(កំពង់ចាម)៖ លោក វេង សាខុន សមាជិកគណៈកម្មាធិការកណ្តាល នៃគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានស្រុកកំពង់សៀម និងស្រុកតំបែរ នាព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨នេះ បានអញ្ជើញចុះជួបសំណេះសំណាល ជាមួយកម្មករ-កម្មការនី ចំនួន៣,៧៤១នាក់ ក្នុងនោះស្រ្តី មានផ្ទះពោះ ១២១នាក់ នៅស្រុកកំពង់សៀម ខេត្តកំពង់ចាម ក្នុងបរិវេណរោងចក្រក្រុមហ៊ុន «មេតថេក ខេមបូឌា ខប»។
ពិធីជួបសំណេះសំណាលខាងលើនេះ ធ្វើឡើងដើម្បីសំណេះសំណាល និងសាកសួរសុខទុក្ខ ពីបញ្ហាជីវភាព សេចក្តីសុខចំរើន និងរាយការណ៍ ជូនអង្គពិធីជ្រាបដោយសង្ខេប ពីដំណើរការវិវឌ្ឍរីកចំរើន ផ្នែកសេដ្ឋកិច្ច សង្គម និងនយោបាយជាយុទ្ធសាស្រ្ត របស់ប្រទេសជាតិនាពេលបច្ចប្បន្ន។
ថ្លែងនៅក្នុងពិធីនោះ លោក វេង សាខុន ក្នុងនាមសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្រ្តីនៃកម្ពុជា និងក្នុងនាមខ្លួនលោកផ្ទាល់ លោកបានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ជូន ចំពោះអាជ្ញាធរខេត្ត នាយកក្រុមហ៊ុន សមាជិកក្រុមការងារថ្នាក់ជាតិ និងថ្នាក់មូលដ្ឋាន ដែលបានសហការរៀបចំពិធីជួបជុំនាថ្ងៃនេះ សម្រេចទទួលបានលទ្ធផលយ៉ាងល្អប្រសើរ។
លោក វេង សាខុន ក៏បានពាំនាំមកជូននូវការផ្តាំផ្ញើសាកសួរសុខទុក្ខ របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចទាំងពីរ តែងតែគិតគូ យកចិត្តទុកដាក់ពីបញ្ហាជីវភាព និងសេចក្តីសុខទុក្ខរបស់ក្មួយៗ គ្រប់ពេលវេលា។
លើសពីនោះទៀត ប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានស្រុកកំពង់សៀម និងស្រុកតំបែរ បានពាំនាំការសុំអភ័យទោស ចំពោះជំនួសសម្តេច ដែលមិនបានចុះមកជួបក្មួយៗ ផ្ទាល់នាថ្ងៃនេះ ដោយមានជាប់ភារកិច្ចជាច្រើន។ សម្តេចទាំងពីរ សូមជូនពរឲ្យក្មួយៗ កម្មករ-កម្មការនីទាំងអស់ សូមជួបតែព្រះពុទ្ធិពរទាំង៤ប្រការ។
ក្នុងឱកាសនេះ លោក វេង សាខុន បាននាំមកជូន ក្មួយៗ នូវសារសំខាន់ៗ ស្តីពី ដំណើរការវិវឌ្ឍរីកចំរើន ផ្នែកសេដ្ឋកិច្ច សង្គម និងនយោបាយរបស់ប្រទេសជាតិ ក្រោមការដឹកនាំប្រកប ដោយគតិបណ្ឌិតរបស់សម្តេច ដែលមានខ្លឹមសាររួមមាន៖
១៖ សម្តេចបានយកជីវិតធ្វើជាដើមទុន ក្នុងការរំដោះជាតិចេញផុតពីរបបប្រល័យពូជសាសន៍ និងតស៊ូគ្រប់ឧបសគ្គ ដើម្បីពន្លត់ភ្លើងសង្គ្រាមនៅកម្ពុជា ដែលសម្តេចមិនមែនជាអ្នកបង្កើត ដោយប្រើយុទ្ធសាស្រ្តឈ្នះ ឈ្នះធ្វើឲ្យប្រទេស ជាតិទទួលបានសុខសន្តិភាពទូទាំងផ្ទៃប្រទេស។
២៖ សម្តេចបានបើកទំព័រប្រវត្តិសាស្រ្តថ្មីមួយ ជូនប្រជាពលរដ្ឋគ្រប់ៗគ្នា នូវសិទ្ធិរស់រានមានជីវិត សេរីភាព សុខសន្តិភាព ស្ថិរភាព និងសុខសុវត្តិភាព គ្រួសារ និងសង្គម។
៣៖ បានខិតខំប្រែក្លាយពីប្រទេសមានសង្គ្រាម ហើយអ្វីៗគ្រប់យ៉ាងត្រូវបានបំផ្លាញ មកជាប្រទេសមានឧត្តម្ភភាព វឌ្ឍនភាព និងការអភិវឌ្ឍលើគ្រប់វិស័យជាជំហានៗ ពិសេសវិស័យសេដ្ឋកិច្ច ក្នុងរយៈពេលជាង២០ឆ្នាំកន្លងទៅនេះ។
៤៖ សម្តេចបានដាក់ចេញគោលនយោបាយ ទាក់ទងការវិនិយោគវិស័យកសិកម្ម វិស័យឧស្សាហកម្មកាត់ដេរ ទេសចរណ៍ សេវកម្មសាធារណៈ ការគាំពារសង្គម ការបង្កើតការងារជូនពលរដ្ឋ ការបង្កើនចំណូល វិធានការ កាត់បន្ថយភាពក្រីក្រ និងចំណាកស្រុក។
៥៖ ទស្សនវិស័យសម្រាប់ឆ្នាំ២០៣០ គឺប្រែក្លាយប្រទេស ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់។ ដើម្បីសម្រេចបាននូវឆន្ទះនេះ សម្តេចបានដាក់ចេញនូវគោលនយោបាយ អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគ្រប់បែបយ៉ាង ដែលបម្រើឲ្យសេចក្តីត្រូវការ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនាពេលអនាគត។
៦៖ សម្តេចក៏បានគិតគូយ៉ាងយកចិត្តទុកដាក់ ដោះស្រាយបញ្ហាជីវភាព និងទុក្ខលំបាកប្រចាំថ្ងៃ និងចំពោះមុខ លប់បំបាត់ចំណាយលើសេវាផ្លូវការ គោលនយោបាយ សុវត្ថិភាពភូមិឃុំ គោនយោបាយធ្វើលិខិតជូន ក៣ (កើត ការ និងការមរណភាព) ដោយមិនបង់សេវា ការគាំពារស្រ្តីមានផ្ទៃពោះ -ល-។
៧៖ ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ លើវិស័យការទូត ពាណិជ្ជកម្ម សេដ្ឋកិច្ច សន្តិសុខ វប្បធម៌ និងការអប់រំជាមួយ បណ្តាប្រទេសនៅក្នុងតំបន់ និងក្នុងពិភពលោក ពិសេសជាមួយប្រទេសជិតខាង និងប្រទេស មហាមិត្តចិន។
ដើម្បីរក្សាឲ្យបាននូវសមិទ្ធផល ដែលយើងមាន និងឈានទៅសម្រេចបាននូវគោលនយោបាយ និងទស្សនវិស័យរបស់រាជរដ្ឋាភិបាល លោក វេង សាខុន បានអំពាវនាវសុំឲ្យក្មួយៗ អញ្ជើញទៅបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៩ ខែកក្កដា ខាងមុខ ដែលមានលេខរៀងទី២០ ឲ្យបានគ្រប់ៗគ្នា ដើម្បីជូនសម្តេចដឹកនាំប្រទេសឆ្ពោះ ទៅរកការវិវឌ្ឍរីកចំរើនថែមទៀត។
ជាមួយគ្នានោះ លោក វេង សាខុន បានជួយឧបត្ថម្ភក្មួយៗ កម្មករ កម្មការនី ៣,៦២០នាក់ ម្នាក់ៗ ២ម៉ឺនរៀល ដោយឡែកស្រ្តីមានផ្ទៃពោះ ១២១នាក់ម្នាក់ៗ ចំនួន៧ម៉ឺនរៀល៕