(បាត់ដំបង)៖ លោកទេសរដ្ឋមន្ដ្រី លី ធុជ អនុប្រធានទី១អាជ្ញាធរមីន នៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨នេះ អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ ក្នុងខួបទី២៥ឆ្នាំ របស់អង្គការ ម៉ែក ដែលធ្វើការលើវិស័យមីនក្នុងប្រទេសកម្ពុជា នៅខេត្តបាត់ដំបង។
លោកទេសរដ្ឋមន្ត្រី លី ធុជ ក្នុងនាមសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះប្រតិបត្តិករដោះមីនទាំងអស់ ដែលបាននិងកំពុងបំពេញភារកិច្ចប្រកបដោយហានិភ័យខ្ពស់បំផុត និងថ្នាក់ដឹកនាំអង្គការ ម៉ែក ដែលបានខិតខំស្វែងរកធនធានដោយខ្លួនឯង មកបោសសម្អាតមីននៅកម្ពុជាតំាងពីឆ្នាំ១៩៩២ រហូតដល់បច្ចុប្បន្ន ហើយអង្កការម៉ែក តែងតែសហការយ៉ាងល្អ ជាមួយអាជ្ញាធរមីន និងអាជ្ញាធរមូលដ្ឋាន គ្រប់ជាន់ថ្នាក់។
លោកទេសរដ្ឋមន្ត្រី ក្នុងនាមសម្តេចតេជោ ហ៊ុន សែន សូមគាំទ្រយ៉ាងខ្លាំងចំពោះផែនការ បោសសម្អាតមីនរបស់អង្កការ ម៉ែក ដែលឆ្លើយតបទៅតាម ផែនការយុទ្ធសាស្ត្រជាតិ វិស័យសកម្មភាពមីន (NMAS) និងសមត្ថផលនានា ដែលអង្ការម៉ែក សម្រេចបាននាពេលកន្លងមក រួមមាន បោសសម្អាតដីបាន ៤៧,១២៥,៦០៩ ម៉ែត្រការ៉េ មីនប្រឆំាងមនុស្ស៣,៥០៤២គ្រាប់ មីនប្រឆាំងរថក្រោះ៣៦១គ្រាប់ គ្រាប់មិនទាន់ផ្ទុះ១៤,៤៧៥គ្រាប់ និងអ្នកទទួលផលផ្ទាល់ជាង២១៧,០០០នាក់ មកពីគ្រួសារចំនួន៤៨,៥៥៦៕