(បន្ទាយមានជ័យ)៖ នៅព្រឹកថ្ងៃទី២១​ ខែមិថុនា​ ឆ្នាំ២០១៨​ នាយឧត្តមសេនីយ៍​ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី​ ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ប្រធានកិត្តិយសសមាគមមូលនិធិ មនុស្សចាស់ខេត្តបន្ទាយមានជ័យ និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយ ខេត្ត​បន្ទាយមានជ័យ​ បានអញ្ជើញជាអធិបតីភាពក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋ​នៅឃុំតាបែន​ ស្រុកស្វាយចេក​ ខេត្តបន្ទាយមានជ័យ​ ដែលមានអ្នកចូលរួមជាង៤០០០នាក់។

ក្នុងឱកាសនោះ​ នាយឧត្តមសេនីយ៍​ កែ​ គឹមយ៉ាន​ បានមានមតិសំណេះសំណាល និងពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខ ពីសំណាក់ថ្នាក់ដឹកនាំកំពូលរបស់ជាតិមាន​៖ សម្ដេចតេជោ ហ៊ុន សែន​ នាយករដ្ឋមន្រ្តីនៃកម្ពុជា, សម្ដេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា​, សម្តេចក្រឡាហោម​ ស​ ខេង​ និងសម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា។

ក្នុងឱកាសនោះ​ នាយឧត្តមសេនីយ៍​ កែ​ គឹមយ៉ាន​ បានថ្លែងថា​ ក្រោមការដឹកនាំរបស់សម្តេចតេជោ​ ហ៊ុន​ សែន​ ប្រទេសជាតិមានសុខសន្តិភាព​ សន្តិសុខ​ ប្រជាពលរដ្ឋមានសេរីភាព ​ក្នុងការធ្វើដំណើរ មកជួបប្រជុំគ្នា​ និយាយពីសុខទុក្ខ​ រំលឹកនូវអនុស្សាវរីយ៍​ និងធ្វើបុណ្យជាមួយគ្នាយ៉ាងសប្បាយរីករាយដោយគ្មានការព្រួយបារម្ភខ្លាចបញ្ហាពីសុវត្ថិភាពគេចពីគ្រាប់រំសេវ​ អ្វីឡើយ​ខុសប្លែកពីរបបអតីតកាល ដែលយើងទាំងអស់គ្នាបានដឹង និងជួបប្រទះ​រួចមកហើយនោះ។

ក្នុងឱកាសនោះដែរ​ នាយឧត្តមសេនីយ៍​ កែ​ គឹមយ៉ាន​ បានថ្លែងអំណរគុណដល់មហាគ្រួសារអ្នកបន្ទាយមានជ័យ ដែលចូលរួមថែរក្សាបាននូវសុខសន្តិភាព​ និងចេះឆក់យកឱកាសទាញផល ពីសុខសន្តិភាពនេះរួមគ្នា​កសាងអភិវឌ្ឍន៍សហគមន៍មូលដ្ឋាន​ ដូចនេះ​​សូមបងប្អូនអញ្ជើញទៅបោះឆ្នោតជូនគណបក្សប្រជា​ជនកម្ពុជា ដែលមានរូបសញ្ញាទេវតាបាចផ្កា នៅលេខរៀងទី២០​ «ងាយចាំ​ ងាយគិត​ ងាយគូស​» នៅថ្ងៃទី២៩ ខែកក្កដា​ ឆ្នាំ២០១៨ខាងមុខ ឲ្យបានគ្រប់គ្នា​​ដើម្បីសម្តេចតេជោ ហ៊ុន សែន បន្តដឹកនាំនាវាកម្ពុជាឆ្ពោះទៅការអភិវឌ្ឍរីកចម្រើនបន្ថែមទៀត។

ជាវប្បធម៌ចែករំលែក​ និងគិតគូរពីសុខទុក្ខ​ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បាននាំយកថវិកា​ សម្ភារ​ និងអំណោយចែកជូនមាន​៖

ទី១៖ ជូនប្រជាពលរដ្ឋចំនួន៤០០០នាក់ ម្នាក់ៗ​ ទទួលបានសារ៉ុង១
ទី២៖ ជូនមនុស្សចាស់ពីអាយុ៧០ឆ្នាំឡើង នៅឃុំតាបែនចំនួន១៧០នាក់ ម្នាក់ៗ ទទួលបាន៖ ថវិកា២ម៉ឺនរៀល​, សារ៉ុង១​, បំពង់ទឹកក្ដៅ១​, មី​, ពិល​, ​ទឹកដោះគោ​, ប្រេងកូឡា​, ប្រេងខ្យល់, ស្ករស អំបិលអ៊ីយ៉ូត, តែ​, ប្រេងឆា​ និងកៅអៀក ។ល។
ទី៣៖ ជូនសាលាឃុំតាបែន សាលាឃុំស្វាយចេក​ សាលាឃុំស្លក្រាម សាលាឃុំ រលួស​ ក្នុង១ឃុំៗ​ ថវិកា១លានរៀល
ទី៤៖ ជូនសាលាបឋមសិក្សា តាបែន ថវិកា៥០ម៉ឺនរៀល
ទី៥៖ ជូនមណ្ឌលសុខភាពតាបែន ថវិកា​៥០ម៉ឺនរៀល
ទី៦៖ ជួយចាក់ដីជួសជុលផ្លូវក្នុងសាលា បឋមសិក្សាតាបែនទាំងអស់
ទី៧៖ ជូនអនុវិទ្យាល័យតាបែន៥០ម៉ឺនរៀល៕