(កណ្តាល)៖ ឈើប្រណិតប្រភេទធ្នង់៧៥ដុំ ត្រូវឈ្មួញជាមន្ត្រីជលផលម្នាក់ នៅខេត្តកំពង់ឆ្នាំង ដឹកតាមរថយន្តបម្រុងយកមកលក់នៅភ្នំពេញ ត្រូវកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បង្ក្រាបបាននៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨ តាមបណ្តោយផ្លូវជាតិលេខ៦អា ក្នុងភូមិព្រែកជ្រៃ ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្តាល។
ប្រភពព័ត៌មានបានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨នេះថា ដោយមានការដឹកនាំបញ្ជាដោយផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្តាល កម្លាំងនគរបាលរបស់លោក ស្ទាក់ចាប់រថយន្តដឹកឈើបានតែម្តង។
ប្រភពដដែលបានឲ្យដឹងថា រថយន្តដឹកឈើនោះម៉ាកតូយូតា១បាំងកន្លះ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ច ២៣១៩ភព២។ ដោយឡែក ម្ចាស់ឈើត្រូវបានគេបង្ហើបថា ឈ្មោះ កង ចាន់ដារិន ជាមន្ត្រីជលផលខេត្តកំពង់ឆ្នាំងម្នាក់ ដោយដឹកមកដាក់នៅឃ្លាំងស្តុកឈើមួយកន្លែង ស្ថិតនៅចន្លោះស្ពានទី១១ និងទី១២ ក្នុងភូមិចំបក់មាស ឃុំបាក់ខែង ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ដែលមានឈ្មួញរកស៊ីឈើម្នាក់ឈ្មោះ ណាង ចាំប្រមូលទិញ និងមានឈ្មោះ ហេង ដែលជាមេការចាំទទួលវាស់វែងនៅទីនោះផងដែរ។
ក្រោយពីបានឃាត់រថយន្ត និងបានធ្វើការវាស់វែងរួចរាល់ កម្លាំងបានយកមករក្សានៅស្នងការដ្ឋាននគរបាលខេត្តកណ្តាល លុះដល់រសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨ បានប្រគល់ទាំងរថយន្ត និងអ្នកបើករថយន្តម្នាក់រួមទាំងព្រូម្នាក់ និងឈើប្រណិតប្រភេទធ្នង់ចំនួន៧៥ដុំ ស្មើនឹង៧៨៦kg ស្មើនឹង០.៦២៨ម៉ែត្រគូប ទៅសង្កាត់រដ្ឋបាលព្រៃឈើឫស្សី ជ្រោយដើម្បីបន្តអនុវត្តន៍ទៅតាមនិតិវិធីច្បាប់៕