(កំពង់ធំ)៖ លោកឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត នៅរសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨ បានដឹកនំាសហការី អមដំណើរដោយលោកស្រីអភិបាលរងក្រុងស្ទឹងសែន រួមជាមួយអាជ្ញាធរដែនដី ភូមិ-ឃុំ បានទៅប្រគល់ផ្ទះខ្នងទី៧៨ ដែលជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន ជូនដល់់អតីតយុទ្ធជនពិការលោក ស រ៉ា រស់នៅភូមិរកា សង្កាត់ស្រយូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
លោកអនុសេនីយ៍ឯក ស រ៉ា មានអាយុ៦០ឆ្នាំ ចូលបម្រើក្នុងជួរកងទ័ពថ្ងៃទី១០ ខែធ្នូ ឆ្នាំ១៩៧៩ មុខតំណែង ឯកទេសហ្វឹកហ្វឺន កងពលតូចអន្តរាគមន៍លេខ១២ចាស់ ហើយបានត្រូវរបួសពិការ នៅតំបន់ទំនប់ដាច់ ក្នុងស្រុកជាំក្សាន្ត នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ១៩៩០។ បច្ចុប្បន្នលោក ស រ៉ា មានភរិយាឈ្មោះ លី ហ៊ាន អាយុ៥៨ឆ្នាំ មានកូនចំនួន១០នាក់ (កូនក្នុងបន្ទុកចំនួន០៤ នាក់ ) មានឈ្មោះក្នុងបញ្ជីបោះឆ្នោតរួចហើយ ។
កាលពីមុនលោក ស រ៉ា បានដើរខុសផ្លូវ ដោយសារជឿតាមពួកអគតិដោយបានសន្យាថា នឹងប្រគល់មុខតំណែង ជាក្រុមប្រឹក្សាសង្កាត់ ដែលជាការសន្យាខ្យល់។ តែឥឡូវលោក ស រ៉ា បានភ្ញាក់ខ្លួន និងបានសម្រេចចិត្តចូលមករួមរស់ជាមួយសង្គមជាតិ ដើម្បីគាំទ្រសម្តេចតេជោហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៃកម្ពុជាបន្តទៀត។
លោក សោម ស៊ុន បានឱ្យដឹងថា ផ្ទះថ្មីនេះ (ខ្នងផ្ទះទី៧៨) មានទំហំ ៦ម៉ែត្រx៨ម៉ែត្រ សាងសង់អំពីឈើ ដំបូលសង្ក័សី រនាប និងជញ្ជាំងក្តារ ដែលបានចំណាយថវិកា ក្នុងការសាងសង់អស់ទឹកប្រាក់ចំនួន ៧,៦៣០,០០០ រៀល ( គិតទាំងថ្លៃឈ្នួលជាងផងដែរ )។ នៅក្នុងពិធីនេះ លោកឧត្តមសេនីយ៍ទោ និងក្រុមការងារសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត ព្រមទាំងសហការី បាននាំយកនូវអំណោយ សម្តេចតេជោ ប្រគល់ជូនដល់គាត់បន្ថែមទៀតរួមមាន៖ អង្ករ ៥០គីឡូក្រាម មីយើង០២កេស ទឹកត្រីទឹកស៊ីអ៊ីវ០២ យួរ និងថវិកាចំនួន ២៥០,០០០ រៀល។
អាជ្ញាធរដែនដី ប្រជាពលរដ្ឋ និងក្រុមគ្រួសារលោក ស រ៉ា មានក្តីសោមនស្សរីករាយយ៉ាងក្រៃលែង សូមគោរពជូនពរសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំង បុត្រា-បុត្រី ចៅប្រុស-ចៅស្រី សូមមានសុខភាពល្អ កម្លាំងខ្លាំងក្លា ប្រាជ្ញាវាងវៃ និងប្តេជ្ញាគាំទ្របេក្ខភាពសម្តេចតេជោ ធ្វើជានាយករដ្ឋមន្ត្រីគ្រប់ៗអាណត្តិ៕