(ត្បូងឃ្មុំ)៖ ក្រោយពីមន្ត្រីកាំកុងត្រូលខេត្តត្បូងឃ្មុំ តែងចុះជាប់ជាប្រចាំដូចភ្លៀងរលឹម ក្នុងការត្រួតពិនិត្យនូវគុណភាពទំនិញ និងពន្យល់ណែនាំ អាជីវករលក់ដូរ នៅតាមផ្សារ និងតាមផ្ទះលក់ដូរជុំវិញខេត្តត្បូងឃ្មុំនោះ អាជីវករលក់ដូរ មានការយល់ដឹងកាន់តែច្រើន ក្នុងការជ្រើសរើសទំនិញ ការរក្សារទុក និងលក់ដូរទំនិញដែលមានគុណភាព ជូនអតិថិជនរបស់ខ្លួន។

ជាក់ស្តែងនៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨នេះ លោក ល៉ិក វុត្ថា ប្រធានទីផ្សារសាខាកាំកុងត្រូលខេត្តត្បូងឃ្មុំ ដឹកនាំមន្ត្រីកាំកុងត្រូលខេត្ត បន្តចុះត្រួតពិនិត្យគុណភាពទំនិញ ផ្សព្វផ្សាយអំពី ការជ្រើសរើស និងរក្សាសុវត្ថិភាពម្ហូបអាហារដល់ប្រជាពលរដ្ឋ និងអាជីវករលក់ដូរនៅផ្សារចុងជាច ក្នុងស្រុកតំបែរ និងផ្សារស្ទឹង ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

លោក ល៉ិក វុត្ថា បានថ្លែងថា ដើម្បីធានាសុវត្ថិភាពចំណីអាហារ និងធានាសុខភាពជូនប្រជាពលរដ្ឋ ដែលជាអ្នកទទួលទាននោះ ពិសេសលោក មាស មោរ៉ា ប្រធានសាខាកាំកុង ត្រូលខេត្តត្បូងឃ្មុំ រួមទាំងមន្ត្រីកាំកុងត្រូលខេត្ត និងសមត្ថកិច្ចពាក់ព័ន្ធ តែងតែចុះត្រួតពិនិត្យជាប់ជាប្រចាំ ដោយឡែកនៅថ្ងៃនេះ បានបន្តចុះត្រួតពិនិត្យគុណភាពទំនិញ ក្នុងគោលបំណងចំបង គឺចង់ឲ្យប្រជាពលរដ្ឋបរិភោគអាហារប្រកបទៅដោយគុណភាពល្អ លើសពីនេះ បង្កើនការយល់ដឹងដល់អាជីវករ និងប្រជាពលរដ្ឋ នៅរបៀបជ្រើសរើសម្ហូបអាហារណាដែលមានសុវត្ថិភាពយកមកលក់ រក្សាទុក និងទទួលទានផងដែរ។

លោក ល៉ិក វុត្ថា បានបន្តថា បន្ទាប់ពីបានពិនិត្យទំនិញជាផលិតផលម្ហូបអាហារ ដាក់លក់នៅតាមម៉ាត នៅក្នុងផ្សារ និងតាមផ្ទះនៅជុំវិញផ្សារចុងជាច ក្នុងស្រុកតំបែរ និងផ្សារស្ទឹង ក្នុងស្រុកពញាក្រែករួចមក ជាលទ្ធផលពុំបានប្រទះឃើញ ទំនិញដែលខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់នោះឡើយ។

លោកប្រធានទីផ្សារ បញ្ជាក់ថា លទ្ធផលល្អបែបនេះបានបង្ហាញឲ្យឃើញថា បន្ទាប់ពីមន្ត្រីកាំកុងត្រូលតែងចុះពិនិត្យ និងណែនាំជាប្រចាំកន្លងមក ធ្វើឲ្យអាជីវករលក់ដូរយល់ដឹងច្រើន ការជ្រើសរើសទំនិញមកលក់ និងការថែរក្សាទំនិញ ដើម្បីធានានូវគុណភាពទំនិញជូនអតិថិជនរបស់ខ្លួន ៕