(ភ្នំពេញ)៖ គណៈកម្មាធិការអន្តរក្រសួង សម្រាប់គម្រោងអភិវឌ្ឍលំនៅឋានតម្លៃសមរម្យ នៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨នេះ បានរៀបចំសិក្ខាសាលាមួយ ផ្សព្វផ្សាយគោលនយោបាយ ស្តីពីការលើកទឹកចិត្ត និងបង្កើតកម្មវិធីជាតិ សម្រាប់ការអភិវឌ្ឍលំនៅឋានតម្លៃសមរម្យ ដែលត្រូវបានអនុម័តដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជូនដំណឹងស្ដីពីការអញ្ជើញដាក់សំណើគម្រោងអភិវឌ្ឍន៍លំនៅឋានតម្លៃសមរម្យសម្រាប់ ដំណាក់កាលទី១។
សិក្ខាសាលាផ្សព្វផ្សាយនេះ ប្រារព្ធឡើងក្រោមអធិបតីភាពរបស់ លោក រស់ សីលវ៉ា អនុរដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងរបស់លោក វង្សី វិស្សុត រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការអន្តរក្រសួងសម្រាប់ការអភិវឌ្ឍលំនៅដ្ឋានតម្លៃសមរម្យ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
សិក្ខាសាលានេះ មានការចូលរួមពីតួអង្គពាក់ព័ន្ធសំខាន់ៗ ដែលរួមមាន៖ ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋាន ធនាគារ គ្រឹះស្ថានហិរញ្ញវត្ថុ ក្រុមហ៊ុនសាងសង់, វិស័យឯកជន, និងអង្គការក្រៅរាជរដ្ឋាភិបាលផងដែរ។
លោក រស់ សីលវ៉ា បានស្វាគមន៍ ចំពោះអ្នកចូលរួមទាំងអស់ និងបានគូសបញ្ជាក់សារថ្មីពីគោលបំណង នៃគោលនយោបាយ ស្តីពីការលើកទឹកចិត្ត និងការបង្កើតកម្មវិធីជាតិ សម្រាប់ការអភិវឌ្ឍលំនៅឋានតម្លៃសមរម្យ ដែលប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន បានគិតគូរក្នុងការរួមចំណែកលើកកម្ពស់ សុខុមាលភាព និងសេចក្តីថ្លៃថ្នូររបស់ប្រជាជនកម្ពុជាជាទូទៅ និងជាពិសេសក្រុមគ្រួសារមានប្រាក់ចំណូលទាប និងមធ្យម ព្រមទាំងគ្រួសារងាយរងគ្រោះ តាមរយៈការបង្កើតកាលានុវត្តភាពថ្មីមួយនេះ ដែលក្រុមគ្រួសារទាំងនោះ មានលទ្ធភាពខ្ពស់ជាងមុន ក្នុងការទទួលបានលំនៅឋានសមរម្យ ជាមួយតម្លៃដែលអាចឆ្លើយតបលទ្ធភាពចំណូលរបស់ខ្លួន។
ម្យ៉ាងវិញទៀត ការដាក់ចេញនូវគោលនយោបាយនេះ ក៏សំដៅរួមចំណែកទ្រទ្រង់ ដល់សកម្មភាពនៃវិស័យសំណង់ និងអចលនទ្រព្យ ដែលជាចលករកំណើនសេដ្ឋកិច្ចកន្លងមក ព្រមទាំងក្លាយជាផ្នែកមួយនៃប្រព័ន្ធសន្ដិសុខសង្គម និងជាឧបករណ៍គោលនយោបាយ សម្រាប់គាំទ្រការអនុវត្ដ យុទ្ធសាស្រ្ដ អភិវឌ្ឍប្រទេសរយៈពេលវែង។
ក្នុងន័យនេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវយន្តការអន្តរាគមន៍ ក្នុងនោះរួមមាន៖ ទី១៖កញ្ចប់វិធានការលើកទឹកចិត្ដផ្នែកសារពើពន្ធ, ទី២៖ផ្នែកហេដ្ឋារចនាសម្ព័ន្ធ តាមរយៈការវិនិយោគសាធារណៈ និងទី៣៖ផ្នែកនិយតកម្ម។
ដើម្បីទទួលបានការលើកទឹកចិត្តទាំងនេះ គណៈកម្មាធិការការអន្តរក្រសួងសម្រាប់គម្រោងអភិវឌ្ឍលំនៅឋាន តម្លៃសមរម្យ បានជូនដំណឹង និងអញ្ជើញក្រុមហ៊ុន សហគ្រាស និងអ្នកវិនិយោគទាំងអស់ដាក់សំណើទស្សនទាន គម្រោងអភិវឌ្ឍន៍លំនៅឋានតម្លៃសមរម្យជាផ្លូវការ ចាប់ពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨ រហូតដល់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨។
សំណើទស្សនាអភិវឌ្ឍន៍គម្រោងនេះ នឹងក្លាយជាមូលដ្ឋានសម្រាប់ការវាយតម្លៃដំណាក់កាលទី១ ក្នុងការពិនិត្យលើសមត្ថភាពរបស់ម្ចាស់សំណើគម្រោង និងទស្សនាទាន នៃការអភិវឌ្ឍគម្រោង។ ជាកិច្ចបន្ទាប់នៅក្នុងដំណាក់កាលទី២ គណៈកម្មាធិការ នឹងវាយតម្លៃលើសំណើគម្រោងលម្អិត ដោយផ្តោតលើទិដ្ឋភាពបច្ចេកទេស និងហិរញ្ញវត្ថុរបស់សំណើគម្រោងមុននឹងឈានដល់ការសម្រេចផ្តល់ការលើកទឹកចិត្ត ដោយរាជរដ្ឋាភិបាល។
លោក រស់ សីលវ៉ា បានរំលឹកតួអង្គពាក់ព័ន្ធទាំងអស់ ជាពិសេសក្រុមហ៊ុន មានបំណងចង់សាងសង់លំនៅឋានតម្លៃសមរម្យ និងទទួលបានការលើកទឹកចិត្តពីរដ្ឋ តាមគ្រប់រូបភាពទាំងអស់ សូមដាក់សំណើទស្សនាទានអភិវឌ្ឍន៍គម្រោងមកគណៈកម្មាធិការ ដើម្បីពិនិត្យ និងវាយតម្លៃ ហើយស្នើឲ្យធ្វើការជិតស្និត ជាមួយក្រុមការងារបច្ចេកទេស នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រុមការងារបច្ចេកទេស នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីទទួលបានព័ត៌មានបន្ថែមអំពីនីតិវិធី និងការបំពេញទម្រង់បែបបទពាក់ព័ន្ធផ្សេងៗ៕