Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្ពោធសាលាពុទ្ធិកបឋមសិក្សានៅវត្តពោធិ៍បន្ទាយ ខេត្តស្វាយរៀង តម្លៃជាង១៤ម៉ឺនដុល្លារ, លោកស្រី ម៉ែន សំអន អំពាវនាវឲ្យពលរដ្ឋ ទៅបោះឆ្នោតជូនគណបក្សប្រជាជន ដែលមានលេខរៀងទី២០

20-06-2018 11:55

(ស្វាយរៀង)៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្ដី និងជារដ្ឋមន្រ្ដីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានលើកឡើងថា ប្រទេសមានសុខសន្តិភាពទើបយើងមានឱកាស បានធ្វើបុណ្យធ្វើទាន និងអភិវឌ្ឍប្រទេសឥតឈប់ឈរដូចសព្វថ្ងៃនេះ ដូច្នេះត្រូវរួមគ្នារក្សាតម្លៃនៃសន្តិភាពនេះឲ្យស្ថិតស្ថេរគង់វង្សយូរអង្វែង។

ការលើកឡើងបែបនេះ បានធ្វើឡើងនៅក្នុងពិធីសម្ពោធសាលាពុទ្ធិកបឋមសិក្សានៅវត្តពោធិ៍បន្ទាយ ស្ថិតនៅឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀងនៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨នេះ។

លោកស្រីកិត្តិសង្គហបណ្ឌិត បានពាំនាំផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចទាំងពីរ តែងតែមានមនោសញ្ចេតនាស្រឡាញ់រាប់អាន និងរួមសុខទុក្ខជាមួយបងប្អូនជនរួមជាតិទាំងអស់ និងជួយដោះស្រាយទុក្ខលំបាកសព្វបែប យ៉ាងគ្រប់ទីកន្លែងទូទាំងប្រទេសកម្ពុជា។

លោកស្រីបានបន្តទៀតថា ការសម្ពោធដាក់ឲ្យប្រើប្រាស់ នូវសាលាពុទ្ធិកបឋមសិក្សានាថ្ងៃនេះ គឺជាអំណោយដ៏ថ្លៃថ្លាររបស់លោក ចៅ ភិរុណ និងលោកស្រី រួមជាមួយពុទ្ធិបរិស័ទចំណុះជើងវត្ត ដែលបានចំណាយថវិកាអស់១៤២.៦៣៨ដុល្លារ ហើយក៏ជាការផ្សាភ្ជាប់រវាងពុទ្ធចក្រ និងអាណាចក្រ ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ជាមួយរាជរដ្ឋាភិបាល ហើយក៏បានបញ្ជាក់ឲ្យ ឃើញពីប្រទេសជាតិ ដែលមានសុខសន្តិភាព និងការរីកចម្រើនគ្រប់វិស័យ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានអនុញ្ញតឲ្យយើងទាំងគ្នាបានរួមគ្នាធ្វើបុណ្យទាំងអស់គ្នា ក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយ។

ថ្លែងក្នុងពិធីនោះផងដែរ លោកស្រីកិត្តិសង្គហបណ្ឌិត ក៏បានសំណូមពរឲ្យបងប្អូនប្រជាពលរដ្ឋទាំង អស់គ្នាត្រូវចូលរួមគោរពច្បាប់ចរណ៍ទាំងអស់គ្នា និងត្រូវចូលរួមបោះឆ្នោត នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ដែលនឹងប្រព្រឹតទៅនៅពេលខាងមុខ ហើយត្រូវបោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី២០ ដើម្បីឲ្យគណបក្សប្រជាជនកម្ពុជាបានបន្តដឹកនាំប្រទេសឆ្ពោះទៅរក ការអភិវឌ្ឍន៍បន្ថែមទៀត៕