(ភ្នំពេញ)៖ នៅព្រឹកថ្ងៃពុធ ៨កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ២០ ខែមិថុនា ឆ្នាំ២០១៨ នេះ កាកបាទក្រហមកម្ពុជា (កក្រក) ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានផ្តល់ថវិកាចំនួន ៣០.០០០ដុល្លារ (បីម៉ឺនដុល្លារអាមេរិក) ដើម្បីរួមចំណែកសាងសង់អគារស្នាក់នៅសម្រាប់ជនពិការចំនួន ៧២នាក់ និងបុគ្គលិក ១០នាក់ នៃសមាគមតន្ត្រីសំនៀងជនពិការ ក្នុងឱកាសជួបសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ជាលើកទី ៧ ចាប់ពីឆ្នាំ២០១៤ មក ជូនដល់សមាគមនេះ ដែលមានទីតាំងស្ថិតនៅភូមិជំរៅ សង្កាត់គោករកា ខណ្ឌព្រែកព្រៅ រាជធានីភ្នំពេញ។
ក្នុងឱកាសនោះ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី ១ កក្រក បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តីអាណិតស្រឡាញ់ និងគិតគូរពីការរស់នៅប្រចាំថ្ងៃ ព្រមទាំងកោតសរសើរចំពោះជនពិការទាំងអស់ ដែលខិតខំតស៊ូ ជំនះគ្រប់ឧបសគ្គក្នុងជីវិតរស់នៅ តាមរយៈ ការអនុវត្តអនុសាសន៍ណែនាំរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលបានជំរុញលើកទឹកចិត្តឱ្យជនពិការប្រមូលផ្តុំគ្នាជាសមាគម ឬជាអង្គការជនពិការ ដើម្បីពង្រឹងសមត្ថភាព ជំនាញ ការបណ្តុះបណ្តាលវិជ្ជាជីវៈផ្សេងៗ និងគិតគូរពីលទ្ធភាពដែលអាចធ្វើទៅបានដើម្បីងាយស្រួលដល់សប្បុរសជនក្នុងការជួយឧបត្ថម្ភ។
ជាមួយគ្នានោះ លោកស្រី អគ្គលេខាធិការរងទី ១ ក៏បានលើកទឹកចិត្តដល់ក្រុមជនពិការ ឱ្យបន្តការតស៊ូព្យាយាម និងលើកកម្ពស់សេចក្តីថ្លៃថ្នូររបស់ខ្លួន តាមរយៈ ការបញ្ចេញសមត្ថភាព និងទេពកោសល្យឱ្យអ្នកដទៃមើលឃើញថា "ជនពិការ គឺពិការតែកាយតែមិនពិការចិត្ត" ដើម្បីបង្ហាញពីការរីកចម្រើននៃការលើកកម្ពស់ជនពិការ ក្រោមការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា។
លោកស្រី ញ៉ែម មរកត និងលោក ចាប តូ តំណាងឱ្យជនពិការទាំងអស់ បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជាមាតាមនុស្សធម៌ តែងគិតគូរយកចិត្តទុកដាក់ពីកន្លែងរស់នៅសមរម្យ ថ្លៃថ្នូរ និងជួយឧបត្ថម្ភដល់ក្រុមជនពិការជាបន្តបន្ទាប់ ដោយគ្មានការរើសអើងអ្វីឡើយ។
សូមបញ្ជាក់ថា បន្ថែមពីការផ្តល់ថវិកា ៣ម៉ឺនដុល្លារសម្រាប់សាងសង់អគារស្នាក់នៅ កាកបាទក្រហមកម្ពុជា ក៏បានផ្តល់អំណោយជូនសមាគមតន្ត្រីសំនៀងជនពិការរួមមាន ៖ អង្ករ ២តោន មីយើង ៥០កេស ត្រីខ ៥កេស ទឹកស៊ីអ៊ីវ ២៤ដប ទឹកត្រី ២៤ដប ទឹកបរិសុទ្ធ ១០កេស ទឹកក្រូច ១០កេស ផ្លែគូលេន ២០គីឡូក្រាម និងថវិកា ៥លានរៀល។ ដោយឡែក សម្រាប់ជនពិការទាំង ៨២នាក់ ក្នុងម្នាក់ៗទទួលបាន ៖ ថវិកា ៥ម៉ឺនរៀល មុង១ ភួយ១ សារុង ១ ក្រមា១ និងអាហារថ្ងៃត្រង់មួយពេល៕