(ភ្នំពេញ)៖ ក្នុងឱកាសចុះសំណេះសំណាលជាមួយកម្មករ-កម្មការិនីជិត២ម៉ឺននាក់ នៅខេត្តតាកែវ សម្តេចតេជោនាយករដ្ឋមន្ត្រីនៃកម្ពុជា ហ៊ុន សែន នៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨នេះ បានថ្លែងទាំងអួលដើម.ក ស្ទើរស្រក់ទឹកភ្នែក ពេលរំលឹកដល់ពេលវេលាកាលពី៤១ឆ្នាំមុន ក្នុងការសម្រេចយកជីវិតធ្វើដើមទុន ចាកចោលប្រពន្ធដែលមានផ្ទៃពោះទើបតែបាន៥ខែ ដើម្បីរំដោះប្រទេសជាតិ ចេញពីរបបដ៏ខ្មៅងងឹត ប៉ុល ពត។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅថ្ងៃនេះ ជាខួប៤១ឆ្នាំ ដែលសម្តេចយកជីវិតធ្វើជាដើមទុន ដើម្បីរំដោះជាតិ ហើយពេលសម្រេចនិយាយនឹកដល់រឿងនេះ គឺសម្តេចមានភាពក្តុកក្តួលយ៉ាងខ្លាំង ព្រោះតែស្ថានភាពពេលនោះ គឺជាពេលលំបាកបំផុត ក្នុងការសម្រេចចិត្ត។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ចាប់តាំងពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧នោះមក គឺសម្តេចបានសម្រេចឈប់ធ្វើកូនចៅគេ ហើយត្រូវគូសវាសដោយខ្លួនឯង ដើម្បីជោគវាសនាជាតិ និងប្រជាជនកម្ពុជា។

សម្តេចបានថ្លែងថា «ថ្ងៃនេះ ជាខួបលើកទី៤១ឆ្នាំ ដែលពូ [សម្តេចតេជោ] ចាប់ផ្តើមយកជីវិតធ្វើដើមទុន ដើម្បីសង្គ្រោះប្រទេសជាតិកាលពីពេលនោះ។ ក្មួយអើយ ពូនិយាយដល់រឿងនេះ ស្ទើរតែពិបាកទ្រាំ ជាមួយនឹងការទប់ទឹកភ្នែក ព្រោះវាវេទនាពេក។ អីចឹងបានជាយុវជនសម័យនេះ ជាយុវជនដែលមានភ័ព្វសំណាងខ្លាំងណាស់។...ជីវិតរបស់ពូមិនមែនរស់ដើម្បីតែខ្លួនឯងទេ ប៉ុន្តែដើម្បីរស់រានមានជីវិតរបស់ប្រទេសជាតិមួយ ការរស់រានមានជីវិតរបស់ប្រជាជន ដែលកំពុងរងគ្រោះថ្នាក់»

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ប្រសិនបើស្ថានភាពពេលនោះ សម្តេចធ្វើការសម្រេចចិត្តខុសតែបន្តិចនោះ ប្រហែលជានយោបាយរបស់កម្ពុជានៅពេលនេះ មិនដឹងទៅជាយ៉ាងណានោះទេ គឺមិនមែនគ្រាន់តែដូរទិសនយោបាយរបស់កម្ពុជាទេ គឺប៉ះពាល់ដល់អាយុជីវិតរបស់ប្រជាជនកម្ពុជាផងដែរ។

សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលបានថ្លែងទៀតថា «បើសិនជាមិនមានវត្តមានរបស់ពូ ក្នុងដំណើរជីវិត នៅក្នុងដំណើរជាតិ តើប្រទេសជាតិនេះ វាដូរទិសរបៀបម៉េច? ពេលនោះពិតជាមានការលំបាកណស់ តើត្រូវបះបោរវាយ ប៉ុល ពត នៅនឹងកន្លែង ឬយ៉ាងណាស? នោះហើយ គឺជាស្ថានភាពដែលលំបាកបំផុត។ លទ្ធភាពបញ្ជាកងទ័ព អាចប្រើបាស់បានកម្លាំង១ពាន់នាក់ ឬលើសពីនេះ ព្រោះពេលនោះពូ កាន់អង្គភាពមួយដែលមានកម្លាំងជាង២ពាន់នាក់ ប៉ុន្តែនៅថ្ងៃចេញដំណើរកងទ័ព របស់ពូនៅសល់ ១៧៧៦នាក់ ដែលពេលនោះអាច វាយកាន់កាប់ បាននៅតំបន់មួយចំនួន (ក្នុងខេត្តកំពង់ចាម) ប៉ុន្តែតាមការវាយតម្លៃរបស់ពូ យ៉ាងយូរ១អាទិត្យកម្លាំងទាំងអស់នោះនឹងត្រូវបង្ក្រាប នៅក្នុងថ្លុកឈាម ព្រោះមិនអាចយកឈ្នះ ប៉ុល ពត ដែលមានកម្លាំងរហូតដល់១៨កងពលធំនោះទេ»

សម្តេចតេជោ ហ៊ុន សែន ថ្លែងទៅកាន់កម្មករ កម្មការិនីទៀតថា «ជម្រើសដែលនៅសេសសល់ល្អជាងគេនៅពលនោះ គឺដើម្បីបញ្ច្រៀសគ្រោះថ្នាក់សម្រាប់ជីវិតកងទ័ព និងសម្រាប់ជីវិតប្រជាជន គឺពូមានតែសម្រេចចិត្តធ្វើការចាកចេញ ដោយការឈឺចាប់ ជាមួយនឹងទឹកភ្នែករាប់សែន រាប់ម៉ឺនដំណក់ ចាកចោលប្រទេសជាតិ ដោយក្តីឈឺចាប់ ជាមួយនឹងប្រជាជនដែលកំពុងរងគ្រោះ ជាមួយនឹងភរិយាដែលកំពុងមានផ្ទៃពោះ៥ខែ នោះហើយ គឺជាការលំបាករបស់យុវជនជំនាន់នោះ ដែលរួមមានទាំងជីដូនជីតា ឪពុកម្តាយរបស់ក្មួយៗផងដែរ»

សម្តេចតេជោនាយករដ្ឋមន្ត្រីបានរំលឹកទៀតថា ក្នុងលិខិតសរសេរជាបណ្តាំទុកជូនភរិយា គឺសម្តេចសរសេរហើយ ហែកចោលជាច្រើនសារ ព្រោះមិនដឹងត្រូវសរសេរបែបណា ដើម្បីកុំឲ្យប៉ះពាល់សតិអារម្មណ៍ភរិយាដែលកំពុងមានផ្ទៃពោះនោះ។ ទីបំផុតសម្តេចបានសម្រេចប្រើពាក្យមួយឃ្លាថា «បងសុំលាអូនហើយ លាដើម្បីជួបវិញ»

សម្តេចនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា នៅថ្ងៃម្សិលមិញ សូម្បីតែសម្តេចសរសេរអក្សរប៉ុន្មានឃ្លា អមជាមួយបទចម្រៀងមួយបទ ធ្វើឲ្យទឹកភ្នែកបានរមៀលធ្លាក់ចុះមកពេល កំពុងធ្វើដំណើរតាមរថយន្តពី ទីស្តីការគណៈរដ្ឋមន្ត្រី។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សង្គ្រាមបង្កើតឡើងដោយមនុស្សជំនាន់មុន បានធ្វើឲ្យសម្តេចដែលជាយុវជនមានវ័យត្រឹមតែ២៥ឆ្នាំ កាលពី៤១ឆ្នាំមុននោះ ត្រូវចេញទៅតស៊ូរំដោះជាតិ ហើយបានប្រឹងប្រែងពន្លត់ភ្លើងសង្គ្រាម និងបង្រួបបង្រួមជាតិទាំងស្រុងកាលពី២០ឆ្នាំមុន។

សម្តេចតេជោបានថ្លែងប្រទេសកម្ពុជា និងមនុស្សជំនាន់មុន បានឈឺចាប់ឆ្អែតឆ្អន់ហើយចំពោះអតីតកាលរបស់កម្ពុជា ដូច្នេះត្រូវរួមគ្នាការពារ ឲ្យបានកុំឲ្យអតីតកាលនោះវិលមកជាថ្មី ហើយដើម្បីរក្សាបានស្ថានភាពសុខសន្តិភាព ដូចពេលបច្ចុប្បន្នត្រូវបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា៕