(ចិន)៖ ចាប់ពីថ្ងៃច័ន្ទដើមសប្តាហ៍នេះមក ការិយាល័យគយ នៅតាមច្រកព្រំដែនទូទាំងប្រទេសចិន លែងមានគេរង់ចាំតម្រង់ជួរវែង ដូចមុនទៀតហើយ ក្រោយពីរដ្ឋាភិបាលបានចាប់ផ្តើម អនុវត្តគោលនយោបាយថ្មីមួយ ដែលមានបំណងពន្លឿន ដល់ដំណើរការត្រួតពិនិត្យគយ។

រដ្ឋាភិបាលចិន បានស្វែងរកវិធីពន្លឿនដល់ការត្រួតពិនិត្យគយ នៅតាមច្រកព្រំដែន ហើយការងារនេះ បានកើតចេញជាផ្លែផ្កាភ្លាមៗតែម្តង។

បើយោងតាមទិន្នន័យ ដែលចេញផ្សាយដោយរដ្ឋបាលអន្តោរប្រវេសន៍ជាតិចិន មានអ្នកដំណើរសរុបជិត៦លាននាក់ បានឆ្លងកាត់ច្រកព្រំដែននៅអំឡុងទិវាបុណ្យទាន់អ៊ូ (he Duanwu Festival) នាថ្ងៃចុងសប្តាហ៍កន្លងទៅ ពោលគឺកើនឡើង១០.៤ភាគរយ បើធៀបនឹងឆ្នាំមុន។ ច្រកចូលព្រំដែនកុងប៉ី មានអ្នកដំណើរឆ្លងកាត់ជិត៤សែននាក់ក្នុងមួយថ្ងៃ ក្នុងអំឡុងថ្ងៃឈប់សំរាករយៈពេល៣ថ្ងៃនេះ។

ដំណើរការត្រួតពិនិត្យគយ ដែលត្រូវបានសម្រួលនេះ បានជួយកាត់បន្ថយការចំណាយពេលវេលា ឱ្យនៅសល់តិចបំផុត សម្រាប់ទីក្រុងនានាដូចជាប៉េកាំង និង ជូហៃជាដើម។

អ្នកដំណើរមកពីចិនដីគោកម្នាក់និយាយថា «ថ្ងៃនេះ ការតម្រង់ជួរ គឺរលូនល្អ។ ខ្ញុំចំណាយពេលបន្តិចប៉ុណ្ណោះដើម្បីឆ្លងកាត់ទីនេះ»។​

ច្រកចូលព្រំដែនសំខាន់ៗ បានដាក់បញ្ជរដាច់ដោយឡែកសម្រាប់ពលរដ្ឋចិនតែម្តង ដើម្បីឱ្យពួកគេអាចឆ្លងកាត់ការិយាល័យគយ ដោយចំណាយពេលត្រឹមតែ១០នាទីប៉ុណ្ណោះ ហើយវិន័យសម្រាប់អ្នកដំណើរបរទេស នៅរក្សាឱ្យនៅដាច់ដោយឡែកដដែល។

អ្នកនាង ឈី ពីង មន្ត្រីការិយាល័យព្រំដែននិងគយហង់ចូវ បាននិយាយថា «សម្រាប់អ្នកដំណើរបរទេស ដែលចូលមកដល់ យើងប្រមូលទិន្នន័យអំពីមុខមាត់ ក្រយៅដៃ និងផ្នែកផ្សេងៗនៃរាងកាយរបស់ពួកគាត់។ យើងបម្រើពលរដ្ឋចិន និងជនបរទេស ដាច់ដោយឡែកពីគ្នា។ ធ្វើបែបនេះ យើងអាចពន្លឿនការត្រួតពិនិត្យសម្រាប់ពលរដ្ឋចិនបាន»

ថ្មីៗនេះ រដ្ឋបាលអន្តោរប្រវេសន៍ជាតិចិន បានធ្វើការស្រាវជ្រាវមួយ នៅតាមស្ថានីយ៍ត្រួតពិនិត្យលិខិតឆ្លងដែន និងគយ ក្នុងអាកាសយានដ្ឋាន និងកំពង់ផែនានា ដែលនៅជាប់ហុងកុង និងម៉ាកាវ ស្របពេលដែលគេកំពុងព្យាយាម កាត់បន្ថយការចំណាយពេលវេលា តម្រង់ជួររង់ចាំ ជាពិសេសនៅថ្ងៃចុងសប្តាហ៍ និងថ្ងៃបុណ្យទានតែម្តង។

ស្ថិតក្រោមគោលការណ៍គយថ្មីនេះ គេត្រូវខិតខំបង្កើនប្រសិទ្ធភាព លើការផ្តល់សេវានៅនឹងកន្លែង សម្រួលដំណើរការ ពង្រឹងការប្រើប្រាស់បច្ចេកវិទ្យា និងលើកស្ទួយដល់ការបំពេញ ឯកសារគយដោយខ្លួនឯង ដើម្បីជួយសម្រួលបន្ថែមទៀត ដល់ការចេញចូលរបស់ពលរដ្ឋចិន៕