(ព្រះសីហនុ)៖ យ៉ាងហោចណាស់ជនជាតិចិនចំនួន១០នាក់ ត្រូវកម្លាំងនគរបាលខេត្តព្រះសីហនុ ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ដ បង្ក្រាបបាន ក្រោយប្រើប្រាស់អំពើហិង្សាលើជនជាតិចិនដូចគ្នា និងអុកឡុកសង្គមទាំងកណ្ដាលថ្ងៃ ដោយគ្មានការខ្លាចរអានឹងច្បាប់របស់កម្ពុជាបន្ដិចណាសោះនោះ។

លោកឧត្តមសេនីយ៍ទោ ជួន​ ណារិន្ទ បានប្រាប់អង្គភាព ​Fresh News ឲ្យដឹងថា អំពើហិង្សានេះបានកើតឡើង នៅវេលាម៉ោង១២៖៣០នាទី​ ថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ២០១៨​ នៅចំណុចជាន់ទីមួយ នៃកាស៊ីណូ​ ញូវហ្គោលឌិនវែល ស្ថិតនៅក្រុមទី១៦ ភូមិ៣ សង្កាត់៤ ក្រុង​ព្រះសីហនុ ខេត្តព្រះសីហនុ ដោយ​ជនជាតិចិនមួយក្រុមមាន​គ្នាច្រើននាក់ បានចាប់ជនរងគ្រោះវាយ ដំ ទាត់ធាក់ និងចាប់ដាក់ក្នុងរថយន្តដើម្បីប្រព្រឹត្តិ​អំពើ​ល្មើសបន្តទៀតលើជនរងគ្រោះ។

​​បើតាមលោកឧត្តមសេនីយ៍ស្នងការ ករណីនេះបង្កឡើងដោយជនជាតិចិនចំនួនមួយក្រុម បានធ្វើសកម្មភាពជិះរថយន្ត​០១គ្រឿង ម៉ាក HYUNDAI ពណ៌ស ស្លាកលេខ​ព្រះសីហនុ2A-7268 ពីកន្លែងដែលពួកគេធ្វើការ (កាស៊ីណូឌីហាវ​) ​ទៅកាស៊ីណូ ញូវហ្គោលឌិនវែល ពេលទៅដល់ជាន់ទីមួយ នៃកាស៊ីណូ​ពួកគេបានធ្វើសកម្មភាព វាយទៅលើជនជាតិចិនចំនួន​០២នាក់ បណ្តាលឲ្យសន្លប់បាត់ស្មារតី បន្ទាប់មកពួកគេបានយកជនរងគ្រោះទាំង​០២នាក់ នោះ បោះចូលរថយន្តដែលពួកគេជិះមក រួចបើកចេញក្រៅ។

លោកឧត្តមសេនីយ៍ ជួន ណារិន្ទ បានបញ្ជាក់ថា ភ្លាមនោះកម្លាំង​របស់លោក​ទទួលការរាយការណ៍ពីប្រជាពលរដ្ឋ ដោយលោកបានបញ្ជាកម្លាំងជំនាញ របស់ការិយាល័យនគរបាលព្រហ្មទណ្ឌធ្ងន់-ស្រាល បានសហការ​ជាមួ ​កម្លាំងអធិការដ្ឋានក្រុង​ និងកម្លាំងអន្តរាគមន៍ពិសេស របស់ស្នងការដ្ឋា​ន​នគរបាលខេត្តព្រះសីហនុ ធ្វើការដេញប្រផាត់ ចាប់ប្រភីង តាមផ្លូវអិលវី ពេលដល់ផ្លូវអូរ៥ រថយន្តនោះក៏បកត្រឡប់មកផ្លូវអូរ១​វិញ រហូតដល់ចំណុចមុខផ្សារចិន ទើបកម្លាំងសមត្ថកិច្ច​ស្ទាក់ជាប់ បានរំដោះជនរងគ្រោះទៅព្យាបាលនៅមន្ទីរពេទ្យ និ​ងឃាត់ខ្លួនបានជនសង្ស័យចំនួន​១០នាក់។

ក្រោយឃាត់ខ្លួន​ កម្លាំងជំនាញនៃការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានកសាងសំណុំរឿងដើម្បីជូន​​បញ្ជូនទៅសាលាដំបូងខេត្ត​ព្រះសីហនុ ចាត់ការបន្តតាមផ្លូវច្បាប់។

យ៉ាងណាមិញ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋ ដែលបានចូលរួមសហការ​ជាមួយសមត្ថកិច្ច ដូច្នេះ​លោក​ស្នើសុំសហការ​បន្តទៀត ហើយកម្លាំងនគរបាលនឹងការពារ និងបម្រើប្រជាពលរដ្ឋ និងភ្ញៀវជាតិ-អន្តរជាតិ អ្នកវិនិយោគ​គ្រប់ជាតិសាសន៍ ហើយរឹតបន្តឹងការអនុវត្ត​ច្បាប់ដោយមិនលើកលែង ទៅលើជនណាដែលប្រព្រឹត្តិល្មើសច្បាប់៕