(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨នេះ នាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌ បានបើកកិច្ចប្រជុំផ្លាស់ប្តូរបទពិសោធន៍រវាង អគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ ជាមួយអគ្គនាយកដ្ឋានតម្រួត ក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដោយមានការចូលរួមពី លោកឧត្តមសេនីយ៍ឯក អ៊ិន បូរ៉ា ប្រធាននាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌ តំណាងនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលេជាតិ និងលោក KHMHOUNG SENGPHASEUTH អគ្គនាយករង នៃអគ្គនាយកដ្ឋានតម្រួត។
លោកឧត្តមសេនីយ៍ឯក អ៊ិន បូរ៉ា ប្រធាននាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌ បានជម្រាបជូន លោក KHMHOUNG SENGPHASEUTH និងគណៈប្រតិភូថា នៅពេលដ៏ខ្លីខាងមុខនេះ កម្ពុជានឹងមានរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ ដូច្នេះហើយកងកម្លាំងមានសមត្ថកិច្ចទាំងអស់ បាននិងកំពុងត្រៀមលក្ខណៈ ដើម្បីការពារសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ ឲ្យបានល្អដើម្បីធ្វើយ៉ាងណាឲ្យដំណើរការនៃការបោះឆ្នោតនេះ ប្រព្រឹត្តទៅតាមការគ្រោងទុក និងប្រកបដោយសេរី យុត្តិធម៌ និងគ្មានអំពើហិង្សា។ ដោយឡែកពាក់ព័ន្ធនឹងបទល្មើសវិញ កន្លងមកកម្ពុជាតែងតែបានសហការល្អ ជាមួយបណ្តាប្រទេសក្នុងតំបន់ ក៏ដូចជាអន្តរជាតិក្នុងការផ្តល់ព័ត៌មាន និងបទពិសោធន៍ ។
បើតាមលោកឧត្តមសេនីយ៍ អ៊ិន បូរ៉ា ដោយអនុវត្តតាមអនុសាសន៍ ក៏ដូចជាបទបញ្ជារបស់ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន កងកម្លាំងនៃខេត្តជាប់ព្រំដែនទាំងអស់ បានខិតខំពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយបណ្តាប្រទេសជិតខាងក្នុងការបង្ការ បង្រ្កាបបទល្មើស ពិសេសបទល្មើសគ្រឿងញៀន ជាមួយប្រទេសឡាវ ទទួលបានលទ្ធផលល្អប្រសើរ។ លោកបញ្ជាក់ថា បញ្ហាគ្រឿងញៀនវាមានភាពស្មុគស្មាញណាស់ទាំងក្នុងតំបន់ ក៏ដូចជាអន្តរជាតិ ជាពិសេសរវាងព្រំដែនកម្ពុជា-ឡាវ ដែលមានលក្ខណៈភូមិសាស្រ្តស្មុគស្មាញសម្បូរទៅដោយព្រៃភ្នំ ប៉ុន្តែទោះជាយ៉ាងណា ដោយសារមានការលើកទឹកចិត្ត និងការកំណត់គោលនយោបាយច្បាស់លាស់ពីរាជរដ្ឋាភិបាល បញ្ហាគ្រឿងញៀនត្រូវបានធ្វើការបង្រ្កាបជាបន្តបន្ទាប់។
ជាមួយគ្នានោះ លោក KHMHOUNG SENGPHASEUTH បានលើកឡើងថា បញ្ហាគ្រឿងញៀននេះដែរ អគ្គនាយកដ្ឋានតម្រួត នៃក្រសួងសន្តិសុខសាធារណៈ បានយកចិត្តទុកដាក់យ៉ាងខ្លាំង ដោយក្នុងរយៈកាលកន្លងទៅក៏មានការបង្រ្កាបចាប់ខ្លួនជនសង្ស័យ និងគ្រឿងញៀនជាច្រើនផងដែរ ហើយខេត្តចំប៉ាសាក់ និងខេត្តស្ទឹងត្រែង តែងតែជួបប្រជុំគ្នា១ខែម្តង ដើម្បីផ្លាស់ប្តួរព័ត៌មាន ក៏ដូចជាបទពិសោធន៍ ក្នុងបង្ការ បង្រ្កាបបទល្មើស ជាពិសេសបទល្មើសគ្រឿងញៀន។
ក្នុងឱកាសនោះ លោក KHMHOUNG SENGPHASEUTH បានថ្លែងអំណរគុណដល់ អគ្គស្នងការដ្ឋាននគរបាលជាតិ ដែលបានសហការគ្នាល្អក្នុងការបង្ការ បង្រ្កាបបទល្មើសនាពេលកន្លងមក ជាពិសេសស្នើសុំឲ្យអគ្គស្នងការដ្ឋាននគរបាលជាតិ បន្តកិច្ចសហប្រតិបត្តិការជួយស្រាវជ្រាវស្វែងរកចាប់ខ្លួនជនសង្ស័យចំនួន ៣នាក់ ក្នុងនោះមានជនជាតិខ្មែរម្នាក់ផងដែរ ដែលពាក់ព័ន្ធករណីឆបោកប្រាក់ពីប្រជាពលរដ្ឋឡាវ៕