(ភ្នំពេញ)៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិ អ្នកជំនាញទេសចរណ៍ បានអញ្ជើញជាធិបតីក្នុងពិធីបើកសន្និសីទអន្តរជាតិលើកទី២ ស្តីពីកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមក លើអ្នកជំនាញទេសចរណ៍អាស៊ាន ក្រោមប្រធានបទ អភិវឌ្ឍន៍ធនធានមនុស្ស ដើម្បីអភិវឌ្ឍន៍វិស័យទេសចរណ៍ ប្រកបដោយនិរន្តរភាព។
កម្មវិធីនេះ ត្រូវបានធ្វើឡើងនៅសណ្ឋាគាសុខា រ៉េស៊ីដង់ រាជធានីភ្នំពេញ ដោយមានការចូលរួមពីតំណាងអគ្គលេខាធិការអាស៊ាន, ថ្នាក់ដឹកនាំស្ថាប័នទេសចរណ៍ មកពីប្រទេសសមាជិកអាស៊ាន, មជ្ឍមណ្ឌលអាស៊ាន-ចិន, មជ្ឍមណ្ឌល អាស៊ាន-ជប៉ុន, គ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលជំនាញទេសចរណ៍ជាតិ និងអាស៊ាន, សមាគមន៍ទេសចរណ៍ជាតិ និងអាស៊ាន, វាគ្មិនជាតិអន្តរជាតិ ដៃគូអភិវឌ្ឍន៍, ក្រសួង-ស្ថាប័ន, រដ្ឋបាលថ្នាក់ក្រោមជាតិ, យុវជន, សិស្ស-និស្សិត និងភាគីពាក់ព័ន្ធប្រមាណ ៧០០នាក់។
លោករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា សន្និសីទអន្តរជាតិរយៈពេល ២ថ្ងៃនេះ រៀបចំឡើងក្នុងស្មារតីសាមគ្គីភាព និងមិត្តភាពក្នុងតំបន់អាស៊ាន និងដើម្បីចែករំលែកបទពិសោធន៍ ភាពជោគជ័យ ទស្សនទាន និងផ្ដល់នូវធាតុចូលថ្មីៗ ពីភាគីពាក់ព័ន្ធក្នុងការអនុវត្តកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមកលើអ្នកជំនាញទេសចរណ៍អាស៊ាន (ASEAN MRA-TP) សំដៅដាក់ចេញនូវគោលនយោបាយយុទ្ធសាស្ត្រ និងផែនការសកម្មភាពរបស់អាស៊ាន ក្នុងគោលបំណងជំរុញការអភិវឌ្ឍជំនាញ និងការងារក្នុងវិស័យទេសចរណ៍អាស៊ានទាំងមូល ឲ្យឆ្លើយតបនឹងតម្រូវការទីផ្សារការងារ និងនិន្នាការទេសចរណ៍សកលលោក ព្រមទាំងការរីកចម្រើននៃវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា។ កិច្ចព្រមព្រៀងអាស៊ាន MRA-TP នេះជាទម្រង់នៃកិច្ចសហប្រតិបត្តិការក្នុងអាស៊ាន សំដៅចែករំលែកបទពិសោធន៍ និងការអនុវត្តល្អៗលើការបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យទេសចរណ៍ ជាពិសេសក្នុងសេវាកម្មសណ្ឋាគារ និងសេវាកម្មធ្វើដំណើរ។
ជាមួយគ្នានេះ លោករដ្ឋមន្ត្រី ថោង ខុន ក៏បានលើកពីការរីកចម្រើននៃវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាបច្ចុប្បន្ន ការប្រើប្រាស់នូវបញ្ញាសិប្បនិម្មិត (Artificial Intelligence) នាយុគសម័យបដិវត្តឧស្សាហកម្ម ៤.០នេះ បានធ្វើឲ្យការងារមួយចំនួនហួសសម័យ (Obsolete) ហើយតម្រូវការការងារ និងជំនាញនៅលើទីផ្សារមានការប្រែប្រួល ទន្ទឹមនឹងការងារថ្មីៗជាច្រើនត្រូវបានបង្កើតឡើង ដែលត្រូវរៀបចំបណ្ដុះបណ្ដាលយុវជន យ៉ាងណាដើម្បីត្រៀមខ្លួនសម្រាប់ជំនាញអនាគត ក្នុងនោះទាមទារឲ្យមានការរៀបចំកម្មវិធីសិក្សាមួយមានភាពរស់រវើក ឆ្លើយតបនឹងតម្រូវការបច្ចុប្បន្ន និងអនាគត។
សូមជម្រាបថា អង្គសន្និសីទ បានយកចិត្តទុកដាក់ពិភាក្សាលើប្រធានបទសំខាន់ៗ ចំនួន៥ ដោយមានការចូលរួមពីវាគ្មិនជាតិ និងអន្តរជាតិជាបន្តបន្ទាប់ រួមមាន៖
ប្រធានបទទី១៖ បញ្ហាប្រឈមក្នុងការផ្តល់សេវាកម្មទេសចរណ៍ ប្រកបដោយគុណភាព នៅក្នុងបរិបទនៃការប្រកួតប្រជែងពិភពលោក។
ប្រធានបទទី២៖ ការងារ និងកំណើនសេដ្ឋកិច្ច៖ តើវិស័យទេសចរណ៍ ដើរតួនាទីយ៉ាងដូចម្តេចក្នុងការបង្កើតឱកាសការងារ និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចពិភពលោក ប្រកបដោយនិរន្តរភាព។
ប្រធានបទទី៣៖ កិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមក លើអ្នកជំនាញទេសចរណ៍អាស៊ាន (MRA-TP) និងក្របខ័ណ្ឌគតិយុត្ត។
ប្រធានបទទី៤៖ ការទទួលស្គាល់គុណវុឌ្ឍិអាស៊ានជា គោលដៅអនាគត នៃការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍។
ប្រធានបទទី៥៖ កិច្ចពិភាក្សាអំពី ASEAN MRA-TP វិថីឆ្ពោះទៅកាន់ស្មារតីនៃការអនុវត្តកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមកលើអ្នកជំនាញទេសចរណ៍អាស៊ាន៕