(តាកែវ)៖ ក្រោយពីមានបាតុភាព ករណីស្ត្រីសម្រាលកូនមកទទួលសេវានៅមណ្ឌលសុខភាពជីខ្មា នៅខេត្តតាកែវ មិនបានជួបពេទ្យប្រចាំការ ដែលបានផ្សព្វផ្សាយតាមសារព័ត៌មាន និងចែកចាយបន្តតាមបណ្តាញប្រព័ន្ធព័ត៌មានសង្គមកន្លងមកថ្មីៗនេះ ក្រុមការងារមន្ទីរសុខាភិបាលខេត្តតាកែវ សហការជាមួយក្រុមការិយាល័យស្រុកប្រតិបត្តិស្រុកកោះអណ្តែត ក្រោមការណែនាំរបស់លោកបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានចុះទៅកាន់មណ្ឌលសុខភាពមួយនេះ ដើម្បីស្រាវជ្រាវ និងស្វែងរកការពិតរាល់ព័ត៌មាន ដែលធ្វើឲ្យប៉ះពាល់ដល់វិស័យសុខាភិបាល។
តាមរយៈរបាយការណ៍របស់ លោកវេជ្ជបណ្ឌិត នុត ស៊ីណាត ប្រធានមន្ទីរសុខាភិបាលខេត្តតាកែវ បានឲ្យដឹងថា ព័ត៌មានដែលថា ស្រ្តីមានផ្ទះពោះ មកសម្រាលកូន ជួបតែមណ្ឌលសុខភាព មិនជួបពេទ្យ គឺជាព័ត៌មានខុសពីការពិត ដោយសារនៅមណ្ឌលសុខភាពនេះ គឺមានអ្នកប្រចាំការ២៤ម៉ោង លើ២៤ម៉ោង រាល់ថ្ងៃធ្វើការ ថ្ងៃបុណ្យជាតិ និងថ្ងៃឈប់សម្រាក ដោយពេទ្យឆ្មបយកចិត្តទុកដាក់ពិនិត្យ និងតាមដានស្រ្តីនេះផ្ទាល់ឃើញថា ស្ត្រីនេះមានសញ្ញាគ្រោះថ្នាក់ ដូច្នេះពេទ្យឆ្មបក៏បាន ធ្វើលិខិតបញ្ជូនស្រ្តីរូបនេះ ឲ្យទៅសម្រាលនៅមន្ទីរពេទ្យបង្អែកគិរីវង់ ទាន់ពេលវេលា។
ប្រធានមន្ទីរសុខាភិបាល ខេត្តតាកែវ បានឲ្យដឹងទៀតថា ចំពោះព័ត៌មានដែលថា ប្រធានមណ្ឌលសុខភាពជីខ្មាមានសម្តីអសុរស គ្រាន់តែជាព័ត៌មានបំផ្លើសប៉ុណ្ណោះ ការពិតស្រ្តីមានផ្ទៃពោះត្រូវសម្រាលកូន គាត់មិនបានជួបជាមួយប្រធានមណ្ឌលសុខភាពនោះទេ គាត់ត្រូវជួប និងពិនិត្យដោយពេទ្យឆ្មបមណ្ឌលសុខភាព។
លោកវេជ្ជបណ្ឌិត នុត ស៊ីណាត បានបន្តថា ចំពោះព័ត៌មានដែលថា លោកមេឃុំទទួលស្គាល់ថា ការដែលស្ត្រីមានផ្ទៃពោះមកសម្រាល មិនបានជួបពេទ្យ ក្រុមការងារបានជួបជាមួយមេឃុំផ្ទាល់ គាត់បានបញ្ជាក់ថា វាជាព័ត៌មានលាបពណ៌ធ្វើឲ្យរួបលោក និងមន្ទីរពេទ្យនៅមណ្ឌលសុខភាពជីខ្មា មើលមុខគ្នាមិនត្រង់ និងឈានទៅបែកបាក់សាមគ្គីរវាងអាជ្ញាធរដែនដី និងវិស័យជំនាញ ដែលសព្វថ្ងៃមានការសហការគ្នាយ៉ាងល្អ ក្នុងការបម្រើប្រជាពលរដ្ឋក្នុងមូលដ្ឋាន៕