(តាកែវ)៖ ដោយមើលឃើញពីទុក្ខលំបាករបស់របស់អាណាព្យាបាលសិស្ស លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស សាលាបឋមសិក្សាខ្សឹង ដែលស្ថិតនៅក្នុងសង្កាត់រកា ក្នុងក្រុងដូនកែវ មានសភាពចាស់ទ្រុឌទ្រោម និងសាលាលិចទឹកដែលបង្កការលំបាកដល់សិស្សរៀនសូត្រនោះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បានសម្រេចផ្ដល់អគារសិក្សាជូនដល់សាលាបឋមសិក្សាខ្សឹង នូវអគារសិក្សា១ខ្នង កំពស់២ជាន់ចំនួន១២បន្ទប់ និងអគារទីចាត់ការមួយខ្នងចំនួន៣បន្ទប់ថែមទៀត។

នៅរសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨នេះ លោក អ៊ូច ភា អភិបាលខេត្តតាកែវ បានអញ្ជើញទៅប្រកាសប្រាប់ដល់អាណាព្យាបាលសិស្ស លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ពីអំណោយដ៏ថ្លៃថ្លារបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានសម្រេចជួយសាងសង់អគារសិក្សាដល់សាលាបឋមសិក្សាខ្សឹង។

ថ្លែងនៅចំពោះមុខបងប្អូន ប្រជាពលរដ្ឋដែលជាអាណាព្យាបាលសិស្ស លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ដែលបានចូលរួមនៅក្នុងពិធីនោះលោក អ៊ូច ភា បានថ្លែងថា សម្ដេចតេជោ លោកតែងតែគិតពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និងក្នួយៗសិស្សានុសិស្សគ្រាប់ពេលវេលា។

ជាក់ស្ដែងដូចជាថ្ងៃនេះ នៅពេលដែលសម្ដេចតេជោ បានមកជួបសួរសុខទុក្ខបងប្អូនកម្មករ-កម្មការិនីនៅក្នុងខេត្តតាកែវ ហើយដោយទទួលដំណឹងថា ក្មួយៗសិស្សានុសិស្សសាលាបឋមសិក្សាខ្សឹង កំពុងតែជួបនូវការលំបាកដោយសាលារៀនលិចទឹក និងអគារសាលារៀនមានសភាពទ្រុឌទ្រោមនោះ សម្ដេចតេជោ ហ៊ុន សែ បានសម្រេចផ្ដល់អគារសិក្សា១ខ្នង កំពស់២ជាន់ មាន១២បន្ទប់ និងអគារទីចាត់ការ១ខ្នង មាន៣បន្ទប់ភ្លាមៗតែម្ដង។

លោកអភិបាលខេត្តតាកែវ បានបន្ថែមថា អគារសិក្សា និងទីចាត់ការនេះ នឹងត្រូវសាងសង់ឆាប់ខាងមុខនេះដែរ។ វានឹងបង្កលក្ខណៈងាយស្រួលដល់ក្មួយៗ សិក្សារៀនសូត្រ ហើយលោកគ្រូ អ្នកគ្រូ ក៏មានកន្លែងធ្វើការសមរម្យផងដែរ។ នេះជាការយកចិត្តទុកដាក់របស់សម្ដេចតេជោ ហ៊ុន សែន ពោលមានសម្ដេចតេជោ មានសុខសន្តិភាព មានការអភិវឌ្ឍន៍លើគ្រប់វិស័យ ជាពិសេសសម្ដេច តែងតែគិតគូជានិច្ចចំពោះសុខទុក្ខបងប្អូនប្រជាពលរដ្ឋ។ ដូច្នោះដើម្បីឲ្យសម្ដេចតេជោ បន្តនៅដឹកនាំប្រទេសឲ្យមានសុខសន្តិភាព មានការអភិវឌ្ឍន៍តទៅទៀត សូមបងប្អូនប្រជាពលរដ្ឋ បោះឆ្នោតគាំទ្រសម្ដេច តាមរយៈបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា មានរូបសញ្ញាទេវតាបាចផ្កា និងមានលេខរៀងទី២០។

គួរបញ្ចាក់ថា ក្រៅពីជួយសាងសង់អគារសិក្សា១ខ្នង កំពស់២ជាន់១២បន្ទប់ និងអគារទីចាត់ការ១ខ្នង៣បន្ទប់ ដល់សាលាបឋមសិក្សាខ្សឹង សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានជួយចាក់ផ្លូវបេតុងចូលសាលា ជួយធ្វើរបងសាលា ក្លោងទា្វរ ដងទង់ជាតិ និងបានជួយឧបត្ថមជាថវិកាដល់លោកគ្រូ អ្នកគ្រូ ចំនួន១៧នាក់ ដោយម្នាក់ទទួលបានថវិកា១០ម៉ឺនរៀល និងសិស្សានុសិស្ស សាលាបឋមសិក្សាខ្សឹងចំនួន២៥៥នាក់ក្នុងម្នាក់ៗ ទទួលបានថវិកាចំនួន១ម៉ឺនរៀល៕