(ភ្នំពេញ)៖ អគ្គិសនីកម្ពុជា បានឲ្យដឹងថា នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង ១០៖១៧នាទីព្រឹក មានករណីដាច់ចរន្តអគ្គិសនីលើខ្សែបណ្តាញបញ្ជូនតង់ស្យុងខ្ពស់ ២៣០គីឡូវ៉ុល មូលហេតុបណ្តាលមកពីមានប្រជាពលរដ្ឋបង្ហោះខ្លែងទាក់ជាប់នឹងខ្សែបណ្តាញ (Line277),ត្រង់បង្គោលលេខ៨៦ ចន្លោះពីអនុស្ថានីយអូរសោម មកអនុស្ថានីយពោធិ៍សាត់ ធ្វើឲ្យមានការរំយោលតង់ស្យុងឡើងចុះនៅក្នុងប្រព័ន្ធអគ្គិសនី ដែលធ្វើឲ្យដាច់ចរន្តនៅអនុស្ថានីយទី១ (GS1) និងអនុស្ថានីយទី៥ (GS5) ភាគខាងជើងនៃរាជធានីភ្នំពេញ និងផ្នែកខ្លះទៀតនៃខេត្តមួយចំនួនដូចជា ខេត្តកំពង់ស្ពឺ ខេត្តព្រៃវែង ខេត្តស្វាយរៀង ខេត្តកំពង់ឆ្នាំង ខេត្តបាត់ដំបង ខេត្តសៀមរាប ខេត្តក្រចេះ និងខេត្តស្ទឹងត្រែង។
ក្រុមការងារបច្ចេកទេស បានធ្វើការស្តារប្រព័ន្ធឲ្យមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញទាំងស្រុងនៅវេលាម៉ោង ១១៖២០នាទីព្រឹក។ ការដាច់ចរន្តនេះបានធ្វើឲ្យបាត់បង់អានុភាពសរុបចំនួន ៤០២.២២មេហ្គាវ៉ាត់។
សូមបញ្ជាក់ថា ខ្សែបញ្ជូនអគ្គិសនីមួយនេះមានសារៈសំខាន់ណាស់ដែលបានបញ្ជូនថាមពលអគ្គិសនីជាង ៧០០មេហ្គាវ៉ាត់ ពីវារីអគ្គិសនីប៉ែកខាងលិចនៃខេត្តកោះកុង។
អគ្គិសនីកម្ពុជាសូមអំពាវនាវដល់ប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នខ្ពស់នៅពេលបំពេញការងារនៅជិតគន្លងខ្សែបណ្ដាញតង់ស្យុងខ្ពស់ (HV) ព្រោះអាចបណ្ដាលឲ្យមានការរអាក់រអួល ក្នុងការផ្គត់ផ្គង់ចរន្តអគ្គិសនី និង គ្រោះថ្នាក់ដល់អាយុជីវិតជាយថាហេតុ៕