(ព្រះវិហារ)៖ លោក អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះវិហារ បានជម្រុញឲ្យអង្គភាពរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ កងកម្លាំងមានសមត្ថកិច្ច ពាក់ព័ន្ធទាំងអស់ ក្នុងខេត្តព្រះវិហារ អនុវត្តឲ្យបានម៉ឹងម៉ាត់ តាមសេចក្តីណែនាំរបស់ក្រសួងមហាផ្ទៃលេខ០១១ សណន ស្តីពីកិច្ចសហប្រតិបត្តិការរវាងរដ្ឋបាលខេត្ត និងគណៈកម្មការជាតិ រៀបចំការបោះឆ្នោតគ្រប់លំដាប់ថ្នាក់ ជាពិសេស ត្រូវបង្កលក្ខណៈងាយស្រួលព្រមទាំងផ្តល់កិច្ចសហប្រតិបត្តិការល្អ ដល់គណៈកម្មការរៀបចំការបោះឆ្នោតស្របតាមបទបញ្ជា នីតិវិធីជាធរមាន សំដៅធានាឲ្យបានគ្រប់ដំណើរការបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦ ប្រព្រឹត្តទៅដោយសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ សេរី ត្រឹមត្រូវ យុត្តិធម៌។
ការជម្រុញបែបនេះ ក្នុងឱកាសដែលលោកអភិបាលខេត្ត អញ្ជើញចូលរួមក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨នេះ នៅសាលប្រជុំសាលាខេត្ត ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ កងកម្លាំងប្រដាប់អាវុធទាំង៣ មន្ត្រីរាជការតាមមន្ទីរអង្គភាព និងអភិបាលក្រុងស្រុកទាំង៨ អធិការក្រុង ស្រុក មេឃុំ ចៅសង្កាត់ជាច្រើនរូបផងដែរ។
ជាមួយគ្នានោះផងដែរ លោក អ៊ុន ចាន់ដា បានអំពាវនាវឲ្យថ្នាក់ដឹកនាំក្រុង ស្រុក មន្ទីរអង្គភាព កងកម្លាំងសមត្ថកិច្ច ម្ចាស់អាជីវកម្ម សេវាកម្ម អាហារដ្ឋាន សហគ្រាស អ្នកវិនិយោគ និងដៃគូអភិវឌ្ឍន៍ដែលបានមកចូលរួមទាំងអស់ សូមធ្វើការលើកទឹកចិត្តដល់មន្ត្រីរាជការ និងបុគ្គលិកក្រោមឱវាទទាំងអស់ បានទៅចូលរួមបោះឆ្នោតគ្រប់គ្នា។
លោកបានបញ្ជាក់ថា យើងត្រូវក្តាប់សភាពការណ៍ និងផែនការស្តីពីការងារបង្កបង្កើនផលស្រូវរដូវវស្សា។ ទន្ទឹមនិងនោះដែរ លោក អ៊ុន ចាន់ដា ក៏បានដាក់ចេញនូវវិធានការដល់សមត្ថកិច្ចពាក់ព័ន្ធ ត្រូវខិតខំបង្ក្រាប និងទប់ស្កាត់បទល្មើសធនធានធម្មជាតិ ជួញដូរគ្រឿងញៀន និងចោរកម្ម....ឲ្យមានប្រសិទ្ធិភាព៕