(ភ្នំពេញ)៖ ជម្លោះដីធ្លីរវាងប្រជាពលរដ្ឋ និងអតីតអភិបាលរងខេត្តព្រះវិហារ លោក មាស សាវឿន នៅខណ្ឌឬស្សីកែវ ដែលបានអូសបន្លាយយូរឆ្នាំមកនោះ នៅពេលនេះត្រូវបានដោះស្រាយបញ្ចប់ ក្រោមការសម្របសម្រួលជាបន្តបន្ទាប់របស់អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង និងអភិបាលខណ្ឌឬស្សីកែវ លោក ជា ពិសី ព្រមទាំងមន្រ្តីពាក់ព័ន្ធជាច្រើនផ្សេងទៀត។
ក្រោយទទួលបានយុត្តិធម៌ពិតប្រាកដខាងលើនេះ អ្នកស្រី លឹម វណ្ណា ជាប្រជាពលរដ្ឋម្នាក់ តំណាងឲ្យក្រុមគ្រួសារទាំងមូល បានចេញមកគោរពថ្លែងអំណរគុណជូនពរយ៉ាងជ្រាលជ្រៅ ជូនលោក ឃួង ស្រេង និងលោក ជា ពិសី ព្រមទាំងមន្ត្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ដែលបានជួយដោះស្រាយបញ្ចប់ជម្លោះនេះ ក្រោយគោលនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា។
ការគោរពថ្លែងអំណរគុណ និងដឹងគុណចំពោះថ្នាក់ដឹកនាំ នៃគណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ និងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ខណ្ឌឬស្សីកែវ ខាងលើនេះ ត្រូវបានអ្នកស្រី លឹម វណ្ណា ជាមួយក្រុមគ្រួសារទាំងមូល បានសម្រេចចិត្តធ្វើឡើងតាមរយៈភ្នាក់ងារសារព័ត៌មាន Fresh News នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨នេះ បន្ទាប់ពីនៅប៉ុន្មានថ្ងៃទៀតខាងមុខនេះប៉ុណ្ណោះ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងសម្រេចបង្កើតគណៈគម្មការចម្រុះ ដើម្បីចុះអនុវត្តប្រកាសប្រគល់សិទ្ធិកាន់កាប់ដីធ្លីជូនអ្នកស្រី ស្ថិតនៅក្នុងតំបន់អភិវឌ្ឍន៍ឫស្សីកែវ ភូមិទួលពពែ សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ ដែលត្រូវបានលោក មាស សាវឿន អតីតអភិបាលរងខេត្តព្រះវិហាររំលោភយកតាមរយៈការសង់រោងស្នាក់នៅ និងធ្វើរបងព័ទ្ធរំលោភយកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនជាច្រើនលើកមកហើយ។
ការប៉ុនប៉ងរបស់លោក មាស សាវឿន មិនបានសម្រេចនោះទេ ក្រោយពីលោក ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី បានបង្វែរទំនាស់សំណុំរឿងដីធ្លី ដែលនៅសេសសល់ ព្រមទាំងការដោះស្រាយដីលំនៅដ្ឋាន ជូនប្រជាពលរដ្ឋដែលកំពុងទន្ទ្រានកាន់កាប់ដីនៅតំបន់អភិវឌ្ឃន៍ឬស្សីកែវ រួមទាំងដីគម្រោងសម្រាប់ផ្សារ និងសាលារៀន ជូនមកលោក ឃួង ស្រេង អភិបាលរាជធានីភ្នមពេញ ដើម្បីចាត់ការបន្តតាមស្ថានភាពជាក់ស្ដែង រហូតទទួលបានជោគជ័យជាបណ្ដើរៗ។
សូមបញ្ជាក់ថា អភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង បានបញ្ជាទៅអាជ្ញាធរ និងមន្រ្តីជំនាញចុះទៅរុះរើសំណង់ខុសច្បាប់ របស់អតីតអភិបាលរងខេត្តព្រះវិហារ លោក មាស សាវឿន ជាលើកទី៤ ស្ថិតនៅក្នុងតំបន់អភិវឌ្ឍន៍ឫស្សីកែវ ភូមិទួលពពែ សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨កន្លងទៅ។
យុទ្ធនាការខាងលើនេះ ដឹកនាំដោយលោក ស៊ូ សោគន្ធ អភិបាលរងខណ្ឌឫស្សីកែវតំណាងលោក ជា ពិសី អភិបាលខណ្ឌ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពចម្រុះជាច្រើននាក់ ចុះអនុវត្តភ្លាមៗ ក្នុងការរុះរើវាយកម្ទេចសំណង់ឈើយាមចាំដីរបស់លោក មាស សាវឿន ដើម្បីដកហូតយកមករក្សាទុក ដែលបានជួលមនុស្សឲ្យសង់រំលោភលើដីប្រជាពលរដ្ឋក្បែរខាង ជាលើកទី៤ហើយ បើទោះបីជាមានការរារាំងយ៉ាងក៏ដោយ។
កាលពីព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០១៨ កន្លងទៅ លោក គុជ គឹមឡុង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ក៏បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌឬស្សីកែវ (នគរបាល អាវុធហត្ថ ប្រជាការពារ និងមន្រ្តីមូលដ្ឋាន) ជាង២០០នាក់ ដោយយកគ្រឿងចក្រចុះទៅវាយកម្ទេចចោល របងថ្មដ៏រឹងមាំរបស់អតីតអភិបាលរងខេត្តព្រះវិហារ ដែលសង់រំលោភទៅលើដីរបស់ ប្រជាពលរដ្ឋនៅក្បែរខាង។
អ្នកស្រី លឹម វណ្ណា បានអះអាងថា ដីទំនាស់នេះ មានទំហំ ១២០០០ម៉ែត្រការ៉េ គាត់បានទិញដោយស្របច្បាប់ ពីលោក លឹម អាន ចំនួនក្បាលដី៦០ម៉ែត្រ មានជម្រៅ២០០ម៉ែត្រ នៅក្នុងឆ្នាំ១៩៩៩មកម្ល៉េះ និងមានទាំងឯកសារពីអាជ្ញាធរភូមិ សង្កាត់ ខណ្ឌដឹងឮ និងទទួលស្គាល់ត្រឹមត្រូវ ជាពិសេសលោក មាស សាវឿន ដែលធ្លាប់មានរឿងអាស្រូវជាប់ពន្ធនាគាររឿងដីធ្លី បានលក់ដីរបស់ខ្លួនអស់ទៅហើយ ចំនួន១២៥ម៉ែត្រ និងជម្រៅ២០០ម៉ែត្រ ដែលនៅខាងកើតជាប់ក្បាលដីរបស់ឈ្មោះ លឹម អាន ជាពិសេសលោក មាស សាវឿន បានផ្ដិតមេដៃទទួលស្គាល់ព្រុំដីនៅចំពោះមុខមេភូមិ និងអនុប្រធានភូមិ ក្នុងឆ្នាំ២០០០មក ស្រាប់តែប្តឹងចោទឈ្មោះ លឹ ម អាន ថាលួចយកដីលក់ ដើម្បីដណ្ដើម ដីរបស់គាត់ ដែលទិញដោយស្របច្បាប់ ទើបមានការប្ដឹងផ្ដល់គ្នារហូតដល់អំឡុងឆ្នាំ២០១៦។
ករណីនេះត្រូវបានព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញលោកស្រី ស៊ី វណ្ណនី ធ្វើការកោះហៅឲ្យលោក ប៉ុល ឌីម ជាមេភូមិទួលគោក និងលោក ស៊ុន លឹមសេង អនុប្រធានភូមិ ស្ថិតក្នុងសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ឲ្យចូលខ្លួនមកបំភ្លឺបញ្ជាក់ជុំវិញករណីពិនិត្យស្នាមមេដៃលើលិខិតលក់-ទិញដី និងទទួលស្គាល់ព្រុំជាប់ដីទាំងសង្ខាង ដើម្បីបញ្ចប់បញ្ហា ហើយបានរកឃើញថា ពិតជាស្នាមមេដៃលោក មាស សាវឿន ប្រាកដមែន ពោលគឺលោក មាស សាវឿន មិនមានដីនៅទីតាំងនោះទៀតទេ៕