(ភ្នំពេញ)៖ សម្ព័ន្ធសហគមសហគ្រាសធុនតូច និងមធ្យមកម្ពុជារំពឹងថា បន្ទាប់ពីមានការដាក់ចេញនូវយុទ្ធសាស្រ្ដរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកាត់បន្ថយ ការនាំចូលផលិតផលសម្រេច ពីបរទេសនោះ សហគ្រាសធុនតូច និងមធ្យម (SME) នឹងមានសន្ទុះកើនឡើង យ៉ាងឆាប់រហ័សជាក់ជាពុំខាន។ នេះបើតាមលោក តែ តាំងប៉ ប្រធានសម្ព័ន្ធសហគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា។
ថ្លែងក្នុងកម្មវិធី ការជំរុញលក់ផលិតផលសហគ្រាស ធុនតូច និងមធ្យមតាមប្រព័ន្ធអ៊ីធើណិតរវាងកម្ពុជា-ឥណ្ឌា នៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨នេះ លោក ឧកញ៉ា តែ តាំងប៉ បានថ្លែងថា «រាជរដ្ឋាភិបាល គ្រោងដាក់ចេញយុទ្ធសាស្រ្ដកាត់បន្ថយ ផលិតផលសម្រេចពីបរទេស និងជំរុញឧស្សាហកម្មធុនតូច និងមធ្យម។ ដូចយើងឃើញស្រាប់ហើយថា បច្ចុប្បន្ននេះកម្ពុជា តែងតែនាំចូលផលិតផលសម្រេច ពីបណ្ដាប្រទេសផ្សេងៗដូចជា ប្រទេសថៃជាដើម ដែលការនាំចូល ផលិតផលនេះ នឹងធ្វើឲ្យមានការប៉ះពាល់ដល់ SME ក្នុងស្រុក»។
លោកឧកញ៉ា ថ្លែងបន្ដទៀតថា ដើម្បីលើកស្ទួយ SME រាជរដ្ឋាភិបាលកម្ពុជា មានគោលការណ៍ស្រាប់ហើយ ក្នុងការកាត់បន្ថយការនាំចូលផលិតផល សម្រេចពីបរទេស បន្ទាប់ពីការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ដ ត្រូវបានបញ្ចប់ រាជរដ្ឋាភិបាល នឹងចាប់អនុវត្តន៍គោលការណ៍ទាំងនេះ ដើម្បីជួយដល់ SME។ SME ជាឆ្អឹងខ្នងនៃកំណើនសេដ្ឋកិច្ចជាតិ ប្រសិនបើអ្នកទាំងអស់គ្នា មិនកាត់បន្ថយការនាំចូលទេ នោះ SME មិនអាចងើបរួចនោះឡើយ។
លោកបានបញ្ជាក់ទៀតថា ក្នុងគោលបំណងលើកស្ទួយ SME សម្ព័ន្ធសហគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា បានសម្រេចសហការជាមួយក្រុមហ៊ុនឥណ្ឌា Sram&Wram Resources ដើម្បីជំរុញផលិតផលខ្មែរដែលមាន ទៅកាន់ទីផ្សារពិភពលោក តាមប្រព័ន្ធអនឡាញ។
លោក Sailesh Lachu Hiranandani ប្រធានក្រុមហ៊ុន SRAM & MRAM «ខ្ញុំរំពឹងថា ផលិតផលរបស់កម្ពុជា នឹងមានទទួលស្គាល់ច្រើន ព្រោះដោយសារតែប្រទេសកម្ពុជា ដីមានជីវជាតិល្អ អាចដាំដំណាំបានល្អ ប្រទេសភាគច្រើនដូចជា វៀតណាម-ថៃ ក៏បានទិញផលិតផលខ្មែរយកទៅវ៉ិចខ្ចប់ លក់ និងមានភាពល្បីល្បាញលើទីផ្សារពិភពលោកផងដែរ»។
ក្នុងនោះដែរ ឃើញថាអាជីវករខ្មែរបង្ហាញពីភាពសុទិដ្ឋិនិយម ចំពោះការសហការវាងសមាគមសហគ្រិនធុនតូច និងមធ្យម និងក្រុមហ៊ុនឥណ្ឌា ចំពោះការដាក់លក់ផលិតផលខ្មែរតាមប្រព័ន្ធអនឡាញនេះ ដោយម្នាក់គ្រោងនឹងបង្កើតផលិតផលផ្សេងៗបន្ថែមទៀត ដើម្បីសំរុកក្នុងការនាំចេញ។
អ្នកនាង កែវ សុខទៀង ប្រធានក្រុមហ៊ុន សេង ហួត ហ្វាហ្វា បានថ្លែងឲ្យដឹងថា «ខ្ញុំពិតជាសប្បាយរីករាយ ចំពោះការសហការគ្នារវាង សមាគមសហគ្រិនធុនតូច និងមធ្យម និងក្រុមហ៊ុនឥណ្ឌា Sram&Wram Resources ដែលគ្រោងនឹងនាំផលិតផលខ្មែរ ទៅលក់លើទីផ្សារអន្ដរជាតិ តាមរយៈប្រព័ន្ធអ៊ីនធើណេតនេះ។ ខ្ញុំពិតជា មានកំលាំងចិត្តក្នុងការផលិត ផលិតផលខ្មែរបន្ដទៀតណាស់ ព្រោះយើងមានទីផ្សារទាំងក្នុងប្រទេស និងក្រៅប្រទេស»៕