(ភ្នំពេញ)៖ ប្រទេសឥណ្ឌូនេស៊ី នឹងបញ្ជូនអ្នកជំនាញចំនួន២ក្រុម ដើម្បីចូលរួមសង្កេតការណ៍ សម្រាប់ការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី០៦ នៅក្នុងប្រទេសកម្ពុជា ដែលនឹងធ្វើឡើង នៅអាទិត្យ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅមុននេះ។

សេចក្តីប្រកាសរបស់ក្រសួងការបរទេស បានបញ្ជាក់ថា ការប្រកាសនេះ បានធ្វើឡើងតាមរយៈជំនួបរវាង លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា ជាមួយ លោក SUDIRMAN Haseng ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី ប្រចាំប្រទេសកម្ពុជា នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨ ហើយក្នុងចំណោមអ្នកជំនាញទាំង២ក្រុមនោះ មានមួយក្រុមដឹកនាំដោយឥស្សរជនជាន់ខ្ពស់ និងមួយក្រុមទៀតដឹកនាំដោយអ្នកការទូតជាន់ខ្ពស់ របស់ឥណ្ឌូនេស៊ី។ លោក SUDIRMAN Haseng ក៏បានអះអាងពីគោលជំហរម៉ឺងម៉ាត់ របស់រដ្ឋាភិបាលឥណ្ឌូនេស៊ី ក្នុងការគោរពអធិបតេយ្យ និងការជ្រើសរើសមាគ៌ាប្រជាធិបតេយ្យរបស់កម្ពុជា។

លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន បានសម្តែងនូវការអបអរសាទរចំពោះឥណ្ឌូនេស៊ី ដែលទើបត្រូវបានជាប់ឆ្នោត ជាសមាជិកមិនអចិន្ត្រៃយ៍ នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ សម្រាប់អាណត្តិ ២០១៩-២០២០ និងបានវាយតំលៃខ្ពស់ចំពោះ ការចូលរួមដ៏សកម្មរបស់ឥណ្ឌូនេស៊ី ក្នុងដំណើរការសន្តិភាពនៅកម្ពុជា ព្រមទាំងការជួយឧបត្តម្ភក្នុងដំណើរការអភិវឌ្ឍកម្ពុជា រយៈកាលកន្លងមក៕

ខាងក្រោមនេះជាសេចក្តីប្រកាសរបស់ក្រសួងការបរទេស៖