(ភ្នំពេញ)៖ អគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨នេះ បានប្រកាសតាមគេហទំព័រផ្លូវការ អំពាវនាវឱ្យសាធារណជន កុំចែកចាយបន្ដនូវរូបភាព និងខ្លឹមសារក្លែងក្លាយមួយ បង្ហោះនៅលើ Facebook ឈ្មោះ Jay Varman ដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូរ របស់ក្រុមគ្រួសារ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ។
គេហទំព័ររបស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានចេញផ្សាយយ៉ាងដូច្នេះថា «សូមជូនដំណឹងដល់សាធារណជន និងមតិជាតិ-អន្តរជាតិ ជាពិសេសអ្នកប្រើប្រាស់បណ្តាញសង្គម Facebook ទាំងអស់ឲ្យបានជ្រាបថា Account Facebook ឈ្មោះ Jay Varman បានបង្ហោះរូបភាព និងខ្លឹមសារក្លែងក្លាយធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ក្រុមគ្រួសារ នាយនគរបាលជាតិជាន់ខ្ពស់»។
អគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ទៀតថា ដូច្នេះសូមអ្នកប្រើប្រាស់បណ្តាញសង្គម Facebook ទាំងអស់មានការប្រុងប្រយ័ត្ន និងកុំធ្វើការចែកចាយ ឬក៏ឆ្លើយតបចំពោះ Account Facebook ឈ្មោះ Jay Varman នេះឲ្យសោះ ព្រោះថារាល់ការចែកចាយ ឬក៏ឆ្លើយតបវាអាចប្រឈមនឹងផ្លូវច្បាប់៕