(ម៉ាឡេស៊ី)៖ ការិយាល័យថ្មីរបស់ក្រុមហ៊ុន អាលីបាបា ហ្គ្រុប (Alibaba Group) នៅម៉ាឡេស៊ី បានបើកដំណើរការហើយ នៅដើមសប្តាហ៍នេះ ស្របពេលដែលក្រុមហ៊ុនចិនមួយនេះ បន្តពង្រីកវត្តមានរបស់ខ្លួន ទៅកាន់តំបន់អាស៊ីអាគ្នេយ៍។
ការិយាល័យនៅប្រទេសម៉ាឡេស៊ីនេះ គឺជាការិយាល័យទីមួយ របស់ក្រុមហ៊ុន ដែលចូលមកអាស៊ីអាគ្នេយ៍។
អាលីបាបា មានបំណងប្រើការិយាល័យនេះ ដើម្បីបំពេញតាមតម្រូវការ របស់សហគ្រាសខ្នាតតូច និងមធ្យម ឱ្យបានកាន់តែប្រសើរ និងដើម្បីជួយឱ្យរដ្ឋាភិបាលថ្មីរបស់ម៉ាឡេស៊ី អាចបណ្តុះបណ្តាលធនធានមនុស្សវ័យក្មេង ឱ្យបានកាន់តែច្រើនផងដែរ។ នេះបើយោងតាមលោក ជែក ម៉ា ស្ថាបនិក និងប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុនអាលីបាបា។
លោក ជែក ម៉ា ថ្លែងថា «យើងមកទីនេះ [ម៉ាឡេស៊ី] ដើម្បីស្វែងរកដៃគូ។ យើងមកទីនេះ ដើម្បីផ្តល់លទ្ធភាពដល់ដៃគូ។ យើងចង់ឱ្យដៃគូរបស់យើង ក្លាយជាអ្នកនាំមុខគេនៅក្នុងស្រុក។ ពីព្រោះយើងដឹងថា ទាល់តែដៃគូរបស់យើងជោគជ័យ ទើបយើងអាចជោគជ័យបាន»។
លោក ជែក ម៉ា បានចូលរួមកិច្ចប្រជុំមួយដូចដែលគេបានរំពឹងទុក ជាមួយនាយករដ្ឋមន្ត្រីថ្មីរបស់ម៉ាឡេស៊ី គឺលោក ម៉ាហាធៀរ ម៉ូហាម៉ាត់ ដែលបានបង្កើតគម្រោងតំបន់សេដ្ឋកិច្ចពិសេស និងទំនើប កាលពី២០ឆ្នាំមុន ក្នុងគោលបំណងចង់ធ្វើឱ្យម៉ាឡេស៊ី ក្លាយជាប្រទេស នៃបណ្តុំបច្ចេកវិទ្យាលំដាប់ពិភពលោកមួយ។
លោក ជែក ម៉ា ថ្លែងទៀតថា «យើងមានភាពស្រដៀងគ្នាច្រើនណាស់។ យើងជឿលើអ៊ីនធើណេត។ យើងជឿលើបច្ចេកវិទ្យា។ យើងជឿលើពលរដ្ឋវ័យក្មេង។ យើងខ្ញុំពិតជារំជួលចិត្តចំពោះឆន្ទៈរបស់គាត់ ស្តីអំពីការគាំទ្រដល់ពលរដ្ឋនៅតាមភូមិ អ្នកក្រ និងអ្នកនៅជនបទ។ យើងទាំងពីរសុទ្ធតែចាប់អារម្មណ៍ លើការប្រើបច្ចេកវិទ្យា ដើម្បីធ្វើឱ្យជីវិតកសិករកាន់តែប្រសើរឡើង»។
ក្រុមហ៊ុន អាលីបាបា បានពង្រីកវត្តមានរបស់ខ្លួននៅម៉ាឡេស៊ី កាលពីប៉ុន្មានឆ្នាំថ្មីៗនេះ។ ក្រុមហ៊ុនបានបង្កើតមជ្ឈមណ្ឌលរក្សាទិន្នន័យ ក្នុងអ៊ីនធើណេតមួយ និងនាំយកសេវាបង់ប្រាក់តាមទូរស័ព្ទ Alipay មកទីនេះ ព្រមទាំងបានបណ្តុះបណ្តាលបុគ្គលិក សហគ្រិន និងអ្នកជំនាញកុំព្យូទ័រ រាប់ពាន់នាក់ផងដែរ អំពីកម្មវិធីជាច្រើន។
លោក លីម គ័ន អឹង រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុម៉ាឡេស៊ី បានថ្លែងថា «ជាការពិតណាស់ ពួកយើងពិតជារីករាយដែលមានលោក ជែក ម៉ា នៅទីនេះ។ ហើយពួកយើងសូមស្វាគមន៍ ដល់ការប្តេជ្ញាចិត្តជាបន្តបន្ទាប់ របស់ក្រុមហ៊ុនអាលីបាបា ដែលមានចំពោះប្រទេសម៉ាឡេស៊ី។ ខ្ញុំសូមថ្លែងអំណរគុណដល់ភាពខ្នះខ្នែង របស់ក្រុមហ៊ុន ក្នុងការសហការជាមួយរដ្ឋាភិបាលថ្មីរបស់យើង ដើម្បីជួយជំរុញឱ្យមានការវិនិយោគថ្មីៗ បង្កើតការងារនិងឱកាសសេដ្ឋកិច្ចថ្មីៗផងដែរ សម្រាប់ពលរដ្ឋម៉ាឡេស៊ី»៕ (សារព័ត៌មាន CCTV របស់ចិន)