(ម៉ូស្គូ)៖ ក្រុមបាល់ទាត់របស់ម្ចាស់ផ្ទះរុស្ស៊ី បានកក់កៅអីឡើងទៅវគ្គ១៦ក្រុមចុងក្រោយមុនគេ បន្ទាប់ពីបំបាក់អេហ្ស៊ីប ៣-១ នៅ World Cup 2018 ប្រចាំពូល A។

នេះជាជ័យជម្នះលើកទី២ របស់រុស្ស៊ី បន្ទាប់ពីបំបាក់អារ៉ាប៊ីសាអូឌីត ៥-០ កាលពីថ្ងៃបើកឆាក ក្នុងនាមជាក្រុមរកបាន ៦ពិន្ទុពេញ ដោយនៅសល់១ប្រកួតទៀតត្រូវជួបអ៊ុយរូហ្គាយនៅថ្ងៃទី២៨ ខែមិថុនា។

គ្រាប់ទី១ របស់រុស្ស៊ីកើតឡើងនៅនាទីទី៤៧ មុនគ្រាប់ទី២ ធ្វើបានសម្រេចនៅនាទី៥៩ និងគ្រាប់ទី៣ កើតឡើងនៅនាទីទី៦២ និង១គ្រាប់របស់ក្រុមមកពីទ្វីបអាហ្រ្វិក អេហ្ស៊ីប កើតឡើងនៅនាទីទី៧៣ ដោយបាល់ពិន័យ ១១ម៉ែត្រទាត់ដោយ Mohamed Salah នៅពីមុខអ្នកទស្សនាផ្ទាល់ប្រមាណ ៦៤៤៦៨នាក់នៅក្នុងកីឡដ្ឋាន Saint Petersburg Stadium៕