(ភ្នំពេញ)៖ សាខាកាំកុងត្រូលតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ នៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨នេះ បានសហការជាមួយមន្ទីរពាណិជ្ជកម្មរាជធានីភ្នំពេញ និងគណៈកម្មការផ្សារ បានបន្តចុះមកពិនិត្យគុណភាព សុវត្ថិភាពចំណីអាហារ នៅផ្សាររីករាយ ស្ថិតក្នុងខណ្ឌសែនសុខ។
មន្រ្តីកាំកុងត្រូលតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ បានឲ្យដឹងថា ពេលចុះពិនិត្យនោះទំនិញជាម្ហូបអាហារ និងគ្រឿងឧបភោគ បរិភោគប្រចាំថ្ងៃ ចំនួន២៩គំរូ ត្រូវបានយកមកពិនិត្យ វិភាគរកសារធាតុគីមីហាមឃាត់។ ជាលទ្ធផលផលិតផល ដែលពិនិត្យទាំង២៩គំរូនេះ គឺមានអនុលោមភាព សុវត្ថិភាពចំនួន២៣គំរូ ដែលរួមមាន៖ តៅហ៊ូដុំ សណ្តែកបណ្តុះ ប្រហិតសាច់គោ សរសៃគុយទាវ មី ប្រភេទជ្រក់ អាហារសមុទ្រស្រស់ក្លាសេ ជាដើម។
ដោយឡែក ចំពោះបង្អែមលតខៀវ និងបង្អែមនំបាញ់ឌុក ពិនិត្យវិភាគរកឃើញ មានសារធាតុគីមី ហាមឃាត់បូរ៉ាក់ ហើយត្រូវបានក្រុមការងារ បង្ហាញពីលទ្ធផលវិភាគជូនដល់អ្នកលក់ និងបានឯកភាពគ្នាធ្វើកិច្ចសន្យាបញ្ឈប់ការលក់លតខៀវ និងនំបាញ់ឌុក មានសារធាតុ គីមីហាមឃាត់ ព្រមទាំងបានធ្វើកំណត់ហេតុ ដកហូតបាននូវចំណីអាហារ ដែលមានផ្ទុក សារធាតុគីមីហាមឃាត់បាន ១៦.៤គីឡូក្រាម ដើម្បីកម្ទេចចោល។
ចំពោះទំនិញវេចខ្ចប់រួច មន្រ្តីកាំកុងត្រូលពិនិត្យឃើញមានវត្ថុធាតុដើមផ្សំធ្វើទឹកជ្រលក់ ហួសកាលបរិច្ឆេទកំណត់ប្រើប្រាស់ ចំនួន៥ដប ស្មើនឹង៤.២៥០គីឡូក្រាម ត្រូវបានមន្រ្តីកាំកុងត្រូល ធ្វើកំណត់ហេតុដកហូតយកមករក្សាទុកដើម្បីរៀបចំនីតិវិធីកម្ទេចចោលនៅពេលក្រោយ។
ក្នុងពេលចុះពិនិត្យគុណភាពទំនិញនោះ មន្រ្តីកាំកុងត្រូលតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ក៏បានចែកផ្សាយនូវរូបភាព Poster ឆ្លៀតអប់រំ និងផ្តាំផ្ញើដល់អាជីវករទាំងអស់កុំឲ្យផលិត ឬយកទំនិញគ្មានគុណភាព ឬមានសារធាតុគីមីមកលក់ ព្រោះនាំឲ្យប៉ះពាល់ ដល់សុខភាពរបស់អ្នកប្រើប្រាស់។
ចំពោះអ្នកទិញមន្រ្តីកាំកុងត្រូល ក៏បានណែនាំពីរបៀបនៃការជ្រើសរើសផលិតផលមានសុវត្ថិភាពមកបរិភោគ និងបានផ្តាំផ្ញើដល់អ្នកទិញ គួរពិចារណាមុននឹងសម្រេចចិត្តទិញ ជាពិសេសទំនិញដែលខុសប្លែកពីធម្មតា ដូចជាទំនិញដែលមានសម្រស់ ស្រស់ ឆើតឆាយ មានលក្ខណៈទាក់ទាញខ្លាំង៕