ្នាំ២០១៩ទៅ ប្រាក់ខែមន្ត្រីរាជការមិនតិចជាង១លានរៀលនោះទេ។

ស្របពេលជាមួយគ្នានេះ រដ្ឋាភិបាលក៏បានខិតខំធ្វើការកំណែទម្រង់ទាំ ថ្នាក់ក្រោម និងថ្នាក់លើ ទាក់ទងទៅនឹងបញ្ហាសំខាន់ៗមួយចំនួនទៀត ដូចជា ប្រព័ន្ធហិញ្ញវត្ថុ, កំណែទម្រង់សេវាសាធារណៈ និងកំណែទម្រង់លើវិស័យផ្សេងៗជាច្រើនទៀត។​ សម្ដេចតេជោ បានសង្កត់ធ្ងន់ចំពោះ សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាទាំងអស់ ត្រូវកចិត្តទុកដាក់បម្រើប្រជាពលរដ្ឋឲ្យបានល្អ ត្រូវដោះស្រាយបញ្ហាប្រឈមនានា ដែលកើតមានឲ្យបានលឿន និងមានប្រសិទ្ធភាព។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាទាំងអស់ ដែលកន្លងមកតែងតែគោរព ស្រលាញ់ ចំពោះសម្តេចផ្ទាល់ និងតែងតែបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ជាបន្តបន្ទាប់រហូតមក។ សម្តេច​ក៏បានជូនពរដល់សមាជិក សមាជិការទាំងអស់ ឱ្យជួបតែសេចក្តីសុខសេចក្តី សេចក្តីចម្រើនគ្រប់ៗគ្នា ហើយដើម្បីធានានូវសន្តិភាព និងនិរន្តរភាពនៃការអភិវឌ្ឍន៍ សូម​បន្តបោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី​២០ នៅថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨​ខាងមុខនេះ៕​