(ភ្នំពេញ)៖ លោក ម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានថ្លែងថា ជុំវិញបញ្ហាដើមឈើបាក់រលំ រយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានធ្វើការដាក់ចេញនូវទិសដៅមួយចំនួន ត្រូវរួមគ្នាបង្កើតក្រុមការងារមួយសម្រាប់ចុះពិនិត្យវាយតម្លៃអំពីគុណភាព ស្ថានភាព នៃដើមឈើដែលមាននៅក្នុងរាជធានីភ្នំពេញ ពោលប្រសិនបើដើមឈើណាមានសភាពទ្រុឌទ្រោមខ្លាំង ត្រូវដកចេញ កាប់ចេញ ឲ្យបានមុនបាក់រលំដួល បង្កទៅជាគ្រោះថ្នាក់ជាយថាហេតុផ្សេងៗ ទៅលើទ្រព្យសម្បត្តិ ឬក៏អាយុជីវិតមនុស្ស។
លោកបន្តថា ចំពោះទីតាំងខ្លះទៀត ដែលទាមទារឲ្យមានការថែបំប៉ន ឬក៏ដាក់ជីបំប៉នសុខភាពដើមឈើឲ្យមានភាពប្រសើរ ឬក៏គ្រាន់តែកាប់រះមែកចេញ ក៏ត្រូវបានរដ្ឋបាលរៀបចំគិតគូផងដែរ។
នេះបើតាមការបញ្ជាក់ឲ្យដឹងរបស់លោក ម៉េត មាសភក្តី ក្នុងកិច្ចប្រជុំពាក់ព័ន្ធជាមួយនឹងបញ្ហាលំហរបៃតង កាលពីរសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨ នៅសាលារាជធានីភ្នំពេញ ក្រោមអធិបតីភាពលោក ឃួង ស្រេង ដោយមានវត្តមានអភិបាលខណ្ឌទាំង១២ មន្ត្រីជំនាញ និងមន្ទីរអង្គភាពផ្សេងៗ ចំណុះឲ្យរាជធានីមួយចំនួនទៀត។
លោក ម៉េត មាសភក្តី បានបញ្ជាក់ឲ្យដឹងទៀតថា កិច្ចប្រជុំនេះបានពិភាក្សាអំពីកិច្ចការមួយចំនួន ពាក់ព័ន្ធជាមួយនឹងបញ្ហាលំហរបៃតង ក៏ដូចជាបញ្ហាដើមឈើ ដែលត្រូវយកចិត្តទុកដាក់គិតគូរ ពិសេសផ្តោតទៅលើបញ្ហាសុវត្ថិភាព ព្រោះរដូវវស្សាសម្រាប់ឆ្នាំ២០១៨នេះ ត្រូវបានចាប់ផ្តើមហើយ។ លោកថា កន្លងមកថ្មីៗនេះ រដ្ឋបាលបានមើលឃើញ ពីការកើតមាននូវឧប្បត្តិហេតុមួយចំនួន នៃការដួលរលំដើមឈើ។
លោកបានឲ្យដឹងទៀតថា នៅក្នុងនោះដែរក្រុមការងារដែលផ្តួចផ្តើមដោយ លោកអភិបាល បានពិភាក្សាយ៉ាងល្អិតល្អន់ ពាក់ព័ន្ធជាមួយមូលហេតុដែលមានការងាប់ និងដួលរលំនៃដើមឈើ។ បន្ទាប់ពីកិច្ចប្រជុំពិភាក្សា ពីមូលហេតុចម្បងមួយចំនួនមើលឃើញថា ភាគច្រើននៃការបាក់រលំគឺ កើតចេញពីអាយុកាល ឬក៏ភាពសឹករេចរឹលចាស់ទ្រុឌទ្រោម របស់ដើមឈើនីមួយៗ ដែលស្រប់ទៅនឹងការទទួលរងកម្លាំងខ្យល់ភ្លៀងកន្រ្តាក់ផ្សេងៗនោះ ដែលធ្វើឲ្យទីតាំងដើមឈើមួយចំនួនដួលរលំ។
លោកម៉េត មាសភក្តី ក៏បានបញ្ជាក់ផងដែរថា ការមើលថែទាំដើមឈើ ជាកិច្ចការដែលបានជម្រាបជូនខាងលើនេះ ជាកិច្ចការទី១ ដែលអង្គប្រជុំបានពិភាក្សា។ ដោយឡែក កិច្ចការទី២ គិតគូរពង្រីក ឫក៏ដាំបន្ថែមនូវតំបន់បៃតង ឫលំហរបៃតង ឲ្យមានច្រើនថែមទៀតនៅក្នុងរាជធានីភ្នំពេញ ស្របតាមផែនការមានស្រាប់ ដែលលោកអភិបាល បានយកចិត្តទុកដាក់ ហើយបានឲ្យអភិបាលរងទទួលបន្ទុក២រូប ធ្វើការប្រជុំពិភាក្សាគិតគូរលើកគម្រោងឡើងវិញបន្ថែមទៀត ទីតាំងណា ផ្លូវណា ដែលគ្រោងនឹងដាំដើមឈើអ្វី ផ្លូវណា ទីតាំងដែលត្រូវបន្ថែមដើមឈើ។
សូមជម្រាបថា ការដាំដើមឈើលើលំហរបៃតងនេះ ក្នុងន័យបង្កើនសោភ័ណភាពទីក្រុងភ្នំពេញ ស្របជាមួយនឹងសំណង់អគារដែលធំស្កឹមស្កៃមានស្រាប់ ដែលដើមឈើ គឺបង្កើតអ៊ុកស៊ីហ្សែននៅពេលថ្ងៃ។ វាក៏ជាចំណែកមួយសម្រាប់ផ្តល់ឲ្យមនុស្ស សត្វដែលមានជីវិតទាំងអស់ ហើយវាស្រូបទៅវិញ នូវឧស្ម័នជាតិពុលផ្សេងៗ ដែលកើតចេញពីផ្សែងឧស្សាហកម្ម និងម៉ូតូ រថយន្តផងដែរ៕