(ភ្នំពេញ)៖ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨នេះ សាខាក្រុមហ៊ុនថៃសាមសុង អេឡិកត្រូនិក បានរៀបចំពីធីចុះអនុស្សារណៈយោគយល់គ្នា ជាមួយអាជ្ញាធរអប្សរា នៅការិយាល័យក្រុមហ៊ុនសាមសុង ក្នុងរាជធានីភ្នំពេញ។
កម្មវិធីនេះ ត្រូវបានប្រារព្ធឡើងក្នុងគោលបំណង ដើម្បីប្រគល់មូលនិធិចំនួន ២៤៧,០៨០,០០០លានរៀល (ប្រមាណ ៦១,៧៧០ដុល្លារអាមេរិក) ពីការលក់ទូរស័ព្ទ Samsung Galaxy «J» ស៊េរី២០១៦ ដែលបានសន្យានឹងធ្វើការឧបត្ថម្ភទឹកប្រាក់ ១ម៉ឺនរៀលរាល់ការលក់ផលិតផលបាន១គ្រឿង។
ក្រុមហ៊ុនក៏បានធ្វើការផ្សព្វផ្សាយ និងជំរុញលើកទឹកចិត្តប្រជាជនតាមរយៈយុទ្ធនាការ «មោទនភាពជាតិក្នុងដៃអ្នក» ដោយប្រើប្រាស់រូបភាពអង្គរវត្តនៅលើប្រអប់ (box) និងនៅលើផ្ទាំងមុខ (theme) នៃទូរស័ព្ទដៃម៉ាក Samsung Galaxy «J» ស៊េរី២០១៦ ផងដែរ ក្នុងចេតនាបំផុសទឹកចិត្តស្រលាញ់ និងមោទនភាពចំពោះប្រាសាទអង្គរវត្ត ដ៏មហាអច្ឆរិយៈរបស់កម្ពុជាយើង។
រហូតមកដល់ពេលនេះ ក្រុមហ៊ុនសាមសុង ជឿជាក់ថា ផលិតផលបានលក់សម្រេចអស់ពីលើទីផ្សារប្រទេសកម្ពុជាហើយ ទើបសម្រេចចិត្តជ្រើសរើសយកពេលវលានេះ ដើម្បីបិទបញ្ចប់មូលនិធិ Samsung Galaxy «J» ស៊េរី២០១៦នេះ។
មូលនិធិនេះ នឹងប្រគល់ជូនទៅអាជ្ញាធរអប្សរា ដើម្បីអភិវឌ្ឍន៍ស័យទេសចរណ៍ និងរៀបចំរមណីយដ្ឋាន នៅតំបន់សៀមរាប-អង្គរ និងកិច្ចការងារផ្សេងៗទៀត តាមទិសដៅការងាររបស់អាជ្ញាធរអប្សារា។ នេះបើតាមប្រសាសន៍របស់លោក Seungho Choi អគ្គនាយកសាខាក្រុមហ៊ុនថៃសាមសុង អេឡិចត្រូនិក ប្រចាំប្រទេសកម្ពុជា។
លោកបានបន្តថា រូបភាពអង្គរវត្តដែលបានបង្ហាញនៅលើប្រអប់ (box) និងលើផ្ទាំងមុខ (theme) នៃទូរស័ព្ទដៃម៉ាក Samsung Galaxy «J» ស៊េរី(J3 J5 និង J7) គឺបានបង្ហាញពីចេតនារបស់ក្រុមហ៊ុន ដែលចង់ចូលរួមជាមួយប្រជាជនកម្ពុជា ក្នុងការបំផុសទឹកចិត្តស្រលាញ់ អភិរក្ស និងថែរក្សាសម្បត្តិវប្បធម៌ ដ៏ល្អមួយនេះផងដែរ។
ជាមួយគ្នានេះ លោក សុខ សង្វារ អគ្គនាយករងអាជ្ញាធរអប្បរា បានថ្លែងថា តាងនាមឲ្យអាជ្ញាធរអប្សរាជាតិ លោកសូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រ និងកោតសរសើរចំពោះក្រុមហ៊ុនសាមសុង ដែលបានបង្កើតគម្រោងនេះឡើង។
លោកបន្តថា អាជ្ញាធរអប្សរាជាតិ រីករាយក្នុងការទទួលយកមូលនិធិនេះ និងប្រើប្រាស់មូលនិធិនេះសម្រាប់កិច្ចការ ក្នុងការថែទាំប្រាង្គប្រាសាទរបស់យើងឲ្យបានល្អប្រសើរ។
លោក សុខ សង្វារ បានថ្លែងឲ្យដឹងទៀតថា លោកមានការរីករាយណាស់ ចំពោះក្រុមហ៊ុនសាមសុង ដែលត្រូវបានទទួលស្គាល់ទូទាំងពិភពលោកថា ជាក្រុមហ៊ុនស្មាតហ្វូនធំជាងគេ បានសម្រេចចិត្តបង្កើតកម្មវិធីល្អៗ ដើម្បីសង្គមកម្ពុជា ហើយលោកក៏សុំអំពាវនាវដល់ក្រុមហ៊ុនសាមសុង ក៏ដូចជាក្រុមហ៊ុនដ៏ទៃផ្សេងទៀតបន្តនូវកម្មវិធី ឬកម្មវិធីសង្គមផ្សេងៗ ជាបន្តទៀតដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមកម្ពុជា។
សូមជម្រាបថា ក្រៅពីសកម្មភាពសង្គមខាងលើនេះ ក្រុមហ៊ុនសាមសុងក៏បានចូលរួចក្នុងការជួយសង្គមជាតិ មានដូចជា ការបរិច្ចាគឈាម យុទ្ធនាការចែកមួកសុវត្ថិភាព Love & care និងវគ្គបណ្តុះបណ្តាលសាមសុង Tech Institute ផងដែរ៕