(ភ្នំពេញ)៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្ដី និងជារដ្ឋមន្រ្ដីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធ គម្រោងអភិវឌ្ឍន៍រម្មណីយដ្ឋាន វីសនីរីសតស៊ីធី (Wisney Resort City) ដែលពិធីនេះត្រូវបានរៀបចំឡើងនៅ មជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ នារសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨នេះ។
ឆ្លៀតក្នុងឱកាសនោះ លោកស្រីកិត្តិសង្គហបណ្ឌិត បានថ្លែងអំណរគុណដល់ លោក Lim Chia Loon ប្រធានក្រុមហ៊ុន SV International ដែលបានសម្រេចចិត្តក្នុងការបណ្តាក់ទុនវិនិយោគចំនួនជាង ១ពាន់លានដុល្លារ នៅលើផ្ទៃដីជាង៦៥ ហ.ត លើគម្រោងអភិវឌ្ឍន៍រម្មណីយដ្ឋាន វីសនីរីសតស៊ីធី (Wisney Resort City) រួមមាន៖ រម្មណីយដ្ឋានកម្សាន្តទឹក (water theme park) សណ្ឋាគារ និងកាស៊ីណូ ផ្សារទំនើប សួនច្បារ ឱទ្យានលំហែរកាយ ផ្លូវ និងឧទ្យានវប្បធម៌ ព្រះវិហារ ។ល។ ដែលមានទីតាំងនៅក្រុងព្រះសីហនុ ខេត្ដព្រះសីហនុ។
លោកស្រីបានបន្តទៀតថា ជាមួយនឹងទុនវិនិយោគយ៉ាងច្រើន លើគម្រោងនេះពិតជាអាចទាក់ទាញទេសចរ ទាំងក្នុងស្រុក និងក្រៅស្រុកឱ្យមកទស្សនាខេត្តព្រះសីហនុ ដើម្បីរួមចំណែកអភិវឌ្ឍ ព្រះរាជាណាចក្រកម្ពុជា ជាពិសេសខេត្តព្រះសីហនុ ឱ្យកាន់តែជឿនលឿនបន្ថែមទៀត។
លោកស្រីថា «ទាំងនេះគឺការឆ្លុះបញ្ចាំងនូវជំនឿជឿជាក់ពីបណ្តាអ្នកវិនិយោគបរទេស មកលើព្រះរាជាណាចក្រកម្ពុជា ដែលមានសុខសន្តិភាព ស្ថិរភាពនយោបាយល្អ និងការអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា»។
លោកស្រីក៏បានស្នើដល់ក្រុមហ៊ុន ដែលជាម្ចាស់គម្រោងដ៏ធំនេះ សូមអនុវត្តការសាងសង់ និងធ្វើប្រតិបត្តិការ អាជីវកម្ម ដោយគោរពតាមច្បាប់ និងលិខិតបទដ្ឋានជាធរមានរបស់ព្រះរាជាណាចក្រកម្ពុជា៕