(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ស្អែកនេះ នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ ទទួលការងារចរាចរណ៍ នឹងធ្វើសន្និសីទសារព័ត៌មាន នៅអគ្គស្នងការដ្ឋាននគរបាលជាតិ អំពីករណីគ្រោះថ្នាក់ចរាចរណ៍របស់សម្តេចក្រុមព្រះ នរោត្តម រណឬទ្ធិ ព្រះប្រធានគណបក្ស ហ៊្វុន ស៊ិនប៉ិច។
ការធ្វើសន្និសីទសារព័ត៌មាននេះ ដើម្បីឲ្យអស់មន្ទិលសង្ស័យ និងបន្ទាប់ពីការស្នើររបស់លោក យូ ហុកគ្រី អនុប្រធានគណបក្ស ហ៊្វុន ស៊ិនប៉ិច ដើម្បីឲ្យអគ្គស្នងការដ្ឋាននគរបាលជាតិ ក៏ដូចជា ក្រសួងមហាផ្ទៃ ធ្វើការស៊ើបអង្កេតករណីគ្រោះថ្នាក់ចរាចរណ៍នេះឡើងវិញ។
សូមបញ្ជាក់ថា សម្ដេចក្រុមព្រះ នរោត្ដម រណឬទ្ធិ ព្រះប្រធានគណបក្ស ហ៊្វុន ស៊ិនប៉ិច បានជួបគ្រោះថ្នាក់ចរាចរណ៍ នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨ នៅភូមិអូរតាសេក ឃុំអូរចំណារ ស្រុកព្រៃនប់ ខេត្ដព្រះសីហនុ ចំណុចគីឡូម៉ែត្រលេខ២០០-២០១ បណ្ដាលឲ្យព្រះអង្គរងរបួសធ្ងន់ ហើយត្រូវបានបញ្ជូនទៅសង្គ្រោះបន្ដ នៅឯប្រទេសថៃ។
ដោយឡែក អ្នកម្នាង អ៊ុក ផល្លា បានទទួលមរណភាព ក្រោយពេលបញ្ជូនដល់មន្ទីពេទ្យ នៅខេត្តព្រះសីហនុ ដោយសារតែស្ថានភាពរបួសធ្ងន់ធ្ងរពេក។
សូមរំលឹកថា នៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨ សពអ្នកម្នាង អ៊ុក ផល្លារណប្ញទ្ធិ ត្រូវបានបូជា នៅបរិវេណវត្តបទុមវត្តី រាជធានីភ្នំពេញ ក្រោមវត្តមានសម្តេចព្រះមហិស្សរា នរោត្តម ច័ក្រពង្ស ឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ តំណាងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជ មាតាជាតិខ្មែរ ទ្រង់ជាអ្នកថ្វាយព្រះភ្លើងបូជា៕