(មណ្ឌលគិរី)៖ នាយឧត្តមសេនីយ៍ ប៉ែន វិបុល អគ្គស្នងការរង និងជាតំណាងនាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨នេះ បានបន្ដអញ្ជើញប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង បំពាក់ឋានន្ដរស័ក្ដិ ដល់មន្ដ្រីនគរបាលជាតិ ចំនួន៥០នាក់ ចំណុះអធិការដ្ឋានក្រុងសែនមនោរម្យ ស្រុកអូររាំង និងស្រុកពេជ្រាដា នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី។
ក្រៅពីការប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្ដរស័ក្ដិហើយនោះ ក៏មានការប្រគល់មេដាយការងារផងដែរ ដោយមេដាយមាស, មេដាយប្រាក់, មេដាយសំរិទ្ធ និងប័ណ្ណសរសើរផងដែរ។
ថ្លែងក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ ប៉ែន វិបុល ក៏បានក្រើនរំលឹកដល់កម្លាំងនគរបាលក្រោមបង្គាប់ទាំងអស់ ត្រូវមានការប្រុងប្រយ័ត្ន ហើយជៀសឲ្យផុត ពីការដាក់វិន័យរបស់ថ្នាក់លើ ដែលកម្លាំងនគរបាលធ្វើកិច្ចការងារ ជាមួយប្រជាពលរដ្ឋប្រព្រឹត្តកំហុសឆ្គង ហើយមានការបង្ហោះតាមបណ្តាញព័ត៌មានសង្គម បង្កឲ្យប៉ះពាល់កិត្តិយសនគរបាលជាតិ។
ការដាក់តឿនពីសំណាក់អគ្គស្នងការរងនគរបាលជាតិ ក្រោយគេមើលឃើញថា ក្នុងរយៈពេលចុងក្រោយនេះ គឺមានកម្លាំងនគរបាលមួយចំនួនតូច បានធ្វើកិច្ចការងារមានកំហុសប៉ះពាល់ ជាមួយប្រជាពលរដ្ឋ ហើយបានរងការបង្ហោះរូបភាពតាមបណ្តាញព័ត៌មានសង្គមកន្លងមកនេះ នូវការរិះគន់ និងប៉ះពាល់សេចក្តីថ្លៃថ្នូររបស់នគរបាលជាតិ ហើយមន្រ្តីនគរបាលដែលប្រព្រឹត្តខុសនោះ ត្រូវបានថ្នាក់លើដាក់វិន័យជាបន្តបន្ទាប់នោះហើយផងដែរ។
ស្របពេលដែលការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៦ ដែលនឹងចូលមកដល់នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ នាយឧត្តមសេនីយ៍ ប៉ែន វិបុល បានបញ្ជាកម្លាំងនគរបាលត្រូវបានការពារសុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋឲ្យខាងតែបាន ក្នុងព្រឹត្តិការណ៍បោះឆ្នោតដ៏ធំមួយនេះ៕