(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ បានជំរុញឱ្យយោធិនទាំងអស់ត្រូវចូលរួមការពារ តម្លៃសន្តិភាព ស្ថិរភាពនយោបាយ ដើម្បីការអភិវឌ្ឍន៍នៅកម្ពុជា និងចូមរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ ដែលធ្វើឡើងនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ។
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានថ្លែងបែបនេះ នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨នេះ ក្នុងឱកាសនាយឧត្តមសេនីយ៍ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គហ្វឹកហ្វឺនជំនាញកុម្មង់ដូ ជំនាន់ទី៤ វគ្គហ្វឹកហ្វឺនជំនាញទប់ស្កាត់បាតុកម្ម និងកុប្បកម្ម វគ្គហ្វឹកហ្វឺនជំនាញឆត្របញ្ជា ជំនាន់ទី៣ និងវគ្គហ្វឹកហ្វឺនជំនាញបើក-ជួសជុលអូប័រ របៀបសង្គ្រោះជំនាន់ទី៣ នៅទីបញ្ជាការកងទ័ពពិសេសឆត្រយោង៩១១ រាជធានីភ្នំពេញ។
ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ ក៏បានផ្តាំផ្ញើឱ្យយោធិនទាំងអស់ត្រូវស្មោះត្រង់ជាមួយរាជរដ្ឋាភិបាល ការពាររាជរដ្ឋាភិបាល និងត្រូវបំពេញកាតព្វកិច្ចក្នុងនាមជាប្រជាពលរដ្ឋល្អម្នាក់ទៅបោះឆ្នោត នៅថ្ងៃទី២៩ ខែកក្កដាឆ្នាំ២០១៨ ខាងមុខនេះ ដើម្បីរក្សាសុខសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍប្រទេសជាតិ ហើយប្រឆាំងដាច់ខាត រាល់ឧបាយកល ជនណាដែលមានបំណងចង់បំផ្លិចបំផ្លាញសុខសន្តិភាពរបស់ប្រទេសជាតិ៕