(តាកែវ)៖ នាព្រឹកថ្ងៃពុធ ៨កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុប ១៧,៧៦៧នាក់ មកពីរោងចក្រ សហគ្រាស ចំនួន១៣ ក្នុងខេត្តតែកែវ។ ការចុះសំណេះសំណាលនេះ ធ្វើឡើងចំខួប ៤១ឆ្នាំ នៃព្រឹត្តិការណ៍ សម្តេចតេជោ ហ៊ុន សែន និងយុទ្ធមិត្តស្ម័គ្រស្មោះ៤រូបផ្សេងទៀត ធ្វើដំណើរផ្សងគ្រោះថ្នាក់ ទៅកាន់ប្រទេសវៀតណាម ដើម្បីស្វែងរកការស្រោចស្រង់ប្រទេសជាតិ ចេញពីក្រញាំបិសាច ប៉ុល ពត ហើយបានរំដោះប្រទេសដោយជោគជ័យ ស្វែងរកសុខសន្តិភាព និងការអភិវឌ្ឍន៍ដូចពេលបច្ចុប្បន្ន។
ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖
* សម្តេចតេជោ ហ៊ុន សែន ចាប់ផ្តើមថ្លែងសំណេះសំណាលជាមួយកម្មករ កម្មការិនី ជិត២ម៉ឺននាក់ នៅខេត្តតាកែវ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចពិតជាសប្បាយរីករាយ ដែលគោលនយោបាយពង្រាយរោងចក្រមកតាមបណ្តាខេត្តកំពុងដំណើរការយ៉ាងល្អប្រសើរ ហើយសម្តេចសង្ឃឹមថា ការវិនិយោគមកកាន់ខេត្តតាកែវនឹងមានច្រើនថែមទៀត ក្រោយពេលផ្លូវជាតិលេខ២ បានសាងសង់ និងស្តារឡើងវិញរួចរាល់។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ខេត្តតាកែវ គឺជាខេត្តមានសក្តានុពលវិនិយោគខ្ពស់ ហើយមានដីទំនេរច្រើនសម្រាប់បង្កើតរោងចក្រ សហគ្រាស។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជំនួបរវាងសម្តេច ជាមួយកម្មករ កម្មការិនីនាព្រឹកថ្ងៃនេះ គឺបានបង្ហាញឲ្យឃើញពីការរីកចម្រើនរបស់ខេត្តតាកែវ។
* សម្តេចនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ខេត្តតាកែវបច្ចុប្បន្នខុសប្លែកពីខេត្តតាកែវកាលពីទសត្សរ៍ឆ្នាំ៨០។
* សម្តេចតេជោ ផ្តាំទៅអ្នកដែលនិយាយថា សម្តេចគិតគូរពីកម្មករច្រើនជាងកសិករ គឺមិនទាន់ស្គាល់សម្តេចច្បាស់ ក្នុងន័យនេះសម្តេចបានបញ្ជាក់ថា គ្រាន់តែក្នុងខេត្តតាកែវ សម្តេចបានដើរចុះតាមវាលស្ទើរគ្រប់ស្រុក ហើយដំណើរចុះតាមវាលស្រែនេះមិនមែនមានតែក្នុងខេត្តតាកែវប៉ុណ្ណោះទេ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កន្លងទៅសម្តេចបានចំណាយជាង ៧លានដុល្លារអាមេរិក សម្រាប់សាងសង់អគារសិក្សានៅក្នុងខេត្តតាកែវ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅថ្ងៃនេះជាខួប ៤១ឆ្នាំ ដែលសម្តេចយកជីវិតធ្វើជាដើមទុន ដើម្បីរំដោះជាតិ ហើយពេលសម្រេចនិយាយ និងនឹកដល់រឿងនេះ គឺសម្តេចមានភាពក្តុកក្តួល។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ចាប់តាំងពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧នោះមក គឺសម្តេចបានសម្រេចឈប់ធ្វើកូនចៅគេ ហើយត្រូវគូសវាសដោយខ្លួនឯង ដើម្បីជោគវាសនាជាតិ និងប្រជាជន។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ស្ថានភាពពេលនោះ គឺជាពេលលំបាកបំផុតក្នុងការសម្រេចចិត្ត។
* សម្តេចតេជោ ហ៊ុន សែន បានអួលដើមកពេលរំលឹកដល់ការសម្រេចចិត្តដ៏លំបាកក្នុងការចេញតស៊ូរំដោះជាតិកាលពី៤១ឆ្នាំមុន ជាពិសេសការសរសេរលិខិតជាបណ្តាំសម្រាប់ភរិយា ដែលកំពុងមានកូនក្នុងផ្ទៃ។
* សម្តេចនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ក្នុងលិខិតសរសេរជាបណ្តាំទុកជូនភរិយា គឺសម្តេចសរសេរហើយហែកចោលជាច្រើនសារ ព្រោះមិនដឹងត្រូវសរសេរបែបណា ដើម្បីកុំឲ្យប៉ះពាល់សតិអារម្មណ៍ភរិយាដែលកំពុងមានផ្ទៃពោះនោះ។ ទីបំផុតសម្តេចបានសម្រេចប្រើពាក្យមួយឃ្លាថា «បងសុំលាអូនហើយ លាដើម្បីជួបវិញ»។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងពេលតស៊ូនោះ សម្តេចមានកងទ័ពជាង១ម៉ឺននាក់ តែសម្តេចមិនបានទាមទារឧត្តមភាពណាមួយផ្នែកកងទ័ពនោះឡើយ។
* សម្តេចនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា នៅថ្ងៃម្សិលមិញសូម្បីតែសម្តេចសរសេរអក្សរប៉ុន្មានឃ្លាអមជាមួយបទចម្រៀងមួយបទ ធ្វើឲ្យទឹកភ្នែកបានរមៀលធ្លាក់ចុះមកពេល កំពុងធ្វើដំណើរតាមរថយន្តពីទីស្តីការគណៈរដ្ឋមន្ត្រី។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សង្គ្រាមបង្កើតឡើងដោយមនុស្សជំនាន់មុន បានធ្វើឲ្យសម្តេចដែលជាយុវជនមានវ័យត្រឹមតែ ២៥ឆ្នាំកាលពី៤១ឆ្នាំមុននោះ ត្រូវចេញទៅតស៊ូរំដោះជាតិ ហើយបានប្រឹងប្រែងពន្លត់ភ្លើងសង្គ្រាម និងបង្រួបបង្រួមជាតិទាំងស្រុងកាលពី២០ឆ្នាំមុន។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ទន្ទឹមនឹងការជំរុញវិស័យឧស្សាហកម្ម តែវិស័យកសិកម្មនៅតែបន្តយកចិត្តទុកដាក់ ដើម្បីកុំឲ្យប្រជាពលរដ្ឋទុកដីធ្លីចោល និងធ្វើចំណាកស្រុក។ សម្តេចបានលើកឡើងថា កម្ពុជាមិនអាចរីកចម្រើនលូតលាស់បានទេ ប្រសិនបើមិនជំរុញវិស័យឧស្សាហកម្មឲ្យរីកចម្រើនទេនោះ ប៉ុន្តែវិស័យកសិកម្មក៏នៅតែជាវិស័យ អាទិភាពសម្រាប់ជាតិ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងរោងចក្រសហគ្រាសងាយនឹងបាត់បង់ប្រសិនបើមានស្ថានភាពមិនល្អ ដោយពួកគេនឹងរើរោងចក្រទៅប្រទេសដទៃ ដែលកំពុងមានប្រាក់ឈ្នួលទាបជាងកម្ពុជា។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅឆ្នាំ២០១៩ ប្រាក់ឈ្នួលអប្បរមានឹងខ្ពស់ជាង១៧០ដុល្លារ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ត្រូវធានារក្សាឲ្យបាននូវការងារ និងប្រាក់ចំណូលត្រូវរក្សាឲ្យបាននូវសុខសន្តិភាព ហើយដើម្បីរក្សាឲ្យបាននូវសុខសន្តិដូចពេលបច្ចុប្បន្ន ត្រូវបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។
* សម្តេចតេជោ ហ៊ុន សែន បានសូមការយោគយល់ និងអធ្យាស្រ័យចំពោះកម្មការិនី និងស្រ្តីជាពលរដ្ឋទូទៅ ដែលមិនបានទទួលប្រាក់ឧត្ថម្ភច្រើនដូចស្រ្តីក្រីក្រ ដែលទទួលបាន៧៦ម៉ឺនរៀល ចាប់តាំពីពេលមានផ្ទៃពោះ រហូតដល់កូនមានអាយុ២ឆ្នាំ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ត្រូវធានារក្សាឲ្យបាននូវការងារ និងប្រាក់ចំណូលត្រូវរក្សាឲ្យបាននូវសុខសន្តិភាព ហើយដើម្បីរក្សាឲ្យបាននូវសុខសន្តិដូចពេលបច្ចុប្បន្ន ត្រូវបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អ្នកប្រមាថទេវតាដែលជានិមិត្តសញ្ញាគណបក្សប្រជាជនកម្ពុជា តែងតែទទួលបរាជ័យ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងដល់ប្រជាពលរដ្ឋកុំភ្លេចទៅបោះឆ្នោត ហើយត្រូវគូសឲ្យចំលេខរៀងទី២០ នោះការអភិវឌ្ឍ និងភាពរីកចម្រើនរបស់ជាតិនឹងនៅតែបន្តកើតមាននៅកម្ពុជា។
* ជាថ្មីម្តងទៀតសម្តេចតេជោ ស្នើអាជ្ញាធរជួយបង្កបរិយាកាសងាយស្រួលដល់គណបក្សនយោបាយដទៃទៀត ធ្វើសកម្មភាពនយោបាយ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការសម្រួលដល់ការធ្វើសកម្មភាពនយោបាយនេះ ដើម្បីជ្រោងទង់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មានការប៉ុនប៉ងរារាំងមិនឲ្យមានការបោះឆ្នោតពីសំណាក់បក្សដែលត្រូវបានរំលាយ ពោលគឺគណបក្សសងគ្រោះជាតិ។ តែសម្តេចតេជោថា ការប៉ុនប៉ងនេះមិនអាចធ្វើទៅរួចនោះឡើយ ព្រោះប្រជាពលរដ្ឋខ្មែរបានយល់ច្បាស់ពីតម្លៃនៃការបោះឆ្នោត។ សម្តេចតេជោថា បក្សដែលងាប់ហើយមិនអាចឲ្យប្រជាពលរដ្ឋទៅដេកឱបខ្មោចបក្សនោះបានឡើយ។
* សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល បន្តអំពាវនាវដល់ថៅកែ និងកម្មករ ត្រូវរួមគ្នាធ្វើឲ្យបរិយាកាសការងារកាន់តែល្អប្រសើរ ព្រោះកម្មករ និងថៅកែ គឺជាតួអង្គត្រូវរួមសហការគ្នា ដោយមិនអាចខ្វះបានឡើយ។
* សម្តេចនាយករដ្ឋមន្ត្រី ថ្លែងថា ការបណ្តេញកម្មករ កម្មការិនីចេញពីការងារ និងការធ្វើបាតុកម្មដើម្បីតវ៉ាទាមទារលក្ខខណ្ឌការងារអ្វីមួយ មិនមែនជាជម្រើសនោះឡើយ។
* សម្តេចតេជោ បានជឿជាក់ថា តាមរយៈឪពុកម្តាយដែលបានអមដំណើរជាមួយសម្តេចជិត ៤០ឆ្នាំកន្លងមកនោះ កម្មករ កម្មការិនីនឹងនៅតែបន្តគាំទ្រសម្តេច និងគណបក្សប្រជាជនកម្ពុជា។ សម្តេចបានរំលឹកថា ហូបផ្លែឈើនឹកដល់អ្នកដាំ ផឹកទឹកនឹកដល់ប្រភព។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងប្រទេសកម្ពុជា និងមនុស្សជំនាន់មុនបានឈឺចាប់ឆ្អែតឆ្អន់ហើយចំពោះអតីតកាលរបស់កម្ពុជា ដូច្នេះត្រូវរួមគ្នាការពារ ឲ្យបានកុំឲ្យអតីតកាលនោះវិលមកជាថ្មី។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ដើម្បីរក្សាបានស្ថានភាពសុខសន្តិភាព ដូចពេលបច្ចុប្បន្នត្រូវបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងស្នើឲ្យប្រជាពលរដ្ឋកុំខឹងគោវាយរទេះ កុំខឹងមេភូមិស្អប់នាយករដ្ឋមន្ត្រី។ សម្តេចតេជោ ហ៊ុន សែន ថា ត្រឹមមួយគ្រួសារពិបាកគ្រប់គ្រង់ណាស់ទៅហើយ ចុះទម្រាំសម្តេចដឹកនាំមនុស្សរាប់លានប្រកដជាមានបញ្ហាចន្លោះប្រហោងហើយ។ តែត្រូវមានការថ្លឹងថ្លែង និងពិចារណាថា តើការដឹកនាំរបស់សម្តេចរវាងគុណសម្បត្តិ និងគុណវិបត្តិមួយណាធំជាង។
* សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវកុំឲ្យមានការភ្នាល់បាល់ក្នុងរដូវប្រកួតបាល់ទាត់ពិភពលោក។
* សម្តេចតេជោ ហ៊ុន សែន បញ្ចប់សុន្ទរកថាវេលាម៉ោង ៩៖៣៣នាទី៕