(រុស្ស៊ី)៖ ការប្រកួត World Cup 2018 នៅរុស្ស៊ី នាយប់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨ មាន៣គូក្នុងនោះមាន៖ ជប៉ុន បំបាក់ក្រុមខ្លាំង កូឡុំប៊ី, សេណេហ្គាល់ ឈ្នះប៉ូឡូញ ជាប្រវត្តិសាស្រ្ត ខណៈម្ចាស់ផ្ទះរុស្ស៊ី បំបាក់អេហ្ស៊ីប។
ទី១៖ ក្រុមបាល់ទាត់សាម៉ូរៃជប៉ុន បានយកឈ្នះក្រុមខ្លាំងកូឡុំប៊ី ២-១ ដើម្បីទទួលបាន ៣ពិន្ទុឡើងទៅឈរលេខ១ បណ្តោះអាសន្ននៃពូល H ក្នុង World Cup 2018 នៅប្រទេសរុស្ស៊ី។ ការប្រកួតដែលបានធ្វើឡើងនៅកីឡដ្ឋាន Mordovia Arena ជប៉ុន បាននាំមុខ១គ្រាប់ដោយបាល់ប៉េណាល់ទី១១ម៉ែត្រ ត្រឹមចាប់លេងបាន៤នាទីប៉ុណ្ណោះ ទាត់ដោយកីឡាករ Shinji Kagawa នៅពីមុខអ្នកទស្សនាផ្ទាល់ប្រមាណ ៤២៨២៥នាក់។ យ៉ាងណាមិញ កូឡុំប៊ីបានតាមស្មើ ១-១ នៅនាទីទី៣៩ ដោយបាល់ហ្រ្វីឃីក មុនពេលកីឡាករជប៉ុន តែតគ្រាប់ជ័យជម្នះនៅនាទីទី៧៣។
តាមរយ:ជ័យជន្នះនេះដែរ បានធ្វើឲ្យក្រុមខ្លាំងនៅអាស៊ីសងសឹកកូឡុំប៊ីបានសម្រេចវិញ ក្រោយពួកគេបានចាញ់ស្ពឹកមុខកាលពី World Cup 2014 នៅប្រេស៊ីល ក្នុងវគ្គសន្សំពិន្ទុក្នុងពូលដូចគ្នា។
ទី២៖ ក្រុមបាល់ទាត់មកពីតំបន់អាហ្រ្វិក សេណេហ្គាល់ បានយកឈ្នះក្រុមនៅអឺរ៉ុប ប៉ូឡូញ ២-១ ពីការជួបគ្នាលើកទី១ជាប្រវត្តិសាស្រ្ត នៅ FIFA World Cup 2018 ដែលរុស្ស៊ីធ្វើម្ចាស់ផ្ទះ។ ក្នុងជំនួបដ៏ស្វិតស្វាញដែលបានធ្វើឡើងនៅកីឡដ្ឋាន Spartak Stadium មានអ្នកទស្សនាផ្ទាល់ប្រមាណ ៤៤១៩០នាក់ កីឡាករខ្សែការពារ ប៉ូឡូញធ្វេសប្រហែសធ្វើឲ្យបាល់ចូលទីខ្លួនឯងនៅនាទីទី៣៧ មុនពេលគ្រាប់ទី២ កើតឡើងនៅនាទីទី៦០។
ចំណែក១គ្រាប់របស់ប៉ូឡូញវិញ កើតឡើងនៅនាទីទី៨៦ តែយឺតពេលបាត់ទៅហើយ ដោយធ្លាក់ទៅឈរបាតតារាងបណ្តោះអាសន្ននៃពូល H ចុងក្រោយគេ។
ទី៣៖ ក្រុមបាល់ទាត់របស់ម្ចាស់ផ្ទះរុស្ស៊ី បានកក់កៅអីឡើងទៅវគ្គ១៦ក្រុមចុងក្រោយមុនគេ បន្ទាប់ពីបំបាក់អេហ្ស៊ីប ៣-១ នៅ World Cup 2018 ប្រចាំពូល A។ នេះជាជ័យជម្នះលើកទី២ របស់រុស្ស៊ី បន្ទាប់ពីបំបាក់អារ៉ាប៊ីសាអូឌីត ៥-០ កាលពីថ្ងៃបើកឆាក ក្នុងនាមជាក្រុមរកបាន ៦ពិន្ទុពេញ ដោយនៅសល់១ប្រកួតទៀតត្រូវជួប អ៊ុយរូហ្គាយនៅថ្ងៃទី២៨ ខែមិថុនា។
គ្រាប់ទី១ របស់រុស្ស៊ីកើតឡើងនៅនាទីទី៤៧ មុនគ្រាប់ទី២ ធ្វើបានសម្រេចនៅនាទី៥៩ និងគ្រាប់ទី៣ កើតឡើងនៅនាទីទី៦២ និង១គ្រាប់របស់ក្រុមមកពីទ្វីបអាហ្រ្វិក អេហ្ស៊ីប កើតឡើងនៅនាទីទី៧៣ ដោយបាល់ពិន័យ ១១ម៉ែត្រទាត់ដោយ Mohamed Salah នៅពីមុខអ្នកទស្សនាផ្ទាល់ប្រមាណ ៦៤៤៦៨នាក់នៅក្នុងកីឡដ្ឋាន Saint Petersburg Stadium៕