(ភ្នំពេញ)៖ សិស្សានុសិស្សលោកគ្រូអ្នកគ្រូមកពីស្រុកព្រៃឈរ និងស្រុកកំពុងសៀមខេត្តកំពង់ចាមចំនួន៧០០នាក់ បានធ្វើទស្សនកិច្ចសិក្សានៅសាលាក្តីខ្មែរក្រហមនៅថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ ២០១៨ នេះ។ លោក នេត្រ ភក្ត្រា ប្រធានផ្នែកកិច្ចការសាធារណៈ និងជាមន្ត្រីនាំពាក្យនៃសាលាក្តីខ្មែរក្រហម បានថ្លែងថា ការងារផ្សព្វផ្សាយអំពីដំណើរការសាលាក្តីខ្មែរក្រហមដើម្បីឱ្យប្អូនៗសិស្សានុសិស្សបានយល់ដឹងអំពីដំណើរការជំនុំជម្រះក្តីលើអតីតមេដឹកនាំខ្មែរក្រហមដែលត្រូវបានចោទប្រកាន់ចំពោះឧក្រិដ្ឋកម្មដែលបានប្រព្រឹត្តឡើងចន្លោះពីថ្ងៃទី១៧ ខែមេសា ឆ្នាំ ១៩៧៥ ដល់ថ្អៃទី៦ ខែមករា ឆ្នាំ ១៩៧៩។ ក្រៅពីការស្វែងរកយុត្តិធម៌ជូនដល់ជនរងគ្រោះនៃរបប ខ្មែរក្រហម សាលាក្តីចម្រុះនេះក៏បានចូលរួមក្នុងការពង្រឹងការចងចាំអំពីប្រវត្តិសាស្ត្រ និងការផ្សះផ្សាជាតិ និងដឹងការពិតអំពីរបបខ្មែរក្រហមផងដែរ។ លោក នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ការចងចាំពិតពីរឿងរ៉ាវអតីតកាលពិតជាមានសារៈសំខាន់ក្នុងការទប់ស្កាត់ការវិលត្រឡប់មកវិញនូវឧក្រិដ្ឋកម្មឃោរឃៅដូចរបបខ្មែរក្រហម។
លោក នេត្រ ភក្ត្រា បានថ្លែងថាសាលាក្តីខ្មែរក្រហមមានតួនានទីក្នុងការស្វែងរកការពិត និងយុត្តិធម៌ជូនដល់ប្រជាជនកម្ពុជាដែលរងគ្រោះក្នុងរបបខ្មែរក្រហម ប៉ុន្តែសាលាក្តីខ្មែរក្រហមក៏ជាផ្នែកមួយនៃកន្លែងសិក្សាអប់រំអំពីប្រវត្តិសាស្ត្រនៃរបបកម្ពុជាប្រជាធិបតេយ្យដែរព្រោះថា តាមរយៈសវនាការសាធារណៈលើសំណុំរឿងនៅចំពោះមុខតុលាការ សាធារណជនអាចទទួលបានព័ត៌មានលម្អិតអំពីរបបកម្ពុជាប្រជាធិបតេយ្យ ឯកសារដែលផ្នែកកិច្ចការសាធារណៈបានបង្ហោះនៅលើគេហទំព័ររបស់ខ្លួន គឺជាឯកសារខ្លះទាក់ទងនឹងទិដ្ឋភាពច្បាប់ ខ្លះទៀតទាក់ទងនឹងសំណុំឯកសារភស្តុតាង ឬអង្គហេតុផ្សេងៗ។ លោក នេត្រ ភក្ត្រា បន្តថា ពេលដែលសាធារណជនមកចូលរួមស្តាប់សវនាការ និងធ្វើទស្សនកិច្ចសិក្សា ពួកគាត់ស្តាប់ការធ្វើបទបង្ហាញពីភាគីផ្សេងៗនៅក្នុងតុលាការ ដែលនេះគឺបានពង្រឹងចំណេះដឹងរបស់គាត់មួយកម្រិត បន្ថែមពីលើចំណេះដឹងដែលពួកគាត់បានសិក្សានៅសាលា ឬទទួលបានការធ្វើបទបង្ហាញនៅតាមសាលាដែលមន្ត្រីផ្នែកកិច្ចការ សាធារណៈចុះទៅដោយផ្ទាល់។
យោងតាមការរកសិក្សានានាពេលថ្មីៗនេះរបស់មជ្ឈមណ្ឌលហាន់ដាសម្រាប់សិទ្ធិមនុស្សនិងយុត្តិធម៌អន្តរជាតិរបស់សហរដ្ឋអាមេរិក រកឃើញថា សាលាក្តីខ្មែរ ក្រហមមានសក្តានុពលក្នុងការរួមចំណែកយ៉ាងសន្ធឹកសន្ធាប់គួរឱ្យកត់សម្គាល់ដល់វិស័យអប់រំក្នុងព្រះរាជាណាចក្រកម្ពុជា ហើយសក្តានុពលនេះមិនទាន់ត្រូវបានយកមកប្រើប្រាស់ពេញលេញនៅឡើយនោះទេ។ អ្នកចូលរួមផ្តល់បទសម្ភាសភាគច្រើនជានិស្សិត បានកំណត់សក្តានុពលសម្រាប់សាលាក្តីក្នុងការអប់រំដល់ជំនាន់របស់ពួកគេអំពីអតីត កាលជាពិសេសប្រវត្តិសាស្ត្រនៃរបបកម្ពុជាប្រជាធិបតេយ្យដោយបានចាត់ទុកថាជាកេរដំណែលដ៏មានសក្តានុពលធំធេងបំផុតរបស់សាលាក្តី ហើយបានផ្តល់ចំណាត់ថ្នាក់នេះខ្ពស់ជាងកេរដំណែលដទៃទៀតដូចជាកេរដំណែកតុលាការ កេរដំណែលផ្លូវចិត្ត និងកេរ ដំណែលក្នុងការកសាងសមត្ថភាពជាដើម។
របាយការណ៍ដដែលបានធ្វើសេចក្តីសន្និដ្ឋានថា អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាដែលបានបង្កើតឡើងជាយន្តការតុលាការដើម្បីជំនុំជម្រះក្តីលើជនជាប់ចោទនៃបទឧក្រិដ្ឋកម្មដែលបានកើតឡើងជាច្រើនទសវត្សរ៍មកហើយ។ ទោះបីយ៉ាងនេះក្តី អស់ពេលជិត ១១ ឆ្នាំមកនេះ កេរតំណែលរបស់សាលាក្តីខ្មែរក្រហមបាននិងកំពុងរីកចម្រើនយ៉ាងល្អហួសពីគោលដៅដ៏តូចចង្អៀតនេះ។ អ្នកផ្តល់បទសម្ភាសម្នាក់បានលើកឡើងថា ៖«តាមគំនិតខ្ញុំ អ.វ.ត.ក បាននិងកំពុងមានផលប៉ះពាល់ទៅលើវិស័យអប់រំកាន់តែច្រើនឡើងៗ បើប្រៀបធៀបនឹងតុលាការព្រហ្មទណ្ឌអន្តរជាតិផ្សេងទៀត។ គម្រោងដ៏ច្រើននៃគំនិតផ្តួចផ្តើមដែលមានដើម្បីលើកកម្ពស់ការយល់ដឹងអំពីអតីតកាលនៅក្នុងព្រះរាជាណាចក្រកម្ពុជា កំពុងកើនឡើងទាំងបរិមាណ និងគុណភាពនៅប៉ុន្មានឆ្នាំមកនេះ ស្របតាមអត្ថិភាពរបស់សាលាក្តីខ្មែរក្រហម»។ ក្រុមនិស្សិតដែលបានផ្តល់បទសម្ភាសក្នុងរបាយការណ៍នេះបានកំណត់ពីអត្ថប្រយោជន៍នៃការអប់រំ របស់ អ.វ.ត.ក ជាកេរដំណែលដ៏មានសារៈសំខាន់បំផុតរបស់ សាលាក្តីនេះ។ និស្សិតដែល ធ្លាប់បានទៅទស្សនាសាលាក្តី បានបង្ហាញពីការយល់ឃើញ របស់ខ្លួនថា ពួកគេបានរៀនសូត្រច្រើននៅទីនោះជាងកាលដែលពួកគេអានសៀវភៅ។
ប្រធានផ្នែកកិច្ចការសាធារណៈរបស់សាលាក្តីខ្មែរក្រហម លោក នេត្រ ភក្ត្រា បានមានប្រសាសន៍ថា ការសិក្សានេះពិតជាបានធ្លុះបញ្ចាំងពីការពិត ហើយកាលដែលយុវជនបានវាយតម្លៃថាសាលាក្តីខ្មែរក្រហម បានចូលរួមចំណែកក្នុង វិស័យអប់រំជាពិសេសការអប់រំផ្នែកប្រវត្តិសាស្ត្រគឺដោយសារតែកិច្ចខិតខំ ប្រឹងប្រែងរបស់តុលាការលើការងារផ្សព្វផ្សាយទាំងជាមួយសាធារណជនដោយផ្ទាល់ ក៏ដូចជាជាមួយប្រព័ន្ធផ្សព្វផ្សាយព៍ត៌មានជាតិ និងអន្តរជាតិនានា។ ការផ្សព្វផ្សាយដែលធ្វើឱ្យសាធារណជនទទួលបានព័ត៌មានយ៉ាងទូលំទូលាយ និងមានព័ត៌មានលម្អិតពីដំណើរការ របស់សាលាក្តី។
បើតាមលោក នេត្រ ភក្ត្រា ចាប់តាំងពីដំណើរ នៅឆ្នាំ ២០០៦ រហូតមកទល់នឹងដើមឆ្នាំ ២០១៨ នេះ សាលាក្តីខ្មែរក្រហមបានចុះផ្សព្វ ផ្សាយនៅតាមភូមិឃុំនៅទូទាំងប្រទេសកម្ពុជា និងបានស្វាគមន៍បងប្អូនប្រជាពលរដ្ឋមក ពីខេត្តនានាមកទស្សនាសាលាក្តី ក៏ដូចជាចួលរួមស្តាប់សវនាការលើសំណុំរឿងផ្សេងៗដោយផ្ទាល់។ សរុប សាធារណជនប្រមាណជិត ៦ សែននាក់ហើយ ដែលតុលាការបានផ្សព្វផ្សាយក្នុង នោះពាក់កណ្តាលគឺជាយុវជនដែលកើតក្រោយរបបខ្មែរក្រហម។ លោក នេត្រ ភក្ត្រា បានគូសបញ្ជាក់ថាយុវជនមានតួនាទីក្នុងការរក្សានូវការចងចាំដែលចាំបាច់ត្រូវតែសិក្សា ស្វែងយល់អំពីប្រវត្តិសាស្ត្ររបស់ប្រទេសខ្លួន ព្រោះប្រវត្តិសាស្ត្រគឺជាផ្នែកមួយនៃអត្តសញ្ញាណជាតិ៕