(ភ្នំពេញ)៖ សាកលវិទ្យាល័យ ប៊ែលធីអន្តរជាតិ នៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨នេះ បានរៀបចំសន្និសីទ កិច្ចសហប្រតិបត្តការអន្តរជាតិ ប៊ែលធីលើកទី១ ឆ្នាំ២០១៨ (BICC2018) ក្រោមប្រធានបទ «ឱកាសទៅសិក្សានៅក្រៅ ប្រទេសសម្រាប់និស្សិតកម្ពុជា» ក្រោមអធិបតីភាព លោក ទូច វិសាលសុខ អនុរដ្ឋលេខាធិការ ក្រសួងអប់រំយុវជន និងកីឡា និងជាតំណាង លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីសួងអប់រំ យុវជន និងកីឡា។

កម្មវិធីសន្និសីទនេះ ក៏មានការចូលរួមពីសាកលវិទ្យាល័យជាង២០ មកពីប្រទេសទាំង១០ ជុំវិញពិភពលោក ព្រមទាំងគ្រឹះស្ថានឧត្តមសិក្សាមួយចំនួន ក្នុងព្រះរាជាណាចក្រកម្ពុជាផងដែរ។

តាមរបាយការណ៍របស់ លោក លី ណាវុឌ្ឍ អគ្គនាយករងប៊ែលធីគ្រុប និងជាសាកលវិទ្យាធិការរងទី១ នៃសាកលវិទ្យាល័យ ប៊ែលធីអន្តរជាតិ បានឲ្យដឹងថា ឈ្មោះ ប៊ែលធី (BELTEI) ត្រូវបានផ្គុំទ្បើងដោយ ៦មុខវិជ្ជាធំៗគឺ BEL = Business, Economics, Law, និង TEI = Tourism, English, Information of Technology។ ប៊ែលធីគ្រុប មានសេវាកម្ម ៣ ធំៗគឺ៖ ១-ប៊ែលធី សំណង់, ២-ប៊ែលធី ទេសចរណ៍, និង៣-ប៊ែលធី អប់រំ (សាលា ប៊ែលធី អន្តរជាតិ, សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ, ប៊ែលធី ទំនាក់ទំនង អន្តរជាតិ)។

លោក លី ឆេង អគ្គនាយកប៊ែលធីគ្រុប និងជាសាកលវិទ្យាធិការសាកលវិទ្យាល័យ ប៊ែលធីអន្តរជាតិ បានឱ្យដឹងថា សន្និសីទកិច្ចសហប្រតិបត្តការអន្តរជាតិ ប៊ែលធី លើកទី១ ឆ្នាំ២០១៨ ដែលសាកលវិទ្យាល័យ ប៊ែលធីអន្តរជាតិ បានរៀបចំឡើង មានគោលបំណង៖

១-ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ ជាមួយគ្រឹះស្ថានអប់រំឯកជន និងរដ្ឋ
២-ដើម្បីផ្សព្វផ្សាយពីគ្រឹះស្ថានដៃគូល្បីៗ ជូនដល់សិស្ស និស្សិតកម្ពុជា
៣-ដើម្បីបង្កើតនូវវេទិការទំនាក់ទំនងសម្រាប់គ្រឹះស្ថានទាំងអស់ដែលបានចូលរួមក្នុងសន្និសីទ
៤-ដើម្បីផ្សព្វផ្សាយពីឳកាសទទួលបានអាហារូបករណ៍ ជូនដល់សិស្សវិទ្យាល័យប៊ែលធី
៥-ដើម្បីបង្កើនចំនួននិស្សិតកម្ពុជា ទៅសិក្សានៅក្រៅប្រទេស ឲ្យបានច្រើន
៦-ដើម្បីធ្វើឲ្យប្រសើរឡើងកិត្តិនាមរបស់គ្រឹះស្ថានអប់រំ ទាំងក្នុងប្រទេស ថ្នាក់តំបន់ និងពិភពលោក។

ក្នុងឱកាសនោះផងដែរ លោក ទូច វិសាលសុខ បានថ្លែងអំណរគុណដល់លោក លី ឆេង ដែលបានខិតខំរៀបចំសន្និសីទជាលក្ខណៈអន្តរជាតិនេះឡើង មានប្រទេសជាច្រើនមកពីជុំវិញពិភពលោកចូលរួម ដែលបានលើកតម្កើងកិត្យានុភាពប្រទេសជាតិយើង ជាពិសេសសូមអរគុណ គណៈប្រតិភូដែលជាសមាជិកដៃគូស្ថាបនិក BICC ដែលបានរៀបចំបង្កើតឲ្យមានសន្និសីទនេះឡើង។

ជាទីបញ្ចប់គណៈអធិបតី បានប្រកាសបើក និងកាត់ខ្សែបូសម្ភោធសន្និសីទ កិច្ចសហប្រតិបត្តការអន្តរជាតិប៊ែលធី លើកទី១ ឆ្នាំ២០១៨ ក្រោមប្រធានបទ «ឱកាសទៅសិក្សា នៅក្រៅប្រទេសសម្រាប់និស្សិតកម្ពុជា»។

សូមជម្រាបថា សាលាប៊ែលធីអន្តរជាតិ មាន២១ទីតាំង ក្នុងនោះ១៨ទីតាំងកំពុងដំណើរការ និង៣ទីតាំងកំពុងសាងសង់។ ដោយឡែក សាកលវិទ្យាល័យ ប៊ែលធីអន្តរជាតិ មាន២ទីតាំង ក្នុងនោះ១ទីតាំងកំពុងដំណើរការ ស្ថិតនៅអគារ២១ ផ្លូវ៣៦០ សង្កាត់បឹងកេងកង៣ ខណ្ឌចំការមន និងទីតាំងទី២ ស្ថិតនៅជិតរង្វង់មូលចោមចៅ ផ្លូវជាតិលេខ៣ កំពុងសាងសង់។

សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ មានកម្មវិធីសិក្សាជាភាសាជាតិ (National Program) សិក្សាជាភាសាខ្មែរ៥០% និងអង់គ្លេស៥០% និងកម្មវិធីសិក្សាអន្តរជាតិ (International Program) សិក្សាជាភាសាអង់គ្លេស១០០%។ ប៊ែលធីទំនាក់ទំនងអន្តរជាតិ មានបម្រើសេវា៣សំខាន់ៗ៖ ១-បញ្ជូនសិស្ស-និស្សិតទៅសិក្សាក្រៅប្រទេស, ២-កម្មវិធីផ្លាស់ប្តូរនិស្សិត, ៣-ការធ្វើកម្មសិក្សានៅក្រៅប្រទេស។ បច្ចុប្បន្ននេះ ប៊ែលធីគ្រុប មានបុគ្គលិកបម្រើការសរុបជាង ២,៥០០នាក់ និងមានសិស្ស-និស្សិត ៣៨,៣១៧នាក់ កំពុងសិក្សាផងដែរ៕