រកឃើញម្សៅបូរ៉ាក់ ហាមឃាត់ ប្រហិត ម្សៅលាបមុខ ខូចគុណភាព លក់នៅផ្សារកំពង់ធំ, មន្រ្តីកាំកុងត្រូលខេត្តកំពង់ធំ ចុះទៅដកហូតកម្ទេចចោល
21-06-2018 12:37
(កំពង់ធំ)៖ មន្រ្តីសាខាកាំកុងត្រូលខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨នេះ បានសហការជាមួយមន្ទីរពាណិជ្ជកម្ម អាជ្ញាធរដែនដី បានបន្តចុះពិនិត្យ និងផ្សព្វផ្សាយ អំពីគុណភាព និងសុវត្ថិភាពម្ហូបអាហារ នៅក្នុងផ្សារកំពង់ធំ ស្ថិតនៅសង្កាត់កំពង់ធំ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
មន្រ្តីកាំកុងត្រូលខេត្តកំពង់ធំ បានឲ្យដឹងថា «ដោយគិតពីសុវត្ថិភាពម្ហូបអាហារ សុខភាពប្រជាពលរដ្ឋ មន្រ្តីកាំកុងត្រូលខេត្ត បានយកចិត្តទុក្ខដាក់ បានពិនិត្យតាមផ្ទះ និងតាមផ្សារកំពង់ធំ និយាយរួម គឺកណ្តាលទីរួម ខេត្តកំពង់ធំតែម្តង ហើយជាលទ្ធផល យើងបានរកឃើញប្រហិត រស់ជាតិសាច់មាន់ ផលិតនៅប្រទេសថៃ ចំនួនមួយកញ្ចប់ ទំងន់កន្លះគីឡូក្រាម ម្សៅលាបមុខ ចំនួន៤កំប៉ុង ផលិតនៅប្រទេសសូវៀត ខូចគុណភាពនិងម្សៅបូរ៉ាក់ ហាមឃាត់ ។ យើងបានធ្វើកំណត់ហេតុ ដកហូតយកទៅដុតកម្ទេចចោលផងដែរ»។
ឆ្លៀតឱកាសនោះដែរ ក្រុមកាងារក៏ បានចែកផ្សាយនូវ រូបភាព Poster និងផ្សព្វផ្សាយដល់ អាជីវករ អ្នកលក់ដូរ និងអ្នកប្រើប្រាស់ ឲ្យបានយល់ ដឹងអំពីផលវិបាកដែលបណ្តាលមកពី ការបរិភោគអាហារហួសកាលបរិច្ឆេទ ប្រើប្រាស់និងការដាក់លាយបន្ថែម សារធាតុគីមី ហាមឃាត់ចូលក្នុងម្ហូបអាហារ។
មន្រ្តីកាំកុងត្រូលសាខាខេត្តកំពង់ធំ បានបន្តថា ការធ្វើបែបនេះ គឺជាផ្នែកមួយយ៉ាងសំខាន់ ក្នុងការជួយកាត់បន្ថយផលប៉ះពាល់ ដល់អ្នកប្រើប្រាស់ និងប្រជាពលរដ្ឋយើង៕