(តាកែវ)៖ ដើម្បីពង្រីកទិន្នផលកសិកម្មរបស់កសិករខ្មែរឱ្យកាន់តែច្រើន និងសម្រួលជីវភាពប្រជាកសិករឱ្យកាន់តែប្រសើរឡើងផងនោះ ធនាគារអភិវឌ្ឍន៍ជនបទ បានលើកទឹកចិត្តដល់កសិករខ្មែររួមគ្នាចងក្រងជាសហគមន៍កសិកម្មឱ្យបានច្រើន ហើយប្រសិនបើខ្វះខាតធនធានយ៉ាងណា ធនាគារអភិវឌ្ឍន៍ជនបទនឹងចាំជួយគាំទ្រសហគមន៍ជានិច្ច តាមរយៈការផ្ដល់ឥណទានដែលមានអត្រាការប្រាក់សមរម្យ។
ការប្ដេជ្ញាគាំទ្រដល់ប្រជាកសិករខ្មែរយ៉ាងដូច្នេះ ត្រូវបានបន្លឺឡើងក្នុងវេទិកាធុរកិច្ចសហគមន៍កសិកម្ម នាព្រឹកថ្ងៃពុធ ទី២០ ខែមិថុនា ឆ្នាំ២០១៨ នៅសាលមហោស្រពខេត្តតាកែវ ដើម្បីផ្សព្វផ្សាយពីគោលការណ៍ឥណទានសហគមន៍ ដែលរៀបចំឡើងអគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
នៅក្នុងវេទិកានេះមានអ្នកចូលរួមជាង២០០នាក់ ដែលអញ្ជើញមកពីស្ថាប័ននានា រួមមាន៖
១. លោក សុខ សូរ៉ាណូ ប្រធានក្រុមការងារបច្ចេកទេស នៃធនាគារអភិវឌ្ឍន៍ជនបទ និងលោក រស់ សេង ហាក់ អនុប្រធានការិយាល័យទទួលបន្ទុកឥណទានសហគមន៍។
២. លោក ជា សាំងដូណា ប្រធាននាយកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្ម នៃអគ្គនាយកដ្ឋានកសិកម្ម តំណាងអគ្គនាយកដ្ឋានកសិកម្ម។
៣. លោក ឈីការ៉ា សាតូ ប្រធានទីប្រឹក្សាគម្រោង BPAC (គាំទ្រដោយអង្គការ JICA)។
៤. អាជ្ញាធរខេត្តតាកែវ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវ ក្រុមហ៊ុនឯកជន មីក្រូហិរញ្ញវត្ថុជប៉ុន និងតំណាងសហគមន៍កសិកម្ម ១១០សហគមន៍។
វេទិកានេះមានគោលបំណងសំខាន់ៗសម្រាប់ប្រជាសហគមន៍ ដូចខាងក្រោម៖
១៖ ផ្ដល់ឱកាសដល់ភាគីជំនួញ មានដូចជាសហគមន៍កសិកម្ម ក្រុមហ៊ុនផ្គត់ផ្គង់ធាតុចូលកសិកម្ម និងក្រុមហ៊ុនប្រមូលទិញបានទំនាក់ទំនងគ្នា ដើម្បីពិភាក្សាគ្នាពីតម្រូវការ និងបញ្ហាផ្សេងៗ និងដើម្បីឈានទៅរកការចាប់ដៃគូជំនួញជាមួយគ្នា។
២៖ ផ្តល់ឱកាសឱ្យសហគមន៍កសិកម្មបង្កើតបណ្តាញមុខជំនួញជាមួយគ្នា ដើម្បីសម្រួលដល់ការទិញធាតុចូលកសិកម្មក្នុងទំហំធំ ដែលមានតម្លៃទាប និងបង្កើតទំនិញរួមគ្នា ដែលងាយស្រួលលក់ទៅទីផ្សារ។
៣៖ ផ្តល់ឱកាសដល់សហគមន៍កសិកម្ម បង្កើតជាដៃគូជំនួញជាមួយក្រុមហ៊ុនផ្គត់ផ្គង់ធាតុចូលកសិកម្ម និងក្រុមហ៊ុនប្រមូលទិញ ដែលជួយសម្រួលដល់ការផលិត និងមានទីផ្សារច្បាស់លាស់សម្រាប់កសិផលរបស់សហគមន៍។
តាមរយៈបទបង្ហាញរបស់តំណាងធនាគារអភិវឌ្ឍន៍ជនបទ បានលើកទឹកចិត្តដល់កសិករចងក្រងជាសហគមន៍កសិកម្មឱ្យបានច្រើនទាំងការផលិតស្រូវ ការចញ្ចឹមសត្វ ការដាំដុះបន្លែជាដើម។ បន្ថែមពីនេះ តំណាងធនាគារអភិវឌ្ឍន៍ជនបទ ក៏បានអំពាវនាវដល់អង្គការដៃគូ និងស្ថាប័នដែលពាក់ព័ន្ធបន្តជួយពង្រឹងសមត្ថភាពសហគមន៍បន្ថែមទៀត ដូចជាជួយពង្រឹងលើការគ្រប់គ្រងអាជីវកម្មរួមគ្នា ជួយបណ្ដុះបណ្ដាលបច្ចេកទេសផ្សេងៗ ជាពិសេសជួយផ្សារភ្ជាប់ផលិតផលរបស់សហគមន៍ទៅកាន់ទីផ្សារច្បាស់លាស់ និងមានតម្លៃសមរម្យ ហើយសហគមន៍ខ្លួនឯងផ្ទាល់ត្រូវកៀរគរសមាជិកចូលរួមឱ្យបានច្រើន និងពង្រឹងសមត្ថភាពគ្រប់គ្រង់ ក៏ដូចជាសកម្មភាពអាជីវកម្មឱ្យបានល្អប្រសើរឡើង ដើម្បីងាយស្រួលទទួលបានឥណទានពីធនាគារអភិវឌ្ឍន៍ជនបទ ហើយធនាគារនឹងចាំជួយគាំទ្រ តាមរយៈការផ្ដល់ឥណទានដែលមានអត្រាការប្រាក់សមរម្យដល់សហគមន៍៕