(ភ្នំពេញ)៖ លោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានកោះហៅជនសង្ស័យ សម រង្ស៊ី ចូលបំភ្លឺនៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ ពាក់ព័ន្ធករណីប្រមាថព្រះចេស្តា ព្រះមហាក្សត្រ។ នេះបើយោងតាមដីការបស់តុលាការដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨នេះ ។
សូមបញ្ជាក់ថា លោក អង្គ វង្ស វឌ្ឍនា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានធ្វើអធិបញ្ជាឱ្យតំណាង អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់ចំពោះលោកសម រង្ស៊ីដែលប្រមាថ ព្រះមហាក្សត្រ រឿងព្រះរាជសារក្លែងក្លាយ។
វិធានការរបស់លោករដ្ឋមន្រ្តីក្រសួងយុត្តិធម៌ នាពេលនេះ បានធ្វើឡើងស្របពេលដែលមានការងើបទាមទារឱ្យតុលាការកម្ពុជា ចាត់វិធានការឱ្យបានម៉ឺងម៉ាត់ តាមច្បាប់ចំពោះទណ្ឌិត សម រង្ស៊ី មេចលនាសង្រ្គោះជាតិ ដែលបានប្រមាថថា ព្រះរាជសារព្រះមហាក្សត្រ ជាទីសក្ការៈបំផុត ចុះថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨ ដែលអំពាវនាវឱ្យប្រជាពលរដ្ឋទៅបោះឆ្នោត នាចុងខែកក្កដាខាងមុខនោះគឺជាព្រះរាជ សារក្លែងក្លាយ និងគ្មានតម្លៃ ទោះបីជាព្រះបរមរាជវាំងចេញមុខប្រកាសថា ព្រះរាជសារនោះជាព្រះរាជសារពិតប្រាកដមិនក្លែងក្លាយក៏ដោយ ៕