(ភ្នំពេញ)៖ ក្រុមប្រតិបត្តិការចម្រុះនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនិតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨នេះ បានបន្ដឃាត់ខ្លួនជនជាតិវៀតណាម១៣នាក់ ដែលបានចូលមកស្នាក់នៅ និងធ្វើការដោយខុសច្បាប់។
លោកឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានឲ្យដឹងថា ប្រតិបត្តិការនេះ សហការជាមួយកម្លាំង នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្ថិតក្រោមការសម្របសម្រួលពី លោក សៀង សុខ ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ។
បើតាមលោកឧត្តមសេនីយ៍ប្រធាននាយកដ្ឋាន កម្លាំងជំនាញ បានចុះពិនិត្យគោលដៅភូមិ១ ក្រុម១ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រកឃើញជនជាតិវៀតណាម ចំនួន១៣នាក់ ស្រី០៧នាក់ បានលួចស្នាក់នៅ និងប្រកបរបរដោយខុសច្បាប់ប្រើប្រាស់ឯកសារមិនត្រឹមត្រូវ។
ក្រោយឃាត់ខ្លួន ក្រុមប្រតិបត្តិការបានបញ្ជូនជនជាតិវៀតណាមទាំង១៣នាក់ ទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីត្រួតពិនិត្យឯកសារ និងសាកសួរតាមនីតិវិធីច្បាប់៕