(កណ្តាល)៖ កាលពីរសៀលថ្ងៃពុធ ៨កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ឋស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨ ម្សិលមិញ លោកទេសរដ្ឋមន្ត្រី ហ៊ឹម ឆែម រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានអញ្ជើញជាអធិបតីក្នុងពិធីក្រុងពលី សុំម្ចាស់ទឹកម្ចាស់ដី សុំទីកន្លែងស្នាក់អាស្រ័យដើម្បីសេចក្តីសុខ សេចក្តីសម្រើន ដល់កម្មវិធីបុណ្យបញ្ចុះសីមា និងឆ្លងសមិទ្ធិផលនានា។

កម្មវិធីបុណ្យបញ្ចុះសីមា និងឆ្លងសមិទ្ធិផលនានា ត្រូវបានធ្វើឡើង ក្នុងទីធ្លាវត្តព្រះឥន្ទសាមគ្គីធម៌ ស្ថិតនៅភូមិត្រពាំងក្រពើ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នូល ខេត្តកណ្តាល ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន។

សូមជម្រាបថា កម្មវិធីបុណ្យបញ្ចុះសីមា និងឆ្លងសមិទ្ធិផលនានា ក៏ត្រូវបានប្រព្រឹត្តទៅរយៈពេល៧ថ្ងៃ ចាប់ពីថ្ងៃពុធ ៨កើត ដល់ថ្ងៃអង្គារ ១៤កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២០ ដល់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨៕