(ភ្នំពេញ)៖ ជនសង្ស័យ២នាក់ ប្រដាប់ដោយសម្ភារកាច់កសោម៉ូតូមួយកំផ្លេរ ដើម្បីជិះម៉ូតូស្វែងរកគោលដៅប៉ុនប៉ងធ្វើសកម្មភាពលួចមិនទាន់ឃើញផង ពោលមិនទាន់បានធ្វើសកម្មភាព ត្រូវនគរបាលខណ្ឌជ្រោយចង្វារ ដែលយាមល្បាតពួនស្ទាក់នៅពេលរាត្រីចាប់វាយខ្នោះ នៅត្រង់ចំណុចលើកំណាត់ផ្លូវជាតិលេខ៦អា ស្ថិតក្នុងភូមិគៀនឃ្លាំង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ នាវេលាម៉ោង២៣៖៣០នាទីយប់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨។

ការឃាត់ខ្លួនជនសង្ស័យទាំង២នាក់ ខាងលើនេះ បើតាមលោកវរសេនីយ៍ទោ ចាន់ ស្លី អធិការរងទទួលផែនអន្តរាគមន៍ខណ្ឌជ្រោយចង្វារ បានបញ្ជាក់ពីដំណើររឿងយ៉ាងដូច្នេះថា៖ នាវេលាកើតហេតុម៉ោង២៣និង៣០នាទីយប់ថ្ងៃទី១៩ ខែមិថុនា កម្លាំងសមត្ថកិច្ចយើងបានធ្វើការល្បាតនៅក្នុងមូលដ្ឋានដូចសព្វដង ក៏ប្រទះឃើញជនសង្ស័យទាំងពីរនាក់កំពុងជិះម៉ូតូ ដោយមានការសង្ស័យ ទើបហៅឲ្យឈប់ ដើម្បីត្រួតពិនិត្យ ស្រាប់តែបានរកឃើញសម្ភារកាច់កសោរម៉ូតូមួយកម្លេរ ដែលជនសង្ស័យបានរក្សាទុកបម្រុងប៉ុនប៉ងរកធ្វើសកម្មភាព ក៍ឈានដល់ការបង្ក្រាបឃាត់ខ្លួនតែម្ដង។

លោកអធិការរងទទួលផែនអន្តរាគមន៍ខណ្ឌជ្រោយចង្វារ បានឲ្យដឹងថា បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ចយើងបានចាប់យកវត្ថុតាងមួយចំនួនដូចជា៖១-ដែកសំប៉ែតចុងស្រួចចំនួន៣ដើម ២-ដែកអក្សរតេចំនួន១ដើម ៣-ស្លាកលេខម៉ូតូ ១GP-១១៧៧ ភ្នំពេញចំនួន១ ៤-ម៉ូតូម៉ាកហុងដា សេ១២៥ សេរី២០១៥ ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ ១GM-៧៤៦៤ មួយគ្រឿង ៥-ដង្កាប់សម្រាប់គឹបស្លាកលេខចំនួន១ដើម ៦-ញញួដែកចំនួន១ដើម ៧-ដែកថ្នាំងអំពៅប្រវែង៣តឹកចំនួន១ដើម ៨-កាំបិតប៉ាំងតោចំនួន១ដើម ៩-ដែកកាំចុងស្រួចចំនួន១ដើម ១០-វីសាគឹបស្លាកលេខចំនួន១ ១១-កូនសោរម៉ូតូចំនួន១ ១២-ទូរស័ព្ទម៉ាកអ៊ិនចុចពិលចំនួន២គ្រឿង ដែលជាសម្ភារបម្រើឲ្យសកម្មភាពលួចកាច់កសោរម៉ូតូយ៉ាងសកម្ម។

លោកអធិការរងទទួលផែនអន្តរាគមន៍ខណ្ឌជ្រោយចង្វារដដែល បានឲ្យដឹងទៀតថា ជនសង្ស័យឃាត់ខ្លួនបានឈ្មោះ សុខ ជី ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងជួសជុលម៉ូតូ និងម្នាក់ទៀតឈ្មោះ យ៉ាង សុភា ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ម៉ូតូឌុប ជនសង្ស័យទាំង២នាក់ ស្នាក់នៅបន្ទប់ជួល ក្នុងភូមិសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សូមបញ្ជាក់ថា ជនសង្ស័យទាំង២នាក់ រួមជាមួយវត្ថុតាងពាក់ព័ន្ធសកម្មភាពប៉ុនប៉ងលួច ត្រូវបញ្ជូនបន្តមកកាន់អធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ ដើម្បីសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនិតិវិធី៕