(ភ្នំពេញ)៖ អគារខុនដូដ៏ទំនើប SKY TREE ដែលមានកម្ពស់រហូត ដល់ជាង១០០ម៉ែត្រ ក្រោមការវិនិយោគ រួមគ្នាជាមួយក្រុមហ៊ុន UP KEEN VENTURES LIMITED និងក្រុមហ៊ុន J&L PROPERTY DEVELOPMENTបានបញ្ចប់ការឡើងគ្រោងអគារ ដល់ជានទី៣២ហើយ នាព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨នេះ ជាមួយនឹងរចនាបែបធម្មជាតិ និងទេសភាពដ៏ស្រស់ត្រកាល នៅកណ្ដាលរាជធានីភ្នំពេញ។
អគារខុនដូដ៏ទំនើប និងរៀបចំបទដ្ឋាន រស់នៅដូចទៅនឹងប្រទេសសិង្ហបុរីនេះ មានទីតាំងស្ថិតតាមបណ្តោយផ្លូវលេខ ១០៥ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ, មានផ្ទៃដីសរុបទំហំ ៨២៤៨.៩៣ ម៉ែត្រការរ៉េ ដែលមានចំនួន៣អាគារ នឹងមានកំពស់៣២ជាន់ រួមមានបន្ទប់សរុបចំនួន១,១០៤យូនីតបន្ទប់ ដែលមានប្រភេទបន្ទប់គេង ១, ២ និងបន្ទប់គេង៣។
ក្នុងពិធីបញ្ចប់គ្រោងអគារ គម្រោង SKY TREE នេះ មានការអញ្ជើញចូលរួមពី លោក វូ ឈីង លាង ដែលជាអគ្គនាយក J & L Group, លោក វូ ចិន ជាCEO J & L Group, លោក HENRY ដែលជាភាទុនិក សញ្ជាតិអូស្រ្តាលីដែលជាអ្នកតំណាងនៃក្រុមហ៊ុន UP KEEN VENTURES LIMITED ព្រមទាំងភ្ញៀវកិត្តិយសជាច្រើននាក់ទៀត។
លោក វូ ឈីង លាង ដែលជាអគ្គនាយក J & L Group បានថ្លែងថា អគារខុនដូដ៏ទំនើប SKY TREE មិនត្រឹមតែមានទីតាំង សម្រាប់ការរស់នៅយ៉ាងល្អឥតខ្ចោះនោះទេ តែវាជាទីតាំងសហគមន៍ដ៏រស់រវើក ដែលមានអ្នកជិតខាង និងមិត្តភក្តិល្អៗ ហើយវប្បធម៌ និងសកម្មភាពរួមគ្នា នឹងកើតមានឡើងក្នុងបរិយាកាសសាមញ្ញ។
លោក វូ ឈីង លាង បានបន្ថែមទៀតថា ពិសេសគឺមានសន្តិសុខ២៤ម៉ោង និងមានកាតសម្រាប់ប្រើ ក្នុងការចេញចូល សម្រាប់អ្នកស្នាក់នៅក្នុងអគារ។ ភាពស៊ីវិល័យ ប្រកបដោយផាសុកភាព ជារឿងដ៏សំខាន់ ដែលអ្នករស់នៅក្នុងខុនដូ នឹងត្រូវទទួលបានពីស្កាយទ្រី។
ខុនដូ Sky Tree នេះ ក្រៅពីកន្លែងស្នាក់នៅ ក៏មានផងដែរ អគារការិយាល័យ បណ្ណាល័យ មន្ទីរពេទ្យផ្សារទំនើប កន្លែងហែលទឹក កន្លែងហាត់កីឡា ស្ទឹមស្ប៉ា កន្លែងរង់ចាំ សួនច្បារក្នុង និងចំណតសាធារណៈ ដែលអាចផ្ទុករថយន្ត រហូតដល់៧០០ចំណត កន្លែងចតឧត្ថម្ភាគចក្រ ស្កាយបារ និងទីតាំងផ្សេងៗទៀត ដែលពោរពេញដោយភាពស្រស់ស្អាត ងាយស្រួលរស់នៅប្រកបដោយ ផាកសុខភាព។
ការរស់នៅប្រណិត នៅក្នុងខុនដូដ៏ស្រស់ស្អាត គឺជាជីវិតដ៏ស្រស់បំព្រង ពិសេសស្កាយទ្រី ខុនដូមាន៣អគារផ្សេងៗគ្នា ដែលមានបន្ទប់ជាច្រើន សម្រាប់លោកអ្នកធ្វើការជ្រើសរើស ហើយក៏មានគ្រប់ទំហំដែរ ដោយរាល់បន្ទប់នីមួយៗនៃខុនដូ មានបង្កប់នូវប្រព័ន្ធការពារអគ្គិភ័យ មានវេរ៉ង់ដាទូលាយ និងអាចមើលឃើញទេសភាពដ៏ស្រស់ស្អាត នៃទីក្រុងភ្នំពេញនិងទេសភាពទន្លេមេគង្គ៕