(ភ្នំពេញ)៖ ក្រសួងកសិកម្ម ក្រោមកាដឹកនាំរបស់លោក វេង សាខុន រដ្ឋមន្រ្ដីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ​២០១៨នេះ បានរៀបចំសិក្ខាសាលា ផ្សព្វផ្សាយស្តីពី គម្រោងវាយតម្លៃផលប៉ះពាល់ នៃលិខិតបទដ្ឋានគតិយុត្ត ដែលគម្រោងនេះ ទទួលជំនួយបច្ចេកទេសពីធនាគារអភិវឌ្ឍន៍អាស៊ី លេខ៨៨៣៤។

សិក្ខាសាលានេះ ក៏មានការអញ្ជើញចូលរួមពី លោក យឹម ណុលសន អនុប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ និងជាប្រធានក្រុមប្រតិបត្តិលិខិត បទដ្ឋានគិតយុត្តរបស់ទីស្តីការគណៈរដ្ឋមន្រ្តី លោករដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងសិក្ខាកាមដែលជាមន្រ្តីបង្គោល ថ្នាក់ដឹកនាំអង្គភាព ថ្នាក់កណ្តាល ថ្នាក់ដឹកនាំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី-ខេត្ត ទាំង២៥ ក្រោមឱវាទក្រសួង សរុបប្រមាណ២០០នាក់។

លោករដ្ឋមន្រ្តី វេង សាខុន បានថ្លែងអំណរគុណ ជូនចំពោះលោក យឹម ណុលសន សហការី ដែលបានផ្តួចផ្តើម និងផ្តល់ការគាំទ្រ រៀបចំសិក្ខាសាលាព្រមទាំងយកចិត្តទុកដាក់ ដល់ការបណ្តុះបណ្តាល ធនធានមនុស្ស របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងក្របខ័ណ្ឌ នៃវិធីសាស្ត្រវាយតម្លៃលើផលប៉ះពាល់នៃ ការអនុវត្តលិខិតបទដ្ឋានគតិយុត្ត។

លោករដ្ឋមន្រ្តីបានបន្ថែមទៀតថា រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា តែងយកចិត្តទុកដាក់ជំរុញការកសាងលិខិត បទដ្ឋានគតិយុត្តលើគ្រប់វិស័យ ពាក់ព័ន្ធនឹងក្របខ័ណ្ឌកំណែទម្រង់វិស័យច្បាប់ សំដៅធ្វើឱ្យសមស្រប ទៅនឹងបរិបទសេដ្ឋកិច្ចទីផ្សារ ការធ្វើសមាហរណកម្មសេដ្ឋកិច្ចចូលក្នុងតំបន់ និងសាកលលោក ជាពិសេសក្នុងតំបន់អាស៊ាន។

លោករដ្ឋមន្រ្តី បានគាំទ្រ និងវាយតម្លៃខ្ពស់ចំពោះឆន្ទៈ និងស្មារតីខិតខំយកចិត្តទុកដាក់ ក្នុងការរៀបចំលិខិតបទដ្ឋានគតិយុត្ត មួយចំនួនពាក់ព័ន្ធនឹងវិស័យកសិកម្ម ក្នុងគោលបំណងជំរុញ និងគាំទ្រយ៉ាងពេញទំហឹង ធ្វើយ៉ាងណាឲ្យវិស័យនេះ រីកចំរើនប្រកបដោយចីរភាព និរន្តរភាព ស្របពេលដែលប្រទេសជាតិ មានការវិវឌ្ឍយ៉ាងឆាប់រហ័ស។

ដើម្បីពង្រឹង និងពង្រីកប្រសិទ្ធភាព នៃការតាក់តែងច្បាប់ ក៏ដូចជាការអនុវត្តច្បាប់ទាំងឡាយ ដែលបានចូលជាធរមាន និងបន្តអនុវត្តឱ្យបានគ្រប់ជ្រុងជ្រោយនូវសារាចរលេខ០៣ សរ ចុះថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៣ ស្តីពីការអនុវត្តគោលការណ៍ ណែនាំអំពីនីតិវិធី និងវិធាននៃការតាក់តែងសេចក្តីព្រាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តផ្សេងៗទៀត ព្រមទាំងចូលរួមអនុវត្តនូវសេចក្តីសម្រេចលេខ១៣២ សសរ ចុះថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦ ស្តីពីការបង្កើតក្រុមការងារ វាយតម្លៃលើផលប៉ះពាល់ នៃលិខិតបទដ្ឋានគតិយុត្ត រដ្ឋមន្រ្តីបានផ្តល់អនុសាសន៍មួយចំនួនដូចជា៖

១៖ នាយកដ្ឋាន នីតិកម្មកសិកម្ម ត្រូវបង្កើនស្មារតីទទួលខុសត្រូវខ្ពស់ លើការពង្រឹង និងជំរុញសកម្មភាព ការរៀបចំសេចក្តីព្រាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា ដោយសហការជាមួយគ្រប់អង្គភាព ពាក់ព័ន្ធក្រោមឱវាទក្រសួង។ ជាមួយគ្នានេះ ត្រូវពិនិត្យលើខ្លឹមសារច្បាប់ដែលចូលជាធរមាន ដើម្បីជំរុញការកសាងលិខិតបទដ្ឋានគតិយុត្ត ក្រោមច្បាប់ទាំងអស់នេះ ឱ្យមានលក្ខណៈពេញលេញ និងស្របទៅតាមច្បាប់កំណត់។

២៖ គ្រប់អង្គភាពពាក់ព័ន្ធ ត្រូវសិក្សា និងធ្វើគម្រោងនៃតម្រូវការសេចក្តីព្រាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តផ្សេងៗទៀត ដើម្បីពង្រឹង និងអភិវឌ្ឍន៍ក្នុងអនុវិស័យរបស់ខ្លួន ដោយត្រូវធ្វើការវាយតម្លៃ លើផលប៉ះពាល់នៃលិខិតបទដ្ឋាននីមួយៗឱ្យបានសុក្រឹត ហើយត្រូវធ្វើជាបន្ទាន់ ស្របតាមតម្រូវការ ចាំបាច់នាពេលបច្ចុប្បន្ន។

៣៖ រដ្ឋបាលព្រៃឈើ រដ្ឋបាលជលផល អគ្គនាយកដ្ឋានកសិកម្ម អគ្គនាយកដ្ឋានកៅស៊ូ អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នាយកដ្ឋាននីតិកម្មកសិកម្ម និងនាយកដ្ឋានកសិឧស្សាហកម្ម ត្រូវរៀបចំបង្កើតក្រុមការងារ បង្គោលសម្រាប់វាយតម្លៃ លើផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្តប្រចាំអង្គភាព ដើម្បីបណ្តុះបណ្តាលធនធានមនុស្ស កសាងសមត្ថភាព សំដៅពង្រឹងការទទួលខុសត្រូវខ្ពស់ លើកិច្ចការនីតិកម្មរបស់អង្គភាពសាមី។

៤៖ ក្រុមការងារ ត្រូវសហការជាមួយ ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ រៀបចំធ្វើការបណ្តុះបណ្តាល និងកសាងសមត្ថភាពដល់មន្រ្តីក្រុមការងារបង្គោល សម្រាប់វាយតម្លៃលើផលប៉ះពាល់ នៃលិខិតបទដ្ឋានគតិយុត្តប្រចាំអង្គភាព និងជួយសម្របសម្រួល លើដំណើរការវាយតម្លៃលើផលប៉ះពាល់ នៃលិខិតបទដ្ឋានគតិយុត្ត របស់ក្រុមការងារបង្គោល សម្រាប់វាយតម្លៃលើផលប៉ះពាល់ នៃលិខិតបទដ្ឋានគតិយុត្តប្រចាំអង្គភាព៕