(ភ្នំពេញ)៖ កិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្រ្តីប្រចាំការ និងជារដ្ឋមន្រ្តីស្តីទីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី បានលើកឡើងថា នៅសល់មិនដល់១ខែទៀតទេ ទំនាក់ទំនងការទូតរវាង កម្ពុជា-ចិន គឺមានរយៈពេល៦០ឆ្នាំហើយ។ ឆ្នាំនេះពិសេសជាងឆ្នាំណាៗទាំងអស់ ដោយថ្នាក់ដឹកនាំ នៃប្រទេសទាំង២បាន ប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការជំរុញទំនាក់ទំនង យុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ឲ្យបានដល់កម្រិតខ្ពស់បំផុត ដែលមិនធ្លាប់មាននៅក្នុងប្រវត្ដិសាស្រ្ត។
ក្នុងន័យនេះ វេទិកាវិទ្យាសាស្រ្តនាពេលនេះ ត្រូវបានរៀបចំឡើងដើម្បីអបអរសាទរខួបអនុស្សាវរីយ៍៦០ឆ្នាំ នៃចំណងមិត្តភាពការទូតរវាងប្រទេសទាំង២ និងលើកកម្ពស់ការយល់ដឹងពីគ្នាទៅវិញទៅមក តាំងពីអតីតកាល និងបច្ចុប្បន្នកាលរវាងប្រជាជនកម្ពុជា និងចិន ក្នុងឋានៈជាដៃគូស្មើមុខ ស្មើមាត់ និងជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ។
កិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន បានថ្លែងបែបនេះ ខណៈលោក បានចូលរួមនៅក្នុងវេទិកាវិទ្យាសាស្រ្តខួបអនុស្សាវរីយ៍ទំនាក់ទំនង កម្ពុជា-ចិន៦០ឆ្នាំ ដែលរៀបចំឡើងនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨នេះ នៅសណ្ឋាគារភ្នំពេញ ដោយមានការចូលរួមពី តំណាងស្ថានទូតចិនប្រចាំនៅកម្ពុជា ថ្នាក់ដឹកនាំនៃរាជ្យបណ្ឌិតសភាកម្ពុជា និងអ្នកស្រាវជ្រាវកម្ពុជា និងចិនជាច្រើនរូបទៀត។
ឧបនាយករដ្ឋមន្រ្តី ប៊ិន ឈិន បានលើកឡើងថា វេទិកានេះត្រូវបានរៀបចំឡើងដើម្បីផ្តល់ឳកាសឲ្យអ្នកស្រាវជ្រាវ និងអ្នកពាក់ព័ន្ធផ្សេងៗ នៃបណ្តាប្រទេសទាំង២បានជួបពិភាក្សាគ្នា ក្នុងគោលបំណង រឹតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងចិនលើគ្រប់វិស័យរួមទាំងវិស័យ នៃការសិក្សាស្រាវជ្រាវ ប្រមូលផ្តុំទស្សនៈ បទពិសោធន៍ យុទ្ធសាស្រ្ត និងអនុសាសន៍ ដើម្បីលើកកម្ពស់សន្តិភាព ភាពសុខដុមរមនា និងវិបុលភាពក្នុងប្រទេសទាំង២ ផ្លាស់ប្តូរការយល់ឃើញរបស់វិទ្យាសាស្រ្ត ដើម្បីស្វែងរកផ្លូវមួយ ក្នុងការបើកទូលំទូលាយទំនាក់ទំនង កម្ពុជា-ចិន។
ជាមួយគ្នានោះ លោក លី ជា តំណាងឲ្យស្ថានទូតចិនប្រចាំនៅកម្ពុជា ក៏បានលើកសរសើរពីទំនាក់ទំនងរវាង កម្ពុជា-ចិន ថា ប្រទេសទាំង២នេះ ពិតជាមានទំនាក់ទំនងល្អជាមួយគ្នា ជាយូរយារណាស់មកហើយ និងនៅតែបន្តរហូតមកដល់ពេលបច្ចបុប្បន្ននេះ។ លោក លី ជា បានបន្ថែមថា ស្ថានទូតចិន នៅតែស្វាគមន៍ និងរីករាយសហការជានិច្ច ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការរឹតចំណងមិត្តភាពរវាងប្រទេសទាំង២ឲ្យកាន់តែល្អថែឬមទៀត។
បន្ថែមពីលើនេះ លោក សុខ ទូច ប្រធានរាជ្យបណ្ឌិតសភាកម្ពុជា បានលើកឡើងថា កម្ពុជា-ចិន មានទីតាំងភូមិសាស្រ្តនៅជិតគ្នា មានវប្បធម៌ស្រដៀងគ្នា ហើយចំពោះការប្រាស្រ័យទាក់ទង រវាងប្រទេសទាំង២ មានប្រវត្ថិសាស្រ្តជាង១០០០ឆ្នាំ។
លោកបណ្ឌិត សុខ ទូច បានឲ្យដឹងទៀតថា «មិត្តល្អជាមិត្តជួយគ្នាក្នុងគ្រាក្រ» នេះជាពាក្យស្លោកដែលមានលក្ខណៈសច្ចធម៌ និងគុណធម៌ហើយដែលចិនជាមិត្តដ៏ល្អរបស់កម្ពុជា តែងតែជួយដល់កម្ពុជា ឯកម្ពុជា បានគាំទ្រយ៉ាងពេញទំហឹង និងៀតងាករេនូវគោលនយោបាយចិនមួយ។ ថ្មីៗនេះភាពរីមចម្រើនទំនាក់ទំនងលើប្រទេសទាំង២ លើវិស័យសេដ្ឋកិច្ច នយោបាយ វប្បធម៌ មានសន្ទុះយ៉ាងជឿនលឿនបំផុត។ សន្និសីទថ្ងៃនេះ ពិតជាបានចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញឲ្យមានអ្នកសា្រវជ្រាវ និងប្រជាពលរដ្ឋយើងទាំង២ កម្ពុជា-ចិន ឲ្យរឹតតែស្រឡាញ់ ចេះការពារ និងពង្រឹងទំនាក់ទំនងជាមិត្តភាពឲ្យបាន គង់វង្ស។
លោក MA JIAN FEI នាយកស្តីទី នៃវិទ្យាស្ថានខុងជឺនៃរាជ្យបណ្ឌិតសភាកម្ពុជា បានលើកឡើងថា វេទិកាវិទ្យាសាស្រ្តនាពេលនេះ គឺបានចូលរួមចំណែកពង្រឹងគុណភាពនៃការអប់រំ ហើយក៏ជាការបង្ហាញពីកម្រិត នៃការទំនាក់ទំនងរវាងប្រទេស កម្ពុជា-ចិន។ លោកបានបន្តថា ទំនាក់ទំនងរវាងប្រទេស កម្ពុជា-ចិន បានទទួលលទ្ធផលជាផ្លែផ្កានាពេលនេះ ក៏បានកើតចេញពីការរួមចំណែករបស់ វិទ្យាស្ថានខុងជឺនៃរាជ្យបណ្ឌិតសភាកម្ពុជាផងដែរ។
ក្នុងរយៈពេល៩ឆ្នាំមកនេះ វិទ្យាស្ថានមួយនេះ បានក្លាយជាមជ្ឈមណ្ឌលបណ្តុះបណ្តាល ធនធានមនុស្សផ្នែកភាសាចិន ស្រាវជ្រាវទំនាក់ទំនងកម្ពុជា-ចិន ការផ្លាស់ប្តូរវប្បធម៌ ព្រមទាំងជាមជ្ឈមណ្ឌលទុកឯកសារ និងសៀវភៅ ដែលមានទាំងភាសាខ្មែរ និងភាសាចិន និងមានវិសាលភាពនៃការបង្រៀនខ្លាំងក្លាជាងមុនផងដែរ។ លោក MA JIAN FEI បានលើកឡើងថា វិទ្យាស្ថានខុងជឺនៃរាជ្យបណ្ឌិតសភាកម្ពុជា គឺជាស្ថាប័នមួយដែលត្រូវបង្កើតឡើងនៅឆ្នាំ២០០៩ និងត្រូវបានសម្ពោធជាផ្លូវការ ដោយសម្តេចវិបុល សុខ អាន អតីតឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី និងលោក ស៊ី ជីងពីង ដែលកាលនោះ ជាអនុប្រធានាធិបតីចិន៕