(កំពង់ចាម)៖ កម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានបើកប្រតិបត្តិការទ្រង់ទ្រាយធំ ដោយត្រួតពិនិត្យរកសារធាតុញៀន លើអ្នកបើករថយន្ដ ចំនួន៧៦គ្រឿង ស្នើនឹងចំនួនមនុស្សទាំងអ្នកបើកបរ និងព្រូរថយន្ដ ចំនួន១៦៧នាក់ នៅស្រុកកំពង់សៀម ជាលទ្ធផលរកឃើញ២០នាក់ មានសារធាតុញៀនជាប់ខ្លួន។
ស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍ទោ ឯម កុសល បានប្រាប់អង្គភាព Fresh News ឲ្យដឹងថា ប្រតិបត្តិការទ្រង់ទ្រាយធំពេញមួយ ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨នេះ បានធ្វើឡើងដោយមានការបញ្ជាផ្ទាល់ពី នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោក គួច ចំរើន អភិបាលខេត្តកំពង់ចាម។
បើតាមលោកឧត្តមសេនីយ៍ស្នងការ សម្រាប់ប្រតិបត្តិការនេះ លោកបានចាត់ឲ្យលោកឧត្តមសេនីយ៍ត្រី អ៊ិត ដារ៉ា ស្នងការរងទទួលផែនប្រឆាំងបទល្មើស បានដឹកនាំកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងការិយាល័យចរាចរណ៍ជើងគោក និងកម្លាំងជំនាញអធិការដ្ឋាននគរបាល ស្រុកកំពង់សៀម ចុះរដ្ឋបាលចំហរ ធ្វើតេស្តទឹកម៉ូតស្វែងរកសារធាតុញៀន លើអ្នកបើកបររថយន្ត៧៦គ្រឿង ធ្វើតេស្តសរុបបានចំនួន១៦៧នាក់ ក្នុងនោះអ្នកបើកបរចំនួន៧៦នាក់, ព្រូ៥៦នាក់ និងកម្មករ៣៥។
ជាលទ្ធផលធ្វេតេស្តវិជ្ជមានចំនួន២០នាក់ មានអ្នកបើកបរ០៩នាក់, ព្រូ០៤នាក់ និងកម្មករ០៧នាក់ និងរក្សាទុករថយន្ដជាបណ្តោះអាសន្ន ចំនួន១៣គ្រឿង។ បច្ចុប្បន្នកម្លាំងនគរបាលជំនាញ កំពុងកសាងសំណុំរឿងដើម្បីចាត់ការបន្ដតាមនីតិវិធី៕